នៅរសៀលថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០១៨នេះ គឺមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការតាមបណ្តាក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញទៅដាក់កំរងផ្កាគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជន យុទ្ធនារី និងវីរបុរសអ្នកស្នេហាជាតិដែលបានពលីជីវិតដ៏ថ្លៃថ្លាបំផុតក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន នៅវិមានឯករាជ ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី ៦៥(៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០១៨)។
ជាផ្លូវការគឺ ទិវាបុណ្យឯករាជ្យជាតិ នឹងត្រូវប្រារព្វឡើងនៅថ្ងៃស្អែកទី ៩ វិច្ឆិកា នៅក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី សម្តេចប្រធានរដ្ឋសភា សម្តេចប្រធានរដ្ឋសភា និង សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងយុវជនយុវតីសិស្សានុសិស្សផងដែរ។
ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា គឺរំលឹកពលរដ្ឋកម្ពុជា ជាពិសេសយុវជនយុវតីជំនាន់ក្រោយអោយបានយល់ដឹងអំពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ចដើម្បីទាមទាឯករាជ្យជាតិឲ្យរួចចាកផុតពីនឹមអាណានិគមនិយមបារាំងជោគជ័យបានទាំងស្រុង នៅថ្ងទី៩វិច្ឆិកា ឆ្នាំ១៩៥៣៕
ដោយ៖ សិលា