ភ្នំពេញ៖ ថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១៩ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី “ប្រកួតប្រជែងនិយាយភាសាអង់គ្លេស (English Speaking Contest Program)” វគ្គផ្តាច់ព្រ័ត្រលើកទី១១ សម្រាប់សិស្សភាសាអង់គ្លេស Level3 Level6 Level9 និងLevel12 នៅសាលា ប៊ែលធី អន្តរជាតិទី៩(សាខាស្ទឹងមានជ័យ) ដែលមានបេក្ខជន វគ្គផ្តាច់ព្រ័ត្រ ចំនួន ២៥នាក់ មកពី ១៣សាខា ក្រោមអធិបតីភាពលោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងដ៏ខ្ពង់ខ្ពស់លោក បណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជា អគ្គនាយក ប៊ែលធី គ្រុប។
តាមរបាយការណ៍ លោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេស (ESL)បានឱ្យដឹងថា៖ បច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិ មាន ២១សាខា ក្នុងនោះ ១៩សាខា កំពុងដំណើរការ និង០២សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ៤១,៨០៤នាក់។ គោលបំណងនៃការប្រកួតនិយាយភាសាអង់គ្លេសគឺធ្វើឲ្យសិស្សានុសិស្សមានភាពក្លាហានហ៊ានបញ្ចេញសមត្ថភាព មានថ្វីមាត់ក្នុងការនិយាយភាសាអង់គ្លេស និងអាចចូលរួមប្រកួតប្រជែងសំណេរជាលក្ខណៈអន្តរជាតិ។ កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ (ESL Program) ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសុទ្ធតែមុខវិជ្ជាទំនើបៗ ហើយសៀវភៅសិក្សាត្រូវបានសហការគាំទ្រដោយក្រុមហ៊ុន McGraw-HILLEducation នៅសហរដ្ឋអាមេរិក។ ក្នុងនោះដែរ សាលាក៏បានបន្ថែមកម្មវិធីសិក្សាដូចជាៈ ចម្រៀង រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ ដល់សិស្សគ្រប់កម្រិតចាប់ពី Preschool 1 ដល់ Level 12 ដើម្បីធ្វើឲ្យសិស្សមានគំនិតថ្មីៗ មានភាពក្លាហាន ហ៊ានបញ្ចេញយោបល់ ចេះវែកញែក ។ នៅពេលបញ្ចប់ Level 12 សិស្សមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ជាពិសេស ទទួលបានពិន្ទុតេស្តអន្តរជាតិ អាយអែល (IELTS) យ៉ាងតិច 5.5 ឡើងទៅ ដែលអាចដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសបានយ៉ាងងាយ។
ក្នុងឱកាសនោះផងដែរ លោក លី ប៊ុនឆៃ បានថ្លែងនូវការកោតសរសើរចំពោះប្អូនៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានជយលាភីនាពេលនេះ។ លោក លី ប៊ុនឆៃ ក៏បានបន្ថែមទៀតថាសិស្សដែលសិក្សាភាសាអង់គ្លេសទាំងអស់ នៅពេលបញ្ចប់កម្រិតទី១២ (Level 12) សាលានឹងរៀបចំឲ្យប្រឡងតេស្តអន្តរជាតិ អាយអែល (IELTS) ហើយសិស្សដែលទទួលបានពិន្ទុ ចាប់ពី 6.5ឡើងទៅ នឹងទទួលបានអាហារូបករណ៍ ១០០% សិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រយៈពេល ៤ឆ្នាំ ចំណែកឯសិស្ស ដែលទទួលបានពិន្ទុ ចាប់ពី 7.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេសផងដែរ។ ដោយឡែក សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏មានកម្មវិធីសិក្សាជាភាសាជាតិ និង អន្តរជាតិ ដែលកម្មវិធីសិក្សា អន្តរជាតិ គឺបង្រៀនផ្តោតទៅលើភាសាអង់គ្លេស ១០០% ជាកម្រិតអន្តរជាតិ ដើម្បីធ្វើឲ្យសិស្សមានទំនាក់ទំនងគ្នា ពីសាលា រហូតដល់ សាកលវិទ្យាល័យ នៅថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ សាកលវិទ្យាល័យ ក៏បានបើកកម្មវិធីសិក្សាជា ភាសាជាតិ ដោយបង្រៀនជា ពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស ដើម្បីធ្វើយ៉ាងណាឲ្យនិស្សិតប៊ែលធី ទទួលបាននូវចំណេះដឹង និងជំនាញច្បាស់លាស់ ព្រមទាំងផ្តល់ភាពងាយស្រួលជូនដល់និស្សិតក្នុងការទំនាក់ទំនងរវាងជាតិ និងអន្តរជាតិ ដែលជាឱកាសក្នុងការប្រកបរបរអាជីវកម្មផ្ទាល់ខ្លួនដោយជោគជ័យ និងក្លាយជាសហគ្រិនភាពដ៏ល្បីក្នុងពេលអនាគត។
ជាទីបញ្ចប់ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយ សំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភី កម្រិតទី៣ ទី៦ ទី៩ និងទី១២ ចំនួន ១២នាក់ផងដែរ។
សូមបញ្ជាក់ថា សាលា ប៊ែលធី អន្តរជាតិ ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ នៅគ្រប់ទីតាំងប៊ែលធី ទាំង ១៩សាខា ថ្នាក់ចំណេះទូទៅ ឆមាសទី២ ចូលរៀនថ្ងៃទី ១៨ មីនា ២០១៩ និង ថ្នាក់ភាសាអង់គ្លេស វគ្គថ្មីចូលរៀនថ្ងៃទី ០៤ មីនា ២០១៩ បង់ថ្លៃសិក្សា ១វគ្គ ផ្តល់ជូន សៀវភៅគូល័រច្បាប់ដើម ១ឈុត ផងដែរ៕
ដោយ៖ ស រស្មី