បទល្មើសដឹកជញ្ជូនឈើកក្រើកឡើងវិញ ឆ្លងទៅវៀតណាមតាមច្រកទ្វេរភាគីឡាប៉ាខេ ទាំងយប់ ទាំងថ្ងៃ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ សកម្មភាពដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាមបានកើតឡើងវិញ យ៉ាងគំហុកតាមច្រកទ្វេរភាគីឡាប៉ាខេ បើគិតមកទល់និងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ គឺមានរយៈពេលជិត២សប្តាហ៍ហើយ។ ដោយឈ្មួញប្រើប្រាស់រថយន្តសាំយ៉ុងជាមធ្យោបាយដឹកជញ្ជូន មានជាប្រភេទឈើ សុក្រំ កកោះ គគី ជាដើម ដែលពួកគេបានប្រមូលទិញពីតំបន់ ពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដឹកឆ្លងទៅប្រទេសវៀតណាម ទាំងយប់ទាំងថ្ងៃ ក្នុងនោះមេឈ្មួញបានប្រើឡានសាំយ៉ុងចំនួន៨គ្រឿង ដើម្បីដឹកជញ្ជូនឈើទៅមកៗ ប្តូរវេនគ្នា ដូច្នេះអាចក្នុងថ្ងៃមានមិនតិចជាង២០គ្រឿងក្រាស់ ឬស្ទើរ៣០គ្រឿងនោះឡើយ។
បើទោះជាសមត្ថកិច្ច អាជ្ញាធរ ជំនាញ មានទាំងថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ឯទៀតព្យាយាមលាក់បាំង ដើម្បីផលប្រយោជន៍ក៏ដោយ ក៏ប្រភពគួរអោយជឿទុកចិត្ត បានបង្ហើបថា៖ មេឈ្មួញធំ ជាមនុស្សចំណូលថ្មីនិងកំពុងមានកំអែលឥទ្ធិពល គាត់ជាឈ្មួញផង ជាមេក្លោងរត់ការផង និងចេញមុខយកលុយពីវៀតណាមមកចាត់ចែងរត់ការផង ខណៈមានឱកាសច្រើន ក្នុងការប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើ នាសម័យច្បាប់រិតបន្តឹងនេះ និងទទួលផលក្នុងកម្រិតខ្ពស់។
ពាក់ព័ន្ធករណីនេះ លោក ទៀង សៅរ័ត្នន៍ ស្នងការរង នគរបាលខេត្តមណ្ឌលគិរី ទទួលបន្ទុកព្រំដែន នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ បានប្រាប់អង្គភាព «នគរដ្រេហ្គន» តាមទូរស័ព្ទថា៖ ខ្ញុំអត់ទាន់ទទួលបានដំណឹងទាំងនេះនៅឡើយទេ ប៉ុន្តែខ្ញុំនឹងសួរទៅមេប៉ុស្តិនៅច្រកឡាប៉ាខេ នេះ ព្រោះមិនមានគោលការណ៍ណាត្រូវអនុញ្ញាតអោយមានបទល្មើសឈើឆ្លងដែនឡើយ។
លោក ហន ជាសេង មេប៉ុស្តិនគរបាល ច្រកឡាប៉ាខេ បានបដិសេធក្នុងរឿងនេះ ដោយលោកបញ្ជាក់ប្រាប់អង្គភាព«នគរដ្រេហ្គន» យ៉ាងដូច្នេះថា៖ អត់មានការដឹកជញ្ជូនឈើតាមច្រកនេះ ដូចអ្វីដែលគេផ្តល់ព័ត៍មានទៅនោះទេ ខ្ញុំអាចទទួលស្គាល់ត្រឹមតែ មានមែនចំពោះឡានសាំយ៉ុងរត់លើផ្លូវជាតិ ដូច្នេះកាលណាបែរក្បាលមកខាងឡាប៉ាខេ ម្នាក់ៗចេះតែច្រឡំថាឡាននោះឆ្លងទៅវៀតណាមតាមច្រកឡាប៉ាខេ។ លោកបន្តថា៖ ការពិតជិតដល់ច្រកឡាប៉ាខេ គឺមានច្រកផ្សេងៗទៀតសង្ខាងផ្លូវ អាចគេបត់ចូលទៅ ដោយឡែកខាងច្រកខ្ញុំគ្មានឈើឆ្លងកាត់ ដោយសារមានសមត្ថកិច្ចច្រើនដូចជា៖ ខាងគយ ខាងស្នាក់ការ និងខាងនគរបាល ដែលមិនត្រូវគ្នាដល់ថ្នាក់អោយបទល្មើសឈើឆ្លងកាត់ឡើយ។
លោក អ៊ុំ វណ្ណសុភក៍ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ក៏មិនបានដឹងជុំវិញបញ្ហានេះ ដោយលោកបញ្ជាក់ថា៖ ចាំខ្ញុំអោយខាងជំនាញរដ្ឋបាលព្រៃឈើមន្ត្រីរបស់ខ្ញុំចុះទៅស្រាវជ្រាវបញ្ហានេះ និងមិនអោយកើតមានបទល្មើសនេះជាដាច់ខាត។
ករណីបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរីតែងកើតមានញឹកញាប់ ទោះការបង្ក្រាបមានចំនួនច្រើនក៏ដោយ ក្នុងនោះសូម្បីតែ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់ទទួលស្គាល់ចំពោះបទល្មើសព្រៃឈើនៅខេត្តមួយនេះ ពិតជាបន្តកើតមានមែន។ សម្តេចថែមទាំងស្តីបន្ទោសទៅលើ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បើនៅតែមិនបង្ក្រាបបទល្មើសឈើ ហើយបន្តអោយកើតមានតទៅទៀត លោក ស្វាយ សំអ៊ាង ត្រូវប្រឈមមុខតាមច្បាប់ ឬត្រូវរបូតតំណែង។
