គ្រូបង្រៀនភាសាបរទេស សាលាស្វីតហូម ប្រេីប្រាស់ថ្នាំញៀនរហូតវង្វេងស្មារតី ដេញវាយអ្នកភូមិ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ ៖ លោកគ្រូបង្រៀនភាសាបរទេស សាលា«ស្វីតហូម» ម្នាក់ ជាអនិកជនខ្មែរ-អាមេរិក បែកថ្នាំដល់កម្រិតកំពូលជាប់លំដាប់ថ្នាក់យ៉ាប់ បង្កហិង្សា ដេញវាយអ្នកភូមិរត់ផ្អើលចែកជើងគ្នា រត់ចូលផ្ទះអ្នកជិតខាងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះរបស់គេ វាយបំបែកកញ្ចក់ទ្វារ គប់អំបែងកញ្ចក់ កែវ មកលើសមត្ថកិច្ច ផ្អើលអស់សមត្ថកិច្ចខណ្ឌពោធិសែនជ័យ និងនគរបាលនាយកដ្ឋានអន្តោប្រវេសន៍ ទៅអន្តរាគមន៍ទម្រាំចាប់ខ្លួនជនសង្ស័យបានប្រើប្រាស់រយៈពេល៣ម៉ោង ដោយប្រើបំពង់ពន្លត់អគ្គិភ័យបាញ់ ចូលចាប់ខ្លួនបានកាលពីវេលាម៉ោង១រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះល្វែង តាមផ្លូវលំ ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

នៅកន្លែងកើតហេតុ ជំហានដំបូង ស្មានតែជនបង្ក ជាជនជាតិបរទេស កម្លាំងសមត្ថកិច្ច ទាំងប៉ុស្តិ៍ ខណ្ឌ កម្លាំង នគរបាលនាយកដ្ឋានអន្តោប្រវេសន៍ ក្រោយពីចាប់ខ្លួនបានទើបដឹងថា ជាជនជាតិខ្មែរ តែធ្លាប់នៅសហរដ្ឋអាមេរិក៣០ឆ្នាំ ។
ជនល្មើសឈ្មោះ កែ គិរី ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលជាប់ផ្ទះកើតហេតុ មានស្រុកកំណើតនៅ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ ។ ជនសង្ស័យក្រោយឆ្នាំ១៩៧៩ បានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក៣០ឆ្នាំ ហើយបានវិលត្រឡប់មករស់នៅ ប្រទេសកម្ពុជាវិញ៧ឆ្នាំមកហើយ ដោយសារមិនបានចូលសញ្ជាតិអាមេរិក ត្រូវបានបណ្តេញវិលត្រឡប់មកវិញ អួតតាំងខ្លួនជាអនិកជនទៅ ក្នុងរបរជាគ្រូបង្រៀនភាសារអង់គ្លេស នៅសាលា ស្វីតហូម ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ រស់នៅជាមួយ ស្ត្រីម្នាក់ ដែលមិនទាន់រៀបការ ។ ចំណែកម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ រ៉េត លីមហួ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន រស់នៅផ្ទះកើតហេតុ ជាប់ផ្ទះជួលរបស់ជនសង្ស័យ ។
តាមប្រជាពលរដ្ឋក្នុងភូមិ បានឲ្យដឹងថា មុនកើតហេតុ គេមិនដឹងថា ជនសង្ស័យ ស្រាចូលខ្លួន ឬថ្នាំញៀនពេញខ្លួនដែរ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៥ ខែមិថុនានេះ ស្រាប់តែស្រែកឡូឡា ឆ្កាដៃជើង រករឿង ដេញវាយ អ្នកភូមិ ទាំងគ្មានរឿងអ្វី ជាមួយសោះ ម្នាក់ៗរត់បាតជើងសព្រាត ចាក់សោសង្ងំក្នុងផ្ទះ ខ្លាចលោកគ្រូវាយ ។ ប្រភពបន្តទៀតថា ស្របពេលលោកគ្រូបង្ក ច្រង៉េងច្រង៉ាង ស្រាប់តែ ជនរងគ្រោះ ឈ្មោះ រ៉េត លីមហួ ជិះម៉ូតូវិលមកពីទិញម្ហូបវិញ អត់ដឹងរឿង បំណងចូលផ្ទះ ដែលនៅជាប់គ្នាជាមួយផ្ទះជនបង្ក ត្រូវបានជនបង្ក ប្រដាប់ដោយញញួរកាន់នៅដៃ វាយក្បាលជនរងគ្រោះពីក្រោយ សំណាងល្អត្រូវចំមួកសុវត្តិភាព លោតចុះស្ទុះរត់គេច ហើយជនសង្ស័យរត់ចូលផ្ទះជនរងគ្រោះ ចាក់សោជាប់ពីក្នុង វាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ ជនសង្ស័យនៅតែខ្លាំង វាយបំបែកកញ្ចក់ទ្វារ យកកញ្ចក់ កែវ ចាន គប់ មកលើកម្លាំងសមត្ថកិច្ច ទោះជា សមត្ថកិច្ចប្រើប្រាស់គ្របវិធីសាស្ត្រលួងលោម ប្រពន្ធជនសង្ស័យលួង យ៉ាងណាក៏មិនស្តាប់ អស់រយៈពេល៣ម៉ោង សមត្ថកិច្ច សម្រេចប្រើ បំពង់ពន្លត់អគ្គិភ័យ យកមកបាញ់ បង្ហុយផ្សែងខ្មួល ទើបចូលចាប់ខ្លួនបាន ។

ជនសង្ស័យក្រោយពីចាប់ខ្លួនបានហើយ នៅតែខ្លាំងដដែល ដោយសារឥទ្ធិពលនៃគ្រឿងញៀន ដៃជាប់ខ្នោះហើយ នៅគម្រាមសមត្ថកិច្ចទៀត ខ្លាំងរបស់លោកគ្រូមែន បង្រៀនសិស្សម្តេចទៅ បើគ្រូធុននឹង ញៀនថ្នាំដល់កហើយ ។ សមត្ថកិច្ចនាំខ្លួនទៅកាន់ផ្នែកជំនាញអធិការដ្ឋាន ហើយជនរងគ្រោះ ក៏ទៅដាក់ពាក្យបណ្តឹងផងដែរ ដោយខូតខាតទ្រព្យសម្បត្តិអស់ជាច្រើន នៅក្នុងផ្ទះ ៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print