តុលាការ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ នាង​ យិន​ ម៉ាណា​

ចែករំលែក៖

ភ្នំពេញ​៖លោក​ ប៊ុន​ ធី​ ចៅក្រមស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បដិសេធ​ពាក្យ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​របស់​នាង​ យិន​ ឃុន​ម៉ី​ ហៅ​ម៉ាណា​ ដោយ​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដដែល​ ។ នេះ​បេី​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​តុលាការ​ ។

តាម​នីតិវិធី​ នាង​ យិន​ ម៉ាណា​ អាច​សុំ​បន្ត​ទៀត​ទៅ​សាលាឧទ្ធរណ៍​ ។

នាង យិន ឃុនម៉ី ហៅ ម៉ាណា ដែលបើករថយន្តយ៉ាងសាហាវបុកនិស្សិតស្រី ឌុំ រីដា ស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានបញ្ជូនពីពន្ធនាគារ ប៉េហ្ស៊ី ទៅដេកនៅមន្ទីរពេទ្យរុស្ស៊ី កាលពីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩​ កន្លងទៅ ដើម្បីព្យាបាលជំងឺសួត បណ្តាលឲ្យថប់ដង្ហើម ។

តាមប្រភពពីបុគ្គលិកមន្ទីរពេទ្យរុស្ស៊ីបានឲ្យដឹងថានៅរសៀលថ្ងៃទី១០ខែមេសាឆ្នាំ២០១៩​ អនុរក្សពន្ធនាគារបានបញ្ជូននាង យិន ឃុនម៉ី ហៅ ម៉ាណាទៅឃុំខ្លួនទៅពន្ធនាគារប៉េហ្ស៊ីវិញ។

ដោយ​ឡែក​ អ្នក​ឧកញ៉ា​ គិត​ ធាង​ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ដ៏​កក្រើក​ កំពុង​ដេក​ពេទ្យ​រុស្ស៊ី​ នៅ​ឡើយ​ ទោះបី​ស្ថានភាព​ជំងឺ​ធូរស្រាល​ក៏ដោយ​ ។

សូម​បញ្ជាក់​ថា​ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងតាមបណ្ដាញសង្គមតេឡេក្រាម ថា “ក្រោយពីពិនិត្យសំណុំរឿងនិងបញ្ចប់ការសាកសួរលើឈ្មោះ យិន ឃុនម៉ី ហៅ ម៉ាណា តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយត្ន័បណ្តាលអោយស្លាប់អ្នកដទៃ តាមមាត្រា ៨៥ នៃច្បាប់ចរាចរណ៌ផ្លូវគោក” ។

យោងតាមមាត្រា ៨៥កថាខណ្ឌទី២ នៃច្បាប់ចរាចរណ៍ផ្លូវគោកឃើញថានាង យិន ឃុនម៉ី ហៅ ម៉ាណាត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី១០លានរៀលទៅ២៥លានរៀលក្នុងករណីដែលនាងបានរត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។

លោកស្រី ផាត់ ពៅ អាយុ៥០ឆ្នាំ ជាម្តាយបង្កើតសពនិស្សិត ឌុំ រីដា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នេះ ដាក់ពាក្យបណ្ដឹងផ្លូវការចូលលោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្តឹងជនបង្កឈ្មោះ យិន ម៉ាណា អាយុ១៧ឆ្នាំ ដោយទាមទារសំណងជំងឺចិត្តចំនួន ២០ម៉ឺនដុល្លារអាមេរិក និង ស្នើឱ្យចាត់ការតឹងរ៉ឹងបំផុតតាមផ្លូវច្បាប់ ចំពោះជនបង្ករូបនេះ ។ ប៉ុន្តែក្រោយមក ព្រមទទួលសំណងចំនួន៧ម៉ឺនដុល្លារអាមេរិករួចដកពាក្យបណ្តឹងវិញ។ ប៉ុន្តែតុលាការនៅបន្តតាមនីតិវិធីដដែលដោយសារនៅជាប់បណ្តឹងអាជ្ញា។

នារី យិន ឃុនម៉ី ហៅ ម៉ាណា បានបើករថយន្តទំនើប RANGE ROVER ផ្លាកលេខ 2AF-7777 បុកនិស្សិតស្រី ឌុំ រីដា ស្លាប់យ៉ាងអាណោចអាធ័មរួចបើករថយន្តគេចខ្លួនបាត់ ។

ជុំវិញបញ្ហានេះ មហាជនបានថ្កោលទោសយ៉ាងខ្លាំងក្លា ទើបជនបង្កព្រមចូលខ្លួនសារភាពដោយខ្លួនឯង ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print