ទីក្រុងវ៉ាសុីនតោន៖ ក្រោយទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោត នៅរដ្ឋសភា ក្រុមអ្នកវិភាគកំពុងតែខិតខំស្វែងយល់ពីទស្សនៈនយោបាយរបស់គណបក្ស ប្រជាធិបតេយ្យ មានទស្សនៈបែបណាដែរចំពោះសង្គ្រាមពាណិជ្ជកម្ម របស់លោកត្រាំ ។
ប្រធានាធិបតីដូណាលត្រាំ អាចនឹងទទួលបាន ការគាំទ្រ ពីគណបក្សប្រជាធិបតេយ្យ នៅក្នុងសង្គ្រាមពាណិជ្ជកម្ម ។ទាំងនោះអាស្រ័យទៅលើប្រធានាធិបតីដូណាលត្រាំ ថាតើលោកបានត្រៀមចិត្តពិភាគ្សាជាមួយ លោកស្រី Nancy Pelosi នឹងក្លាយជា ប្រធានរដ្ឋសភា នៅពេលខាងមុខ មកពីគណបក្សប្រជាធិបតេយ្យ ។
នៅពេលដែលលោកត្រាំឃោសនាបោះឆ្នោត ប្រធានាធិបតី លោកបានបង្ហាញពីគោលជំហរ រឹងមាំជាមួយចិន ដែលជានយោបាយ គណបក្សប្រជាធិបតេយ្យ បានអនុវត្ត នៅពេលកាន់អំណាចផងដែរ ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ៖ គណបក្សប្រជាធិបតេយ្យ អាច នឹងគាំទ្រគោលនយោបាយមួយចំនួន ប៉ុន្តែមិនទាំងស្រុងនោះឡើយ។
លោក Edward Alden សមាជិកជាន់ខ្ពស់ របស់គណកម្មការទំនាក់ទំនងការបរទេស បានបញ្ជាក់ថា «លោកត្រាំជាអ្នកពង្រឹង ការទប់ស្កាត់ឥទ្ធិលពលរបស់ចិន ហើយគណបក្សប្រជាធិបតេយ្យ ជាអ្នកគាំទ្រយ៉ាងសកម្មនៅបញ្ហាទំាងនោះ ។ គណបក្សប្រជាធិបតេយ្យ នឹងគាំទ្រភាគច្រើន នយោបាយជាមួយចិន ស្របទៅនឹង ដំណើរឆ្ពោះមកកាន់ទ្វីបអាស៊ីឡោមព័ទ្ធចិន របស់អតីតប្រធានាធិបតីអូបាម៉ា ។ ទាំងនោះហើយគណបក្ស ប្រជាធិបតេយ្យ អាចនឹងគាំទ្រ ។
បើទោះបីបែបណាក្តី លទ្ធផលនៃការបោះឆ្នោត ពាក់កណ្តាលអាណាត្តិបានបង្ហាញយ៉ាងច្បាស់ថា អ្នកនយោបាយអាមេរិក កាន់តែប្រេះឆា ។ លទ្ធផល បោះឆ្នោត ពាក់កណ្តាល អាណត្តិ នាថ្ងៃ អង្គារ ទី៦ វិច្ឆិកា បានធ្វើឲ្យ គណបក្សប្រជាធិបតេយ្យ ទទួល បានសម្លេង ភាគច្រើន នៅ ក្នុង សភា ចំណែក គណបក្សសាធារណរដ្ឋ របស់ លោក ប្រធានាធិបតី ដូណាល់ ត្រាំ បន្ត រក្សា សម្លេង ភាគច្រើន នៅ ក្នុង ព្រឹទ្ធសភា ដដែល។ លោក ដូណាល់ ត្រាំ បាន បញ្ចេញ ប្រតិកម្ម ភ្លាមៗ ដោយ បាន ចាត់ ទុក ជា ជោគជ័យ ដ៏ ធំធេង តែ មិន បាន លើក ឡើង ពី ការ បាត់បង់ សម្លេង ភាគច្រើន របស់ គណបក្ស សាធារណរដ្ឋ នៅ ក្នុង សភា ទេ។
