ស្ថានភាពជុំវិញការត្រៀមលក្ខណះសម្រាប់ជំនួបកំពូល អាមេរិក កូរ៉េខាងជើង នៅវៀតណាម​

ចែករំលែក៖

អាមេរិក+វៀតណាម៖ ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក ដូណាលត្រាំ និង មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន នៅទីក្រុងហាណូយកាន់តែខិតមកជិតហើយ នៅសល់មិនដល់មួយសប្តាហ៍ទៀត នោះឡើយ​។
នៅពេលនេះប្រព័ន្ធផ្សព្វផ្សាយនានា នៅលើពិភពលោក បានផ្តោតការយកចិត្តទុកដាក់ យ៉ាងខ្លាំង ទៅលើស្ថានភាពប្រែប្រួលនៅវៀតណាម ។
កន្លងមកថ្មីៗនាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានអំពាវនាវដល់កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មនិងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងភ្នាក់ងាររដ្ឋាភិបាលដើម្បីធានានូវ ការទទួលជោគជ័យនៃកិច្ចប្រជុំកំពូលលើកទី ២ រវាងកូរ៉េខាងជើងនិងអាមេរិក។
លោកនាយករដ្ឋមន្ត្រី Phuc បានមានប្រសាសន៍ថា៖ កិច្ចប្រជុំដ៏ធំជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ នៅទីក្រុងហាណូយគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានទាក់ទាញចំណាប់អារម្មណ៍សកលលោក។
វៀតណាមបានរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍ថ្នាក់អន្តរជាតិដូចជាសន្និសីទកំពូលអាស៊ី – ប៉ាស៊ីហ្វិក (APEC) នៅឆ្នាំ ២០១៧ និងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានក្នុងឆ្នាំ២០១៨ ហើយពេលវៀតណាមត្រូវបានជ្រើសរើសជាកន្លែងរៀបចំជំនួបកំពូលលើកទី២ រវាងកូរ៉េខាងជើង និងអាមេរិក ហើយវាគឺជាសក្ខីកម្មមួយទៀតចំពោះជំហរសកលលោកដែលកើនឡើងខ្ពស់របស់វៀតណាមក៏ដូចជាបង្ហាញពីតួនាទីសកម្មរបស់ប្រទេសនិងទទួលស្គាល់ការរួមចំណែករបស់ខ្លួនចំពោះបញ្ហាសកលលោក។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ កិច្ចប្រជុំកំពូលនេះគឺជាឱកាសដ៏មានតំលៃសម្រាប់វៀតណាមក្នុងការផ្សព្វផ្សាយរូបភាពនិងសមិទ្ធិផលនានារបស់ខ្លួនក្នុងវិស័យផ្សេងៗជំរុញឱ្យមានបរិយាកាសវិនិយោគទុននិងទាក់ទាញភ្ញៀវទេសចរណ៍សម្រួលដល់ពាណិជ្ជកម្មនិងសមាហរណកម្មអន្តរជាតិផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Phuc បានអំពាវនាវដល់ជនជាតិវៀតណាម ពីសារសំខាន់នៃកិច្ចប្រជុំមួយនេះ ដើម្បីបង្ហាញពីតួនាទី និងកេរ្តិ៍ឈ្មោះរបស់វៀតណាម លើឆាកអន្តរជាតិផងដែរ។ បញ្ហាសុវត្ថិភាព និងសន្តិសុខ ជារឿងចម្បងសម្រាប់កិច្ចប្រជុំកំពូលដែលគ្រោងធ្វើឡើង ចាប់ពីថ្ងៃទី២៧ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្រុងហាណូយ ។
ជាមួយគ្នានោះដែលលោក Phuc នឹងផ្ដល់ការទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្ដៅ ព្រោះក្រុមអ្នកសារព័ត៌មាន ជាអ្នកផ្សព្វផ្សាយរឿងជាច្រើនជុំវិញជំនួបកំពូលនេះ ដែលធ្វើឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់ថែមទៀតពីវៀតណាម។
នៅពេលនេះដែរ សារព័ត៌មាន​ វៀតណាម បានផ្សាយថា សណ្ឋាគារធំៗលំដាប់ផ្កាយ៥ ចំនួន ១០ មិនទាន់ត្រូវបានបង្ហាញឈ្មោះនៅឡើយទេ ក្នុងពេលដែលខាងភាគីប្រទេសទាំងពីរអាមេរិក-កូរ៉េខាងជើង បានយល់ព្រម ប៉ុន្តែពួកគេមិនទាន់ជ្រើសរើស សណ្ឋាគារណាខ្លះ សម្រាប់គណៈប្រតិភូស្នាក់នៅ នោះទេ។
