ភ្នំពេញ ៖ស្ពានមិត្តភាពកម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀង)និងស្ថានីយរថភ្លើងប៉ោយប៉ែត-ខ្លងលឹក ចំណាយថវិកាសាងសង់អស់ ប្រមាណជាង២៦លានដុល្លារ ជាជំនួយឥត សំណងរបស់រាជរដ្ឋាភិបាលថៃ គ្រោងនឹង សម្ពោធឱ្យប្រេីប្រាស់នៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០១៩ស្អែកនេះ ក្រោម អធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ គឺកម្ពុជា -ថៃ ។
ក្រសួងសាធារណការ និងដឹកជញ្ជូនបង្ហាញ ថា៖ ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀង) ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលថៃ ក្នុងទំហំទឹកប្រាក់ចំនួន ៩២៨.១១០.៦៨១ បាត ស្មើនឹងប្រមាណ២៦.៤២លានដុល្លារអាមេរិក មានបណ្តោយសរុបប្រវែង៦០៥ម៉ែត្រ និងទទឹង១៧ម៉ែត្រ អនុវត្ត ការសាងសង់ដោយកងវិស្វកម្មថៃ។
ច្រកព្រំដែនថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយសម្រួលចរាចរណ៍របស់រថយន្តដឹកទំនិញឆ្លងកាត់រវាងកម្ពុជា និងថៃ និងជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែតនាពេលបច្ចុប្បន្ន។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯស្ថានីយរថភ្លើងប៉ោយប៉ែត លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង សាធារណការ និង ដឹក ជញ្ជូន បានគូសបញ្ជាក់ ពីការដាក់ឱ្យដំណើរការឡើងវិញនូវផ្លូវដែកប៉ោយប៉ែត-ភ្នំពេញ ក្រោយកាត់ផ្តាច់ដោយសង្គ្រាមអស់រយៈ ពេល៤៥ឆ្នាំ , សារសំខាន់នៃការតភ្ជាប់ផ្លូវដែករបស់ព្រះរាជាណាចក្រកម្ពុជាជាមួយព្រះរាជាណាចក្រ ថៃនាពេលឆាប់ៗនេះ គឺ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម ក៏ដូចជាសក្ដានុពលសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ និងការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ផ្លូវដែករវាងកម្ពុជា និងថៃ បន្ទាប់ពីពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានជានិមិត្តរូបនៃការបញ្ចប់ការសាងសង់ និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕
ដោយ៖ ចេស្តា