វិភាគព័ត៍មាន នយោបាយ អន្តរជាតិ៖ ដើម្បីទប់ស្កាត់អាមេរិក ឈ្លានពាន អ៊ីរ៉ង់ចាំបាច់ត្រូវតែបង្កើនកម្មវិធីផលិតមីស៊ីល​

ចែករំលែក៖

អាមេរិកបានបង្កើនទណ្ឌកម្ម ទៅលើប្រទេសអ៊ីរ៉ង់ និងឡោមព័ទ្ធអ៊ីរ៉ង់ដោយកម្លាំងយោធា​ ប៉ុន្តែអ៊ីរ៉ង់ មិនខ្វាយខ្វល់ពីសកម្មភាព របស់អាមេរិកនោះឡើយដោយបង្កើន ការផលិតមីស៊ីល និងបរមាណូ ក៏ដូចជាការខិតខំអភីវឌ្ឍន៍សេដ្ឋកិច្ចជាតិ​របស់ខ្លួន ។

មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក​ Ali Khamenei ​បានបញ្ជាក់នឹងមិនបោះបង់កម្មវិធីមីស៊ីល និងបរមាណូនោះឡើយ​ ហើយអ៊ីរ៉ង់ និងមិនធ្លាក់ចូលក្នុងអន្ទាក់ ​គឺសំណើរពិភាក្សាជាមួយអាមេរិក របស់ប្រធានាធិបតី ដូណាល់ ត្រាំ​ ។

មេដឹកនាំជាន់ខ្ពស់ អ៊ីរ៉ង់ លោក Ali Khamenei កាលពីថ្ងៃទី​៤ ខែមិថុនា បានប្រកាសខាងលើ ក្រោយពេល លោកត្រាំស្នើពិភាក្សា បន្ទាប់ពីប្រទេសទាំងពីរឈានដល់ដំណាក់កាលប្រឈម​មុខតានតឹងបំផុត ក្រោយរយៈពេល​១ឆ្នាំដែល លោកត្រាំដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ ជាមួយអ៊ីរ៉ង់​ ។

លោក​ Ali Khamenei បានបន្តទៀតថា អាមេរិក និង មិនអាច​លុបបំបាត់សមត្ថភាព ផលិតមីស៊ីលរបស់អ៊ីរ៉ង់បានឡើយ​ ហើយអាមេរិកក៏មិនអាចផ្លាស់ប្តូរ របបដឹកនាំរបស់អ៊ីរ៉ង់នោះដែរ​ ។ លោក​ Ali Khameneiបញ្ជាក់ទៀតថា អាមេរិកបានដាក់ទណ្ឌកម្ម បង្កផលលំបាកយ៉ាងខ្លាំងដល់ ពលរដ្ឋអ៊ីរ៉ង់ ដូច្នេះរដ្ឋាភិបាលអ៊ីរ៉ង់ចាំបាច់ត្រូវតែ កែទម្រង់សេដ្ឋកិច្ច ជាសំខាន់ ដើម្បីជួយដល់ជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែប្រសើរ​ ។

កន្លងមក ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា កិច្ចព្រមព្រៀងបរមាណូ អ៊ីរ៉ង់ ដែលចុះហត្ថលេខាដោយអតីតប្រធានាធិបតីបារ៉ាក់អូបាម៉ា គឺមិនមានប្រសិទ្ធិភាព នោះឡើយ ដោយមិនបូកបញ្ចូលទាំងកម្មវិធីបរមាណូ ក៏ដូចជាតួនាទីរបស់អ៊ីរ៉ង់នៅតំបន់មជ្ឈិបូព៌ា ។

កន្លងមក អ៊ីរ៉ង់បានចាត់ទុកទណ្ឌកម្មរបស់អាមេរិកគឺជាសង្គ្រាមសេដ្ឋកិច្ច ហើយមិនមានការចរចាជាមួយសហរដ្ឋអាមេរិកទេ រហូតដល់ទណ្ឌកម្មត្រូវបានដកចេញ ពោលគឺមួយថ្ងៃគត់បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានលើកឡើងថា ខ្លួនអាចរៀបចំកិច្ចចរចាដោយគ្មានបុរេលក្ខខណ្ឌ ប្រសិនបើអ៊ីរ៉ង់ផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកម៉ូហាម៉ាត់ ចាវ៉ាត ហ្សារីហ្វ បានសរសេរនៅលើ Twitter អមជាមួយវីដេអូឃ្លីបនៃស្ត្រីម្នាក់ ដែលនិយាយថា ជើងសិប្បនិម្មិត ដែលកូនប្រុសគាត់ត្រូវការត្រូវបានដាក់ទណ្ឌកម្ម យ៉ាងដូច្នេះថា “ភេរវកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់បានផ្តោតគោលដៅទៅលើជនស៊ីវិលស្លូតត្រង់ ។ ដូចក្មេងប្រុសតូចម្នាក់នេះអ៊ីចឹង ម្តាយខូចចិត្តរបស់ក្មេងនេះមិនអាចទទួលបានជើងសិប្បនិម្មិតសម្រាប់កូនប្រុសទេ នៅពេលកូនធំដឹងក្តី ។ ជើងសិប្បនិម្មិតត្រូវបានដាក់ទណ្ឌកម្ម” ។

