ភ្នំពេញ៖ ទីតាំងក្រុមហ៊ុនយីហោ” ហុង ថន ខសបេធីក ឯក” ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចុះឆែកឆេរសង្ស័យលួចផលិតគ្រឿងសម្អាង(ឡេ)គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ក្រោយសមត្ថកិច្ចធ្វើការហ៊ុមព័ន្ធទីតាំងនេះអស់រយៈពេល២យប់ទៅហើយ ទើបខាងម្ចាស់ផ្ទះអនុញ្ញាតឲ្យចូលត្រួតពិនិត្យ ។
ករណីចុះបង្រ្កាបទីតាំងលួចលាយឡេខុសច្បាប់ខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង ១០និង២០នាទីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះល្វែងមួយកន្លែងដាក់ស្លាកក្រុមហ៊ុនយីហោ” ហុង ថន ខសបេធីក ឯក”តាមបណ្ដោយផ្លូវបេតុង ស្ថិតនៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយទោល ឡុង ស្រេង សហការជាមួយនគរបាលខណ្ឌមានជ័យ និងមានការសម្របសម្រួលពីលោក កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
បច្ចុប្បន្ន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កំពុងធ្វើការត្រួតពិនិត្យនិងឆែកឆេរទីតាំងផលិតឡេខុសច្បាប់នេះ ដោយមិនទាន់បានបញ្ជាក់ថាមានគ្រឿងសម្អាងប្រភេទអ្វី ឬម៉ាកអីនោះទេ ៕
ភារ៉ា ដង្កោ