ប្រទេសប្រេសុីល៖ យ៉ាងហោចណាស់ក៏មានអ្នកសា្លប់និងរបួស ដល់ទៅជាង២០នាក់នៅក្នុងហេតុការ បាញ់ប្រហារ យ៉ាងសហាវព្រៃផ្សៃ ពីខ្មាន់កាំភ្លើង ពីរនាក់បាញ់រះនៅក្នុងសាលារៀនតែម្តង។
ខ្មាន់កាំភ្លើងទាំងពីរនាក់ ប្រដាប់ដោយកាំភ្លើងចូលទៅសាលារៀនមួយកន្លែង នៅមិនឆ្ងាយប៉ុន្មានពីទីក្រុង Sao Paulo កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ បាញ់រះសម្លាប់មនុស្ស៨នាក់ ក្នុងនោះមានកូនក្មេងៗ៤នាក់ផងដែរ នៅមុនពេលដែលឃាតករទាំងនេះបាញ់សម្លាប់ខ្លួនឯងទាំងវេលាព្រឹកតែម្តង ។
អ្នកនាំពាក្យប៉ូលិសថ្លែងថា មនុស្ស៨នាក់ស្លាប់នៅកន្លែងកើតហេតុ រាប់ទាំងឃាតករ២នាក់ ។ មនុស្ស២នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ ដោយសាររងរបួសធ្ងន់ពេកមិនអាចសង្គ្រោះបានពីក្រុមគ្រូពេទ្យ ។ ប្រហែល១៥នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍នេះ ដែលកើតឡើងនៅសាលាសាធារណៈ Raul Brasil តំបន់ Suzano ជាយក្រុង Sao Paulo ភាគអាគ្នេយ៍ប្រទេសប្រេស៊ីល ។
អភិបាលរដ្ឋ Sao Paulo លោក Joao Doria ថ្លែងថា សិស្សសាលាក្មេងៗ៤នាក់ និងបុគ្គលិកសាលា២នាក់បានបាត់បង់ជីវិត ។ គេនៅមិនទាន់ដឹងថា តើឃាតករ ជាអតីតសិស្សនៅក្នុងសាលានេះដែរឬយ៉ាងណា ។ ការបាញ់ប្រហារនេះ គ្មានដឹងពីមូលហេតុនោះទេ ។
ការបាញ់ប្រហារសម្លាប់រង្គាលនៅក្នុងសាលារៀន មិនមែនជារឿងចម្លែកនៅទេ សម្រាប់ប្រទេសប្រេស៊ីល ។ កាលពីខែមេសា ឆ្នាំ២០១១ អតីតជាសិស្សសាលាមួយរូបបានសម្លាប់សិស្សជាច្រើននាក់ និងរងរបួសច្រើននាក់ផ្សេងទៀតមុនពេលអត្តឃាតខ្លួនឯងនៅក្នុងសាលាមួយ ជាយក្រុង Rio de Janeiro ។
ក្នុងពិភពលោកនេះ ប្រេស៊ីលជាប្រទេសមួយដែលកើតមានអំពើហិង្សាបំផុត គ្រាន់តែឆ្នាំ២០១៧ ប៉ុណ្ណោះ ករណីឃាតកម្មកើតឡើង៦៤,០០០ករណី មានអត្រាជិត៣១នាក់ ក្នុងចំណោមមនុស្ស១០០,០០០នាក់ ខ្ពស់ជាង៣ដង កម្រិតដែលអង្គការសហប្រជាជាតិចាត់ទុកជាអំពើហិង្សានោះ។
លោក ប្រធានាធិបតី Jair Bolsonaro បានអនុម័តច្បាប់ដ៏ចម្រោងចម្រាស់ ស្តីពីការកាន់កាប់អាវុធភ្លាមៗ បន្ទាប់ពីលោកបានចូលកាន់អំណាចកាលពីខែមករា ឆ្នាំ២០១៩ បំពេញតាមការសន្យាអំឡុងពេលយុទ្ធនាការឃោសានាបោះឆ្នោត ៕
ដោយ៖ មែវ សាធី