លោកស្រី ហ៊ុន ម៉ាណា ដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ ពិគ្រោះ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ កងទ័ព គ្រួសារកងទ័ពចំនួន ២,០៣៧នាក់ដោយឥតគិតថ្លៃ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ កងទ័ព គ្រួសារកងទ័ព សរុបចំនួន ២,០៣៧នាក់ ដោយឥតគិតថ្លៃ នៅថ្ងៃអាទិត្យ ១២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ។
ពិធីពិនិត្យ ពិគ្រោះ និង ព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅនៅភូមិកំប្រង់ ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង។
លោកស្រី ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមក្នុងពិធីនេះ។ លោកជំទាវបានបន្តថា សម្តេចតែងតែយកចិត្តទុកដាក់ចំពោះ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ កងទ័ព គ្រួសារកងទ័ព គ្រប់ទីកន្លែង។
លោកស្រី ហ៊ុន ម៉ាណា បានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃស្រុកកំរៀង ខេត្តបាត់ដំបង ដែលបានសម្របសម្រួលពុកម៉ែ បងប្អូន ឱ្យបានអញ្ជើញមកដល់កន្លែងទីតាំងផ្តល់សេវា ពិនិត្យ ពិគ្រោះ និង ព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។
មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក និងថ្ងៃត្រង់មាន នំបញ្ចុក នំបុ័ង បបរគ្រឿង និងភេសជ្ជៈ ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាលបំផុត។
ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលអញ្ជើញមកទទួលសេវាព្យាបាលសម្រាប់ថ្ងៃនេះ និងវាស់ភ្នែក ចែកជូនវែនតា សម្រាប់លោកយាយ លោកតា ចំនួន ៣០០នាក់, ចែកជូនខោអាវលោកយាយ លោកតា និងចែកជូនសម្ភារសិក្សាសម្រាប់ប្អូនៗសិស្សានុសិស្ស ព្រមទាំងចែកជូនរទេះរុញដល់ជនពិការ ចំនួន ១៦គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ កងទ័ព គ្រួសារកងទ័ព ដែលបានអញ្ជើញមកទទួលការពិនិត្យ និងព្យាបាលជំងឺ នាពេលនេះសុទ្ធតែបានបង្ហាញនូវភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និង សូមជូនពរសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ឱ្យមានសុខភាពល្អ ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យរីកចម្រើនជាបន្តបន្ទាប់ទៅទៀត។
សូមជម្រាបថា៖ ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានធ្វើសកម្មភាពចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋ កងទ័ព និងគ្រួសារកងទ័ព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅតាមបណ្តាខេត្ត ជាពិសេសនៅតាមតំបន់ដាច់ស្រយាលជាច្រើនគោលដៅកន្លងរួចមកហើយផងដែរ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print