សារព័ត៌មាន VN Express បានផ្សាយថា ប៉ូលីសបានបញ្ចប់ពិធីសារសុវត្ថិភាព ហើយនឹងធ្វើផែនការចុងក្រោយនៅពេលដែលគណៈប្រតិភូ ជ្រើសរើសសណ្ឋាគាររបស់ពួកគេ។
កងកម្លាំងប៉ូលីសទាំងមូលដែលមានចំនួនរាប់ពាន់នាក់ ត្រូវបានគេដាក់ពង្រាយដើម្បីរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ក្នុងនោះមានការល្បាតតាមផ្លូវ និងនៅជុំវិញតំបន់សណ្ឋាគារ ស្ថានីយរថភ្លើង និងអាកាសយានដ្ឋាន។
សណ្ឋាគារធំ ៗ បានតុបតែងលម្អផ្នែកខាងក្នុង នៅមុនកិច្ចប្រជុំកំពូលនេះ ចំណែកជុំវិញផ្លូវថ្នល់មានដើមឈើតុបតែង លាបពណ៌ ផ្លាកសញ្ញា និងកាមេរ៉ាដែលបានតំឡើងសំរាប់គោលបំណងសុវត្ថិភាព។
អ្វីដែលគួរឲ្យចាប់អារម្ភបំផុតនាពេលនេះ គឺ នៅមុនជំនួប កំពូលកើតឡើង កូរ៉េខាងជើងបានប្រកាស អាសន្ន ពីវិបត្តិកង្វះស្បៀងអាហារយ៉ាងខ្លាំង ។ ការប្រកាសនាពេលនេះគឺជាការ អំពាវនាវដល់អាមេរិក ឲ្យលុបទណ្ឌកម្ម​ ក្រោយជំនួបពិភាក្សាលើកទីពីរ ។កូរ៉េខាងជើង បានប្រកាសអាសន្នថា ពួកគេកំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារចំនួន១.៤លានតោននៅក្នុងឆ្នាំ២០១៩នេះ ហើយត្រូវបានបង្ខំកាត់បន្ថយរបបអាហារជិតពាក់កណ្តាល ដោយសារតែការកើនឡើងសីតុណ្ហភាពខ្ពស់ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ និងទណ្ឌកម្មសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ។
ការបញ្ចេញនូវកំណត់ហេតុ២ទំព័រដែលគ្មានកាលបរិច្ឆេតដោយក្រុមបេសកកម្មអង្គការសហប្រជាជាតិប្រចាំនៅកូរ៉េខាងជើង បានកើតមានឡើង មុនជំនួបកំពូលលើកទី២នាសប្តាហ៍ក្រោយរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនៅតំបន់ឧបទ្វីបកូរ៉េ។
ទីក្រុងវ៉ាស៊ីងតោន បានទាមទារឲ្យកូរ៉េខាងជើងត្រូវតែបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរដែលគំរាមកំហែងដល់សហរដ្ឋអាមេរិក ខណៈដែលកូរ៉េខាងជើងស្វែងរកការលើកចេញទណ្ឌកម្មសេដ្ឋកិច្ច ការបញ្ចប់ផ្លូវការសង្រ្គាមបងប្អូនកូរ៉េឆ្នាំ១៩៥០-៥៣ និងការធានាចំពោះសន្តិសុខរបស់ពួកគេ។
គួរឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិក១៥ប្រទេស បានដាក់ទណ្ឌកម្មជាឯកច្ឆ័ន្ធមកលើកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០០៦រហូតមក ដើម្បីផ្តាច់ដង្ហើមមូលនិធិសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។
កំណត់ហេតុកូរ៉េខាងជើង ដែលក្រុមបេសកកម្មអង្គការសហប្រជាជាតិប្រចាំនៅកូរ៉េខាងជើង បានរៀបរាប់ថា វាបានភ្ជាប់នឹងការវាយតម្លៃរួមគ្នាជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក ចន្លោះថ្ងៃទី២៦ ខែវិច្ឆិកា និងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នោះ បានអះអាងថា រដ្ឋាភិបាលកូរ៉េខាងជើង បានអំពាវនាវឲ្យអង្គការអន្តរជាតិ ឆ្លើយតបជាបន្ទាន់ចំពោះការលើកឡើងពីស្ថានភាពវិបត្តិស្បៀងអាហារមួយនេះ។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការស្បៀងអាហារពិភពលោក បដិសេធន៍មិនព្រមផ្តល់សេចក្តីអធិប្បាយណាមួយឡើយ ជុំវិញវិបត្តិស្បៀងអាហារនៅកូរ៉េខាងជើង៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print