បើទោះជាមានការព្រមានបែបនេះក៏ដោយ បច្ចុប្បន្នក៏នៅកើតមានដដែល ករណីខ្លះសមត្ថកិច្ចបង្ក្រាបក្នុងបទល្មើសជាក់ស្តែង តាមរយៈពិបាកបិទភ្នែក ពិបាកធ្វើថ្លង់ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ផ្តិតរូបជាក់ស្តែងរាល់សកម្មភាពទាំងនោះ ទើបចាប់ខ្លះ អោយគេចខ្លះ ផ្អាកខ្លះ លួចចរាចរណ៍ឈើខ្លះ ដូចជាពេលនេះជិត២សប្តាហ៍ហើយ សកម្មភាពដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាមតាមច្រកឡាប៉ាខេ ត្រូវខាងស្នាក់ការ ខាងគយ និងខាងនគរបាលប៉ុស្តិច្រក អនុញ្ញាតអោយឆ្លងកាត់ មានទាំងពេលយប់ ពេលថ្ងៃ តាមរយៈប្រើប្រាស់រថយន្តសាំយ៉ុងជាមធ្យោបាយដឹកជញ្ជូន។ ដោយសមត្ថកិច្ច អាជ្ញាធរ ជំនាញ ទាំងថ្នាក់មូលដ្ឋាន-ខេត្ត និងខាងថ្នាក់លើមិនចោលទេ វប្បធម៍(កន្ទេលធំបន្លំដេក) សំខាន់សម្លឹងឃើញលាភសក្ការៈធំជាងការងារទទួលខុសត្រូវលើបញ្ហាបង្រ្កាប និងទប់ស្កាត់។
លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អង្គភាព «នគរដ្រេហ្គន»មិនអាចទាក់ទងបានទេ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ដោយឡែកមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានអោយដឹងថា៖ លោកមិនអោយមានបទល្មើសឈើដឹកជញ្ជូនទេបើគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ប៉ុន្តែនៅច្រកឡាប៉ាខេ លោកមិនទាន់ទទួលព័ត៍មាន ចាំលោកសួរទៅកាន់មេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមាសិន តើពិតមែនឬអត់.! ។
សូមបញ្ជាក់ថា៖ ក្រៅពីមានការដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកឡាប៉ាខេ ដោយប្រើប្រាស់រថយន្តសាំយ៉ុងជាមធ្យោបាយ គឺមានច្រករបៀងមួយចំនួនទៀតចេញឈើដ៏គគ្រឹកគគ្រែង ប៉ុន្តែគេប្រើរូបភាពដឹកតាមម៉ូតូ ក្នុង១ថ្ងៃមិនតិចជាង២០០ម៉ូតូ អាចស្មើនិងការផ្ទុកជិត២រថយន្តយីឌុប។ គេបានរាយការណ៍មកថា៖ ឈើដែលដឹកតាមម៉ូតូឆ្លងដែនទៅវៀតណាមតាមច្រករបៀងជាច្រើននៅក្នុងស្រុកកែវសីមានេះ គឺបានប្រមូលទិញពីចំណុចស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយដឹកតាមគោយន្តកែច្នៃ គោយន្តកន្ត្រៃយកមកស្តុកទុកនៅក្នុងចំការកៅស៊ូ លោក ឃិន ម៉េងស្រេង និយាយអោយចំតែម្តង គឺឈើនោះមកស្តុកទុកខាងក្រោយផ្ទះ លោក ឃិន ម៉េងស្រេង មេយោធាដ៏មានជំនាញបទពិសោធន៍ខ្ពស់ខាងរកសុីឈើល្មើសច្បាប់ ប្រព្រឹត្តដោយមិនរាងចាល។
បន្ទាប់ពីយកឈើទាំងនោះពីតំបន់ស្រែឈូក មកស្តុកទុកខាងក្រោយផ្ទះ លោក ឃិន ម៉េងស្រេង ហើយ ទើបគេបន្តដឹកតាមម៉ូតូឆ្លងទៅវៀតណាម ជារូបភាពដឹកជញ្ជូនរបស់ប្រជាជន បញ្ជៀសការហាមឃាត់ ឬចាប់អាចជះឥទ្ធិពលមិនល្អដល់សង្គម ក្នុងន័យកុំធ្វើបាបប្រជាជនដឹកឈើតាមម៉ូតូដើម្បីដោះស្រាយបញ្ហាក្រពះ តែធាតុពិតឈ្មួញបានប្រមូលទិញ រួចអោយប្រជាជនសុីឈ្នួលដឹកទៅវៀតណាម យ៉ាងប្រសេកប្រសាច ដែលម៉ូតូជាមធ្យោបាយដឹកជញ្ជូនឈើនេះ មានជិត៣០០គ្រឿងឯណោះ។
ប្រជាជនគ្មានរំពឹងថា៖ ការបង្ក្រាបបទល្មើសព្រៃឈើ ឬការទប់ស្កាត់មានប្រសិទ្ធភាពទេ ខណៈក្រុមអស់លោកគិតរឿងប្រយោជន៍លាភសក្ការៈ ច្រើនជាងគិតតំកល់ផលប្រយោជន៍ជាតិជាធំនោ៖ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print