ខេត្តរតនគិរី៖ កំលាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ទាក់ទឹនករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបញ្ជូនទៅសាលាដំបូងខេត្ត។
ការចុះបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៤នាក់នោះសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃច័ន្ទ ១៤ រោច ខែជេស្ឋ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ទោ យឹន ចំណាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងមានបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួលពី លោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីផងដែរ។
ប្រភពពីការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះមាន ទី១.ឈ្មោះ ឡេន សូលីន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ។
ទី២.ឈ្មោះព្រីង គីមហុង ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
ទី៣.ឈ្មោះវាំង ច័ន្ចសុវណ្ណ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបមិនពិតប្រាកដ។
ទី៤.ឈ្មោះជុន ភារុណ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
ក្រោយពីបានឃាត់ខ្លួនកម្លាំងជំនាញធ្វើការឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០៣កញ្ចប់ និងសម្ភារៈសេពមួយចំនួនទៀត។
ជនសង្ស័យខាងលើនោះបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង០៤នាក់តែម្តង។
វត្ថុតាងរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់ទម្ងន់៤.៤៨ក្រាមទាំងសំបកថង់ ទូរស័ព្ទមួយគ្រឿងម៉ូតូ០២គ្រឿងដាវសាំមូរ៉ៃមួយដើម
និងសម្ភារៈសេពថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញកសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តរតនគិរីចាត់ការតាមនិតិវិធីច្បាប់៕
ដោយ ជីវន្ត័