លោករដ្ឋមន្ត្រី លឹម គានហោ ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅទំនប់អាងទឹកត្រពាំងថ្ម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរដោយមានការចូលរួមអមពីប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ចុះទៅពិនិត្យមើលស្ថានភាពទឹកនៅទំនប់អាងទឹកត្រពាំងថ្ម។

ស្ថានភាពទឹកក្នុងទំនប់អាងទឹកត្រពាំងថ្ម គឺស្ថិតក្នុងស្ថានភាពរីងគោកដែលពុំឆ្លាប់ជួបប្រទះនាពេលកន្លងមក។

តាមការរាយការណ៍ពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ បើទោះជាមានការប្រជុំផ្សព្វផ្សាយអំពីសារាចរណែនាំស្តីពីការចាត់វិធានការថែរក្សាទឹកទុក ដោយមានការចូលរួមពីអាជ្ញាធរឃុំ ស្រុក ខេត្ត និងប្រជាពលរដ្ឋ នាពេលកន្លងមកយ៉ាងណាក៏ដោយ ក៏បច្ចុប្បន្នប្រជាកសិករបានបន្តធ្វើស្រូវប្រាំងលើកទី២ លើផ្ទៃដីចំនួនជាង ៧០០០ហត ដែលអាចនឹងមានផលប៉ះពាល់មួយភាគធំនាពេលខាងមុខ។

ស្ថិតក្នុងស្ថានភាពបែបនេះ លោករដ្ឋមន្រ្តីបានប្រគល់ភារកិច្ចជូនលោកចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងដឹកនាំការធ្វើប្រឡាយប្រវែង ៦គម ដែលរហូតមកដល់ពេលនេះ សម្រេចបានប្រវែង២គមរួចហើយ ដើម្បីយកទឹកពីស្ទឹងស្រែងក្នុងខេត្តឧត្តរមានជ័យ បញ្ចូលមកទំនប់អាងទឹកត្រពាំងថ្ម សម្រាប់ដោះស្រាយបញ្ហាប្រឈមដែលបាននឹងកំពុងជួបប្រទះបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ លោករដ្ឋមន្រ្តី ក៏បានណែនាំឲ្យលោកប្រធានមន្ទីរ បន្តផ្សព្វផ្សាយខ្លឹមសារសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការថែរក្សាទឹកទុក ឲ្យបានកាន់តែទូលំទូលាយថែមទៀត ដើម្បីជាផលប្រយោជន៍រួមសម្រាប់ទាំងអស់គ្នា និងដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលជាអ្នកអាស្រ័យផលពីទំនប់អាងទឹកត្រពាំងថ្ម។

សូមជម្រាបថា ទំនប់អាងទឹកត្រពាំងថ្ម គឺជាប្រភពទឹកសំខាន់ សម្រាប់បម្រើការស្រោចស្រព ការប្រើប្រាស់ប្រចាំថ្ងៃ និងជាកន្លែងប្រមូលផ្តុំសត្វក្រៀល៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print