ខេត្តសៀមរាប ៖ មានករណីក្រឡាប់ គោយន្តកែច្នៃមួយគ្រឿងបានបណ្ដាលឲ្យសង្កត់មនុស្សម្នាក់ជាអ្នកបើកគោយន្តកែច្នៃស្លាប់យ៉ាងអាណោចអាធ័ម
ឧបទ្ទវហេតុននេះកើតឡើង នៅចំណុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិទួលរវៀង ក្នុងឃុំល្វា ស្រុកពួក នៅនឹងកន្លែងកើតហេតុ កាលពីរសៀល ថ្ងៃព្រហស្បតិ៍៩ កើត ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅក្នុងភូមិទួលរវៀង ក្នុងឃុំល្វា ស្រុកពួក ។
ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ស្រី ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិវត្តស្វាយជុំ ឃុំតាសោម ស្រុកអង្គរជុំ ។ជនរងគ្រោះ បានបើកគោយន្តកែច្នៃ គ្មានផ្លាកលេខ ដឹកដីពេញ ហើយមកដល់កន្លែងកើតហេតុ បានបើកថយក្រោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យគោយន្តធ្លាក់ពីផ្លូវហើយក្រឡាប់សង្កត់ខ្លួនឯងតែម្តង។
ក្រោយកើតហេតុកម្លាំងជំនាញនគរបាលស្រុក បានចុះអន្តរាគមន៍ស្ទូចគោយន្តនិងយកសាកសពចេញ ហើយធ្វើការវាស់វែងនៅកន្លែងកើតហេតុ និង កសាងសំណុំរឿង ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
សហការី