នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតី បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាព ការងារឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ៖អគ្គមេបញ្ជាការនៃ ខ ភ ម បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅអនុវត្តការងារបន្តសំរាប់ឆ្នាំ ២០១៩ របស់ខ្លួន នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី ០៨ កុម្ភៈ ឆ្នាំ ២០១៩នេះ ដែលពិធីបើកកិច្ចប្រជុំបានប្រព្រឹត្តិទៅស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃ ខ ភ ម និងមានការចូលរួមពីសំណាក់ អស់លោកជាថ្ឋាក់ដឹកនាំជាន់ខ្ពស់ក្នុង ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ ភ ម មេបញ្ជាការកងទ័ពទាំងបីប្រភេទ មេបញ្ជាការ មេបញ្ជាការរង គ្រប់យោធភូមិភាគ កងពលតូច កងពលធំ កងការពារព្រំដែន និងស្ថាប័នជំនាញពាក់ព័ន្ធជាច្រើនរូប ។
ក្នុងពិធីបើកកិច្ចប្រជុំនោះបន្ទាប់បានស្តាប់នូវសន្ទរកថាបើកកិច្ចប្រជុំ ដែលអានដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃ ខ ភ ម រួចមកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចម្រុះនៃ ខ ភ ម បានគូសបញ្ជាក់ក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារ ខ ភ ម ឆ្នាំ២០១៨នេះថាៈ ខ ភ ម នៅគ្រប់កងឯកភាពកងទ័ពទាំងបីប្រភេទ គ្រប់បណ្តាអង្គភាពយោធភូមិភាគទាំង៦ កងពលតូច កងពលធំ វរសេនាតូច វរសេនាធំ និងគ្រប់កងការពារព្រំដែន ព្រមទាំងបណ្តាទ័ពជំនាញពាក់ព័ន្ធទាំងអស់ចំណុះឲ្យកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំដ៍ល្អរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃ ខ ភ ម ពិសេសក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលមួយឆ្នាំ ២០១៨ កន្លងមកនេះ នាយ ពលទាហាននៅគ្រប់កងឯកភាពបានខិតខំយកអស់ពីកម្លាំងកាយចិត្តបំពេញការងារយ៉ាងល្អបំផុតសំរាប់ជាតិនិងមាតុភូមិ ។ របាយកាណ៍ក៍បាន បញ្ជាក់ទៀតថាៈ ក្នុងឆ្នាំ២០១៨ កន្លងមកនេះដែរ ថ្វីត្បិតតែស្ថានការណ៍នៅតាមបណ្តោយព្រំដែន ក្នុងភូមិសាស្ត្រដែល ខ ភ ម ទទួលខុសត្រូវ មានសន្តិសុខល្អ ដែលជាឱកាសល្អបំផុតសំរាប់កម្ពុជា កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចំរើន ។ របាយការណ៍ក៍បានលើកយកមកបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០១៨កន្លងមកនេះ នៅទូទាំងកងយោធពលខេមរភូមិន្ទ នាយ ពលទាហាន នៅគ្រប់កងឯកភាពចំណុះឲ្យអគ្គមេបញ្ជាការ បានខិតខំយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើការងារហ្វឹកហ្វឺនកម្លាំងលើគ្រប់ជំនាញ ក្នុងការបង្កើនសមត្ថភាពឲ្យនាយ ពលទាហាន របស់យើងកាន់តែមានឆន្ទៈស្នេហាជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការស្តានិងអភិវឌ្ឍន៍ប្រទេសជាតិ រួមគ្នាការពារជាតិ ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា កាន់តែរឹងមាំ ។ របាយការណ៍ក៍បានលើកឡើងផងដែរ អំពីព្រឹត្តិការណ៍ជាតិនឹងអន្តរជាតិសំខាន់ៗដែលពាក់ព័ន្ធដល់បញ្ហាវិបត្តិ នយោបាយ គ្រោះមហន្តរាយធម្មជាតិ អំពើភារវកម្ម បទល្មើសគ្រឿងញៀនឆ្លងដែន បទល្មើសព្រៃឈើ ដែលកើតមានឡើងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ដើម្បីឲ្យអង្គប្រជុំធ្វើការពិចារណាពិភាក្សាផ្លាស់ប្តូរយោបល់គ្នា រិៈរកនូវគន្លឹះល្អៗដើម្បីធ្វើយ៉ាងណាទប់ស្កាត់នឹងបង្ក្រាបឲ្យបានទាន់ពេលវេលា រាល់ភាពអសកម្មទាំងឡាយដែលកើតមានឡើងក្នុងភូមិសាស្ត្រដែលគ្រប់អង្គភាពរបស់កងយោធពលខេមរភូមិន្ទទទួលខុសត្រូវ ពិសេសបានផ្តោតយ៉ាងសំខាន់ទៅលើបញ្ហាសន្តិសុខនៅតំបន់ព្រំដែន កម្ពុជា ដែលជាប់ជាមួយប្រទេសជិតខាង ដែល ខ ភ ម ទទួលខុសត្រូវ ដោយធ្វើយ៉ាងណាទំនាក់ទំនងសហការ ទប់ស្កាត់ឲ្យខាងតែបាន ចំពោះការចេញចូលឆ្លងដែនរកស៊ីខុសច្បាប់ របស់ប្រជាពលរដ្ឋនៃបណ្តាប្រទេសជិតខាង ដែលជាបញ្ហាប្រឈមនាំឲ្យមានគ្រោះថ្នាក់ដល់ពលរដ្ឋយើង ។ មានប្រសាសន៍បើកកិច្ចប្រជុំ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃ ខ ភ ម បានកោតសរសើរនិងវាយតំលៃខ្ពស់ ចំពោះស្មារតីនៃកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយកិច្ចសហការល្អរបស់មេបញ្ជាការ គ្រប់លំដាប់ថ្នាក់ គ្រប់កងឯកភាពចំណុះឲ្យអគ្គមេបញ្ជាការនៃ ខ ភ ម ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានយកអស់ពីកម្លាំងកាយចិត្តបំពេញការងារបំរើជាតិ ប្រជាជន ការពារជាតិ ទឹកដី និងប្រជាជនបានយ៉ាងរឹងមាំ និងសុខសាន្ត ។ តាមរយៈនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ ខ ភ ម រយៈពេលមួយថ្ងៃនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានស្នើរដល់សមាជិកសមាជិការនៃកិច្ចប្រជំទាំងអស់ ក្នុងកិច្ចពិភាក្សាគ្នារយៈពេលពេញមួយថ្ងៃនេះ ត្រូវបញ្ចេញឲ្យអស់នូវមតិ យោបល់ បទពិសោធន៍ ស្នាដៃ ចំណុចខ្លាំង ចំណុចខ្យោយ ដែលអង្គភាពខ្លួនមានក្នុងឆ្នាំកន្លងមក ដើម្បីអង្គប្រជុំរិះរកបាននូវគន្លឹះ បទពិសោធន៍ល្អៗ សំរាប់ដាក់ជាទិសដៅក្នុងការអនុវត្តការងារបន្តឆ្នាំ២០១៩នេះ ឲ្យកាន់តែទទួលបានជោគជ័យ ។ ក្នុងរយៈពេលពេញមួយថ្ងៃ កិច្ចប្រជុំក៍បានផ្តល់ឱកាសឲ្យដល់មេញ្ជាការ គ្រប់លំដាប់ថ្នាក់នៃកងទ័ពទាំងបីប្រភេទ គ្រប់អង្គភាព យោធភូមិភាគ កងពល និងបណ្តាអង្គភាពទ័ពជំនាញពាក់ព័ន្ធបានឡើងធ្វើបទអន្តរាគមន៍ បង្ហាញពីចំណុចខ្លាំង ចំណុចខ្សោយ ដែលសាម៉ីអង្គភាពនិមួយៗបានអនុវត្តក្នុងរយៈពេលមួយឆ្នាំកន្លងមក ថាតើការអនុវត្តការងារក្នុងឆ្នាំកន្លងមកនេះមានអ្វីដែលលិចធ្លោ ហើយមានអ្វីដែលជាចំណុចអសកម្ម ដែលយើងធ្វើពុំទាន់បានល្អដោយមូលហេតុអ្វី ការអនុវត្តមិនបានមកពីមូលហេតុអ្វី ដើម្បីរកឲ្យឃើញចំណុចខ្លាំង ខ្សោយ ហើយទទួលបាននូវគន្លឹះល្អៗសំរាប់ដាក់ចេញជាផែនការសកម្មភាពក្នុងការអនុវត្តបន្តនាឆ្នាំ២០១៩នេះ ឲ្យកាន់តែទទួលជោគជ័យ ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្នើរដល់សមាជិកសមាជិការក្នុងអង្គប្រជុំទាំងអស់ ក្នុងរយៈពេលពេញ១ថ្ងៃនេះ ត្រូវបញ្ចេញនូវមតិយោបល់ ពិភាក្សា គ្នាឲ្យបានផុលផុស ដើម្បីស្វែងរកនូវបទពិសោធន៍ល្អៗ សំរាប់ដាក់ចេញជាទិសដៅអនុវត្តបន្តសំរាប់ឆ្នាំ២០១៩នេះឲ្យកាន់តែទទួលបានជោគជ័យ ខ្លាំងឡើង ហើយ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៍បានប្រកាសបើកកិច្ចពិភាក្សាចាប់ពីពេលនេះតទៅ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print