លោកហ្សារីហ្វបានបន្ថែមនៅក្នុង Twitter ថា “នេះគឺជាសង្គ្រាមសេដ្ឋកិច្ចរបស់ដូណាល់ ត្រាំ ។ ហើយសង្គ្រាម និងការចរា ទោះមានឬគ្មានបុរេលក្ខខណ្ឌ គឺមិនស៊ីគ្នានោះទេ” ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ៃ ផមផេវ បាននិយាយកាលពីថ្ងៃអាទិត្យទី២មិថុនាថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនដើម្បីចូលរួមចរចាជាមួយអ៊ីរ៉ង់ដោយគ្មានបុរេលក្ខខណ្ឌអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែត្រូវឃើញប្រទេសនេះប្រព្រឹត្តដូច “ប្រទេសជាតិធម្មតាដទៃទៀត” ជាមុនសិន ។

ភាពតានតឹងរវាងសត្រូវទាំងពីរបានកើនឡើងកាលពីខែមុន ពោលគឺមួយឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយរវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោកដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដើម្បីជាថ្នូរនឹងការដកទណ្ឌកម្ម ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មកាលពីឆ្នាំមុន និងរឹតបន្តឹងអ៊ីរ៉ង់យ៉ាងខ្លាំងនៅដើមខែនេះដោយបញ្ជាឲ្យប្រទេសទាំងអស់បញ្ឈប់ការនាំចូលប្រេងរបស់អ៊ីរ៉ង់ ។ អាមេរិកក៏បានព្រលយផងដែរអំពីការប្រឈមមុខដាក់គ្នាផ្នែកយោធាដោយបញ្ជូនកងកម្លាំងបន្ថែមទៅតំបន់មជ្ឈិមបូព៌ាដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនពណ៌នាថា ជាការគំរាមកំហែងពីអ៊ីរ៉ង់ ។

សម្រាប់អ៊ីរ៉ង់វិញគឺបានឆ្លើយតបដោយគំរាមបង្កើនផលិតកម្មអ៊ុយរ៉ានីញ៉ូមបន្ថែមពីលើដែនកំណត់នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើទោះបីជាមិនទាន់បានធ្វើដូច្នេះក៏ដោយ ។

ភាគីទាំងពីរបានធ្វើការកត់សម្គាល់ម្តងហើយម្តងទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះអំពីលទ្ធភាពចរចាដើម្បីដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេ ដោយនិយាយថា ភាគីម្ខាងទៀតត្រូវធ្វើសកម្មភាពជាមុនសិន ។

នៅពេលនេះដែរ​អាមេរិកបានបញ្ជូន នាវាផ្ទុកយន្តហោះ យ៉ាងប្រញាប់ប្រញាល់ទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីទប់ទល់ការគំរាមគំហែងរបស់អ៊ីរ៉ង់គឺនៅស្ថិតនៅខាងក្រៅឈូងសមុទ្រពែក្សនៅឡើយទេរហូតមកដល់ពេលនេះដោយជៀសវាងការប្រឈមមុខគ្នាជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ស្របពេលមានកិច្ចប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងរវាងរដ្ឋាភិបាលក្រុងតេអេរ៉ង់ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ។

ក្រុមមន្ត្រីដែលស្ថិតនៅលើនាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln នេះបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានAP កាលពីថ្ងៃចន្ទទី៣មិថុនាថា ពួកគេ(កងទ័ពអាមេរិក)អាចឆ្លើយតបយ៉ាងរហ័សចំពោះការគំរាមកំហែងក្នុងតំបន់ចេញពីទីតាំងរបស់ពួកគេ ដោយសារពួកគេស្ថិតនៅប្រហែល៣២០គីឡូម៉ែត្រនៅឯនាយឆ្នេរសមុទ្រនៃប្រទេសអូម៉ង់ នៅសមុទ្រអារ៉ាប់ ។

ទោះជានាវាផ្ទុកយន្តហោះអាមេរិកច្រើនគ្រឿងធ្លាប់ធ្វើនាវាចរណ៍អស់ជាច្រើទសវត្សរ៍កាត់ច្រកសមុទ្រHormuz ដែលជាចក្រសមុទ្រតូចនៃសមុទ្រពែក្ស ដែល១ភាគ៣នៃពាណិជ្ជកម្មប្រេងទាំងអស់ឆ្លងកាត់សមុទ្រនេះ ក៏កងទ័ពជើងទឹកអាមេរិកសម្រេចចិត្តរក្សាទុកនាវាផ្ទុកយន្តហោះUSS Abraham Lincoln នេះនៅឆ្ងាយពីវាបន្តិច ។

មេបញ្ជាការនៃនាវាអាមេរិកនេះ បាននិយយាប្រាប់សារព័ត៌មានAPថា «យើងមិនចង់ធ្វើអ្វីមួយឲ្យមានភាពតានតឹងនោះទេ» ។

កាលពីខែឧសភា សេតវិមានបានបញ្ជូននាវាផ្ទុកយន្តហោះនេះ និងយន្តហោះទម្លាក់គ្រាប់បែកB-52ទៅកាន់ឈូងសមុទ្រពែក្ស ។ សហរដ្ឋអាមេរិកក៏មានគម្រោងបញ្ជូនទាហានបន្ថែមចំនួន៩០០នាក់ផងដែរទៅតំបន់មជ្ឈិមបូព៌ា និងពង្រីកការបោះទីតាំងនៃកងទ័ពចំនួន៦០០នាក់ផ្សេងទៀត ខណៈដែលទាហានរាប់ម៉ឺននាក់ផ្សេងទៀតបានមានវត្តមាននៅលើដីគោក នៅទូទាំងតំបន់នោះផងដែរ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print