យ៉ាង ណា ក៏ ដោយ លទ្ធផល នៃ ការ បោះឆ្នោត ពាក់កណ្តាល អាណត្តិ នៅ អាមេរិក ពេល នេះ ត្រូវ បាន គេ មើល ឃើញ ថា នឹង ធ្វើ ឲ្យ សង្គម អាមេរិក ដែល កំពុង ប្រេះឆា ស្រាប់ នឹង រឹត តែ បែកបាក់ ថែម ទៀត។
ជោគជ័យ របស់ គណបក្ស ប្រជាធិបតេយ្យ នៅ សភា ពេល នេះ ជា រឿង គ្រប់ គ្នា បាន ទន្ទឹង រង់ចាំទាំង រូប លោក ដូណាល់ ត្រាំ ផង។ ការ ហ៊ាន អះអាង យ៉ាង ដូច នេះ ដោយ គេ សំអាង លើ ហេតុផល ចំនួន ពីរ ទី១ គឺ លទ្ធផល នៃ ការ ស្ទង់ មតិ ជា បន្តបន្ទាប់ កន្លង មក ដែល បាន បញ្ជាក់ ពី ការ ដណ្តើម កាន់កាប់ រដ្ឋសភា របស់ គណបក្ស ប្រជាធិបតេយ្យ និង ការ ដែល គណបក្ស សាធារណរដ្ឋ របស់ លោក ដូណាល់ ត្រាំ បន្ត រក្សា សម្លេង ភាគ ច្រើន នៅ ក្នុង ព្រឹទ្ធសភា។ ហេតុផល ទី២ គឺ ជា ទំនៀមទម្លាប់ ប្រពៃណី នៃ ការ បោះឆ្នោត របស់ អាមេរិក។ គេបានសង្កេត ឃើញ ជា រួម ថា នៅ ពេល បោះឆ្នោត ប្រធានាធិបតី អាមេរិក ដំបូង មិន ថា រូប ប្រធានាធិបតី ជាប់ឆ្នោត មក ពី គណបក្ស ប្រជាធិបតេយ្យ ឬ គណបក្ស សាធារណរដ្ឋ ទេ គឺ គណបក្ស របស់ ប្រធានាធិបតី ជាប់ ឆ្នោត តែង ទទួល បាន សម្លេង ភាគច្រើន នៅ ក្នុង រដ្ឋសភា។
តែ នៅ ពេល បោះឆ្នោត ពាក់កណ្តាល អាណត្តិ ពោល ក្រោយ ពី ការ កាន់អំណាច រយៈពេល ២ឆ្នាំ របស់ ប្រធានាធិបតី គណបក្ស របស់ ប្រធានាធិបតី តែង បាត់បង់ សម្លេង ភាគច្រើន នៅ ក្នុង រដ្ឋសភា។ ជាក់ស្តែង នៅ ក្នុង ការ បោះឆ្នោត ពាក់កណ្តាលអាណត្តិ នៃ អាណត្តិ ទី២ របស់ លោក អូបាម៉ា គណបក្ស ប្រជាធិបតេយ្យ របស់ លោក អូបាម៉ា ទទួល បាន ១៨៨អសនៈ ហើយ គណបក្ស សាធារណរដ្ឋ ទទួល បាន ដល់ ទៅ ២៤៧អសនៈ ក្នុង ចំនួន អសនៈ ទាំង ៤៣៥ នៅ ក្នុង រដ្ឋសភា។ ក្នុង ឆ្នាំ ២០១៦ ដែល ជា ឆ្នាំ នៃ ការ បោះឆ្នោត ប្រធានាធិបតី និង ដែល លោក ដូណាល់ ត្រាំ មក ពី គណបក្ស សាធារណរដ្ឋ បាន ជាប់ ឆ្នោត គណបក្ស សាធារណរដ្ឋ ទទួល បាន ២៣៦អសនៈ ហើយ គណបក្ស ប្រជាធិបតេយ្យ ទទួល បាន តែ ១៩៣អសនៈ។
