ខេត្តកំពង់ចាម៖ សោកនាដកម្មដ៏សែនរន្ធត់ យ៉ាងតិចមានជនរងគ្រោះ៤នាក់បានស្លាប់នៅក្នុងថ្លុកឈាម និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជនសង្ស័យជាកូនប្រសារ បានយកកាំបិតចាក់សម្លាប់ឪពុកក្មេក ម្តាយក្មេក ប្រពន្ធ និងកូនរបស់ខ្លួន ដោយមិនញញើតដៃ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៩នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឲ្យដឹងជាបឋមថា ជនសង្ស័យមានឈ្មោះ អេង ធី អាយុ៤៧ឆ្នាំត្រូវជាកូនប្រសារនៅភូមិ ឃុំ កើតហេតុខាងលើ បានយកកាំបិតចាក់ទៅលើឪពុកក្មេក ម្តាយក្មេក ប្រពន្ធ និងកូនបណ្តាលឲ្យស្លាប់ភ្លាមៗ៤នាក់ និងរបួសធ្ងន់ម្នាក់ ។ ក្រោយពីធ្វើសកម្មភាពនេះរួច ជនសង្ស័យបានគេចខ្លួនពីកន្លែងកើតហេតុដោយសុវត្ថិភាពទាំងអាការស្រវឹងផងដែរ ។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះទី១ ចាន់ធី សុភានី ភេទស្រី អាយុ៤៥ឆ្នាំ ជាប្រពន្ធ (ស្លាប់) ទី២ ម៉ៅ យៀង ភេទស្រី អាយុ៦៤ឆ្នាំ ជាម្តាយក្មេក (ស្លាប់) ៣ ធី សៀងហ៊ី ភេទស្រី អាយុ៦ឆ្នាំ ជាកូន(ស្លាប់) ៤ ធី សីហា ភេទស្រី ជាកូន ស្លាប់ និង៥ ស្វាយ សាខន អាយុ៦៩ឆ្នាំ ជាឪពុកក្មេក រងរបួសធ្ងន់ ។
មកទល់នឹងពេលនេះ ពុំទាន់មានប្រភពជាក់ជាក់ណាមួយថា អំពើឃាតកម្មនេះ កើតឡើងដោយមូលហេតុអ្វីនៅក្នុងគ្រួសារនេះពិតប្រាកដនៅឡើយទេ ៕
ដោយ៖ សុខ ខេមរា