ខេត្តបាត់ដំបង៖ផ្ទះអ្នករត់រថយន្តតាក់ស៊ីុម្នាក់នៅភូមិសូភី១សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានក្រុមចោរចូលទៅគាស់ចង្រឹងដែកបង្អួចលួចយកទ្រព្យសម្បត្តិបានសម្រេចសរុបជិត២ម៉ឺុនដុល្លារ ខណៈដែលម្ចាស់ផ្ទះចាក់សោទ្វារផ្ទះចោលទៅធ្វើការរកស៊ីខាងក្រៅអស់។
បើតាមម្ចាស់ផ្ទះមានឈ្មោះស៊ឹម ចាន់ទីកា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុខាងលើ បានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថានៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ គាត់បានចេញទៅរត់រថយន្តតាក់ស៊ី ចំណែកបងប្អូនមួយចំនួនទៀតទៅប្រកបមុខរបរនៅខាងក្រៅអស់ ដោយចាក់សោទ្វារផ្ទះចោល។លុះនៅម៉ោង៦និង១៥នាទីល្ងាចថ្ងៃដដែល ពេលដែលខ្លួនត្រឡប់ចូលផ្ទះវិញ ក៏ស្រាប់តែឃើញក្នុងផ្ទះមានសភាពខុសប្រក្រតីត្រូវបានគេរើកកាយអីវ៉ាន់រាយប៉ាយពេញក្នុងផ្ទះ ដោយមានការសង្ស័យគាត់ក៏បានរកមើលនៅជុំវិញផ្ទះទើបដឹងថា ក្រុមជនមិនស្គាល់មុខបានកាត់ដែកចង្រឹងបង្អួចចូលទៅក្នុងផ្ទះ ដើម្បីលួចយកលុយកាក់ និងទ្រព្យសម្បត្តិ។ នៅពេលគាត់ត្រួតពិនិត្យនៅកន្លែងទុកទ្រព្យសម្បត្តិក៏ត្រូវបានចោរគាស់កកាយយកទៅអស់។ ទ្រព្យសម្បត្តិដេលបាត់បង់នោះរួមមានលុយថៃប្រហែល២០ម៉ឺនបាត ចិញ្ចៀនប្លាទីនចំនួន៥វង់ ខ្សែ.កប្លាទីនចំនួនពីរខ្សែ បន្តោងខ្សែ.កចំនួន៥បន្តោង ដែលសរុបជាទឹកប្រាក់ប្រហែល ១៧០០០ដុល្លារ។
លោក សំ វិឡុង មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងបាត់ដំបងបានបញ្ជាក់ថា ពិតជាមានករណីចោរចូលលួច ទ្រព្យសម្បត្តិ ផ្ទះប្រជាពលរដ្ឋនៅចំណុចខាងលើនោះមែន ។ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវហើយ តាមស្វែងរកចាប់មុខសញ្ញាចោរលួចនោះយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕សំ វិច្ឆិកា