នៅ ក្នុង ការ បោះឆ្នោត ពាក់កណ្តាល អាណត្តិ នៃ អាណត្តិទី១ របស់ លោក ត្រាំ ពេល នេះ គណបក្សប្រជាធិបតេយ្យ បាន ក្រសោក យក សម្លេង ភាគច្រើន នៅ ក្នុង រដ្ឋសភា វិញ។ លទ្ធផល មួយ ភាគ ធំ បាន ឲ្យ ដឹង ថា គណបក្ស ប្រជាធិបតេយ្យ ទទួល បាន សម្លេង ភាគ ច្រើន ដោយ យក បាន អសនៈ យ៉ាង តិច ចំនួន ២១៨ ក្នុង ចំនួន អសនៈ សរុប ៤៣៥ នៅ រដ្ឋសភា។ គួរ បញ្ជាក់ ថា ការ បោះឆ្នោត ពាក់កណ្តាល អាណត្តិ ជា ការ បោះឆ្នោត ជ្រើសរើស តំណាងរាស្រ្ត ថ្មី ទាំង ៤៣៥រូប នៅ ក្នុង រដ្ឋសភា និង ជា ការ ជ្រើសរើស សមាជិកព្រឹទ្ធសភា ថ្មី ចំនួន ១ភាគ៣ នៃ ចំនួន សមាជិក ព្រឹទ្ធសភា សរុប ១០០នាក់។
មុខមាត់ អ្នកតំណាងរាស្រ្ត ថ្មី នៅ ក្នុង រដ្ឋសភា ថ្មី
ការ ដណ្តើម កាន់កាប់ បាន រដ្ឋសភា ពី គណបក្ស ប្រជាធិបតេយ្យ ពេល នេះ ជា ជ័យជម្នះ មួយ ដែល បាន អនុញ្ញាត ឲ្យ មាន ការ ដាក់ បញ្ចូល សមាជិក សភា វ័យក្មេង មាន ស្រ្តី ច្រើន និង ភាព សម្បូរបែប នៃ ពលរដ្ឋ អាមេរិក។ ជាក់ស្តែង នៅ ក្នុង រដ្ឋ Michigan និង រដ្ឋ Minnesota សមាជិក សភា ជាប់ឆ្នោត ថ្មី មក ពី គណបក្សប្រជាធិបតេយ្យ ជា ស្ត្រី វ័យ ៣០ឆ្នាំ ប្លាយ និង ជា អ្នក កាន់សាសនា អ៊ីស្លាម។ ម្នាក់ ជា មេធាវី ឈ្មោះ Rashida Tlaib ដែល មាន ឱពុកម្តាយ ជា ជនភៀសខ្លួន ប៉ាឡេស្ទីន និង ម្នាក់ ទៀត ជា សកម្មជន ឈ្មោះ Ilhan Omar ដែល បាន ចាប់ កំណើត ក្នុង ទឹកដី នៃ ប្រទេស សូម៉ាលី។ តែ ស្រ្តី វ័យ ក្មេង ជាង គេ ដែល បាន ជាប់ឆ្នោត ជា តំណាងរាស្រ្ត អាមេរិក មក ពី បក្សប្រជាធិបតេយ្យ ពេល នេះ មាន ឈ្មោះ Alexandria Ocasio-Cortez ដែល ទើប មាន អាយុ ២៩ឆ្នាំ និង ជា កូន អ្នក ធ្វើ ការ ផ្នែក បោស សំអាត។
ក្រៅ ពី នោះ និង ជា លើកទី១ រដ្ឋសភា ថ្មី ពេល នេះ ក៏ មាន វត្តមាន ស្រ្តីអ្នកស្រឡាញ់ភេទ ដូច គ្នា ឈ្មោះ Sharice Davids។ ទន្ទឹម គ្នា នេះ និង ជា លើកទី១ អ្នក ស្រឡាញ់ភេទ ដូច គ្នា លោក Jared Polis មក ពី គណបក្សប្រជាធិបតេយ្យ បាន ក្លាយ ជា អភិបាល រដ្ឋ Colorado ៕
ដោយ៖ មែវ សាធី