ភ្នំពេញ៖ អតីតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានថ្លែងសារហួសចិត្តក្រោយពីបានឃើញសង្គ្រាមជាពាក្យសម្តីធ្ងន់ៗរវាងតារាចម្រៀងរ៉េបនៅកម្ពុជាមួយចំនួន។ លោកបានទទូចសុំឲ្យពួកគេបញ្ចប់ជម្លោះមួយនេះព្រោះតែអាចជះឥទ្ធិពលមិនល្អដល់ក្មេងជំនាន់ក្រោយ។
មួយរយៈពេល ចុងក្រោយនេះគេសង្កេតឃើញថាតារាចម្រៀងរ៉េបសម័យទំនើប លោក ជា ដេវីត និងអតីតអ្នកចម្រៀងរ៉េប អាចារ្យ ធំ បានបញ្ចេញសារធ្ងន់ដាក់គ្នាទៅវិញមក ក្នុងនោះអាចារ្យ ធំ បានជេរប្រមាថទៅកាន់តារាចម្រៀង ជា ដេវីត រហូតមានការជេឪពុកម្តាយតារារូបនេះរហូតដល់ ជា ដេវីត ផ្ញើសារវាយបកយ៉ាងចាស់ដៃរួមទាំងនិពន្ធបទចម្រៀងរ៉េបឌឺដងមិនសច្ចៃមាត់។ ទំនាស់កាន់តែស្រួចស្រាវក្រោយពីគេឃើញលេចវត្តមានអតីតអ្នកចម្រៀង រ៉េប ពូ ឃ្លាំង ចេញមុខច្រៀងក្នុងពិភពសិល្បៈជាថ្មី រហូតអាចារ្យធំចេញមុខរិះគន់ និងវាយប្រហារ ។ ទំនាក់នេះបានធ្វើឲ្យ នេនទុំ ដែលគេដឹងថាជាអ្នកចម្រៀងរ៉េបស្និទ្ធ និងពូឃ្លាំងចេញមុខណែនាំ រិះគន់ឲ្យអាចារ្យធំបញ្ចប់ ប៉ុន្តែជម្លោះកាន់តែរីកធំទៅវិញ រហូតភាគីម្ខាងៗព្រមានបរិហាកេរគ្នាទៅវិញទៅមកផងដែរ ។ ជម្លោះនេះរងការរិះគន់ខ្លាំងពីអ្នកគាំទ្រ និងមហាជនជាខ្លាំងផងដែរ។
តារាចម្រៀងរាមច្បង លោក សុះ ម៉ាច បានថ្លែងសារក្នុង ជំហរកណ្ដាលដោយស្នើសុំអង្វរដល់សិល្បករទាំងអស់ដែលកំពុងមានជម្លោះសូមបញ្ចប់ ដោយលោកលើកឡើងថាដើម្បីរក្សាសេចក្តីថ្លៃថ្នូរ ក្នុងនាមជាសិល្បករ។ លោកថាជម្លោះដែលចង់ចាញ់ចង់ឈ្នះនេះមិនមានអ្វីជារឿងចំណេញនោះទេគឺខាតបង់ទាំងសងខាងតែប៉ុណ្ណោះ។ លោកបញ្ជាក់ដែរថាមហាជនក៏បានបញ្ចេញទស្សនៈមិនពេញចិត្តចំពោះការបង្ករជម្លោះជាពាក្យសម្តីនេះដែរ ហើយវាគឺជាពាក្យឈឺចាប់មួយដែលគួរតែយកមកគិតជាថ្មី។ លោកក៏ស្នើឲ្យសមាគមសិល្បករខ្មែរ មេត្តាអញ្ជើញសិល្បករដែលមានជម្លោះទាំងអស់ មកជួបទល់មុខគ្នារកដំណោះស្រាយ ដោយការសម្របសម្រួល មុនពេលជម្លោះនេះកាន់តែរីករាលដាលធំឡើង។
ទោះជាយ៉ាងណាកាលពីថ្មីៗនេះលោក ហេង ឡុង ប្រធានសមាគមសិល្បករស្ម័គ្រចិត្តជួយសង្គម ធ្លាប់បានផ្ញើសារឲ្យតារាចម្រៀងរ៉េប និង អាចារ្យធំ ធ្វើការសម្របសម្រួលគ្នាម្តងរួចមកហើយប៉ុន្តែមិនមានប្រសិទ្ធភាព។ ប្រធានសមាគមរូបនេះលើកឡើងថា ជំហានបន្ទាប់នឹងធ្វើសំណើរឲ្យក្រសួងធ្វើការណែនាំ និងចាត់វិធានការបន្ត៕
ដោយ វឌ្ឍនា