ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន លោកមីណូរុ គីអ៊ូឈី (H.E.Minoru KIUCHI) ដើម្បីពិភាក្សាការងារ ពាក់ព័ន្ធការគ្រប់គ្រងសំរាម ការងារដឹកជញ្ជូន ការងារលូប្រ ឡាយ និងប្រព័ន្ធទឹកសម្អុយ និងការងារអភិរក្សបរិស្ថាន ដើម្បីកែលម្អបរិស្ថាន និងជំរុញការអភិវឌ្ឍ ក្នុងរាជធានីភ្នំពេញ។ ជំនួប នេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញ ។
ក្នុងជំនួបសម្ដែងការគួរសមនោះដែរក៏មានវត្តមានលោក ហូរីណូអ៊ូឈី ហ៊ីដេហ៊ីសា( H.E.HORINOUCHI Hideh isa ) ឯកអគ្គរាជទូតវិសាមញ្ញានិងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក សូហ្គាណូ យូអុីឈី (Mr. Sugano Yuichi )ប្រធានJICA ប្រចាំកម្ពុជា លោក គូសុីយ៉ាម៉ា សាតូរុ( Mr.Kushiyama Satoru) ប្រធានមន្ទីរបរិស្ថានគីតាគ្យូស៊្សូ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍនៅរាជធានីភ្នំពេញ ភាគីទីក្រុង បាននិងកំពុងគាំទ្រដោយបង្កើតនូវផែនការយុទ្ធសាស្ត្រ សំរាប់គាំពារការបម្រែបម្រួល អាកាសធាតុ ដោយផ្តោតលើការងារអាទិភាពចំនួន៦ រួមមាន៖ ការងារគ្រប់គ្រងសំរាម, ការងារថាមពល, ការងារដឹកជញ្ជូន, ការងារលូប្រឡាយ និងប្រព័ន្ធទឹកសម្អុយ, ការងារអភិរក្សបរិស្ថាន និងការងារផលិតផលបៃតង។ លោកបន្ដថា ក្នុងដំណើរទស្សនកិច្ចនេះ គឺទី១៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និងគីតា គ្យូស៊្សូ ក្នុងនាមជាទីក្រុងសម្ព័ន្ធមេត្រីភាព, ទី២៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការអនុវត្តគម្រោង ដែលកំពុងតែអនុវត្ត រវាងទីក្រុងគីតាគ្យូស៊្សូ និងទីក្រុងភ្នំពេញ លើការគ្រប់គ្រងសំណល់រឹង នៅក្នុងរាជធានីភ្នំពេញ និងទី៣៖ ដើម្បីថ្លែងអំណរគុណ ដល់ក្រុមការងារ ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ដែលតែងតែចំណាយពេលវេលា ក្នុងការជួបពួកគាត់ នៅពេលដែលពួកគាត់មកបំពេញទស្សនកិច្ច នៅរាជធានីភ្នំពេញ៕
ដោយ៖ សំរិត