ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្នេីសុំម្ចាស់ផ្ទះសំណាក់និងសណ្ឋាគារនៅខេត្តព្រះសីហនុ កុំតម្លើងថ្លៃ ពេលបងប្អូនប្រជាពលរដ្ឋទៅលេងសង្ក្រាន្តសមុទ្រ ចាប់ពីថ្ងៃទី១៤ដល់១៦ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ។
យោងតាមហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សរសេរនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នេះ បង្ហាញថា”ខេត្តព្រះសីហនុ សព្វថ្ងៃកំពុងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើន ទាំងភ្ញៀវជាតិ និងអន្តរជាតិ ព្រោះមានឆ្នេរសមុទ្រធម្មជាតិស្រស់ស្អាត។ បច្ចុប្បន្ននេះ ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ក៏កាន់តែងាយស្រួល ដោយសារផ្លូវថ្នល់ និងស្ពានរបស់យើងធំទូលាយល្អ”។
នៅពេលចូលឆ្នាំខាងមុខនេះ ខេត្តព្រះសីហនុនឹងមានរៀបចំសង្រ្កាន្តសមុទ្រ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី សង្ឃឹមថា បងប្អូននឹងទៅកំសាន្តនៅទីនេះច្រើនជាមិនខាន។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តថា”ទន្ទឹមនឹងនេះដែរ បងប្អូនអាជីវករ ជាពិសេសផ្ទះសំណាក់ និងសណ្ឋាគារ សុំកុំតម្លើងថ្លៃ ដើម្បីបងប្អូនប្រជាពលរដ្ឋមានឱកាសបានមកស្នាក់នៅកំសាន្ត និងប្រើប្រាស់សេវាកម្មនៅទីនេះបានដូចធម្មតា”៕
ដោយ៖ ចេស្តា