រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើប Mercedes GL550 មួយគ្រឿង ក្នុងល្បឿនយា៉ងលឿន ក៏បាន រេចង្កូតជ្រុលទៅបុកបង្គោលភ្លើង១ដើមយ៉ាងពេញទំហឹង បណ្តាលឱ្យបង្គោលភ្លើង១ដើមបាក់ទ្រេតដល់ដី ចំណែកអ្នកនៅក្នុងរថយន្តរបួស ស្រាល។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៣ និង៣០នាទីទៀបភ្លឺថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១៩៣ កែងនិងផ្លូវលេខ៣៦៦ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងក្នុងនោះមានបុរសជនជាតិចិន៣នាក់ ដោយបុរសម្នាក់ជាអ្នកបើករថយន្តមា៉កMercedes GL550 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2-AJ6888 បានបើកបរតាមបណ្តោយផ្លូវលេខ១៩៣ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចផ្លូវកែងលេង៣៦៦ រថយន្តក៏បួងចង្កូតបត់ឆ្វេងក្នុងល្បឿនយា៉ងលឿន ក៏ជ្រុលទៅបុកបង្គោលភ្លើង១ដើមបណ្តាលឱ្យបាក់ទ្រេតដល់ដី និងដាច់ខ្សែភ្លើងរប៉ាត់រប៉ាយពេញផ្លូវ ។ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ធ្វើឱ្យរថយន្តទៅមុខលែងរួច ចំណែកអ្នកនៅក្នុងរថយន្តរបួស ស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុភ្លាមៗនិងបានឃាត់អ្នកបើករថយន្តបង្ក និងបានធ្វើការវាស់វែងយករថយន្ត រក្សាទុកនៅនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