https://www.youtube.com/watch?v=XIMSKY3sc8A&feature=youtu.be&fbclid=IwAR004MYqpEHOr90GM-p-xOOKujCv9umdJS1lOo4x4aCrJs1AW4zFks7ggMM
ភ្នំពេញ៖ចាប់ដៃគូច្រៀងរួមជាថ្មីរបស់ នាងប្រាក់ សុគន្ធ និង សយ រតនា ក្នុងបទ ”ខ្ញុំគ្មានអ្នកណាស្រលាញ់ទេ”កំពុងធ្វើឲ្យទស្សនិកជន ពិសេសក្រុមយុវវ័យពេញចិត្តខ្លាំងព្រោះតែអត្ថន័យមនោសញ្ចេតនាស៊ីជម្រៅ និងចាក់ចំបេះដូងអ្នកគាំទ្រ។ ចាប់អារម្មណ៍កាន់តែខ្លាំងក្នុងបទថ្មីក៏ស្របពេលដែលតារាចម្រៀងវ័យក្មេងទាំងពីទទួលបានឱកាសការងារសិល្បៈថ្មីៗជាច្រើននៅចុងឆ្នាំ២០១៩នេះ។
“មានខួរក្បាលតែមួយ ប៉ុន្តែត្រូវប្រឈមនឹងបញ្ហាជាច្រើន ស្របពេលគ្មានអ្នកជួយប្រឹក្សាផ្តល់កម្លាំងចិត្ត” ជាអ្វីដែលក្រុមយុវវ័យជាច្រើនកំពុងប្រឈម ហើយអ្វីដែលសំខាន់គឺការបាត់បង់ទំនុកចិត្ត ក៏ប្រឈមនឹងជំងឺបាក់ទឹកចិត្ត។ វាជាមួយផ្នែកនៃអត្ថន័យបទចម្រៀង ហើយត្រូវបានក្រុមយុវវ័យពេញចិត្តនិងប្រើប្រាស់សម្រាប់ការស្តាប់កម្សាន្ត និងចែករំលែកបន្ត។ តារាចម្រៀង និងជាអ្នកនិពន្ធ លោក សយ រតនា បានបញ្ជាក់ថា ជាបទនិពន្ធថ្មីទាំងបទភ្លេង និងទំនុកច្រៀង ដែលបង្កប់ដោយអត្ថន័យស៊ីជម្រៅមួយ។ លោកថាពិតជាអរគុណសម្រាប់ការទាញយកមកស្តាប់ និងចែករំលែកបន្ត។ លោកថាបទនេះក៏ចង់ទាញការចាប់អារម្មណ៍ឲ្យមនុស្សគ្រប់រូបជួយផ្តល់កម្លាំងចិត្តគ្នាទៅវិញទៅមក និងព្យាយាមស្វែងយល់ពីគ្នាទៅវិញទៅមក។
លោក នាងប្រាក់ សុគន្ធ វិញបញ្ជាក់ថាវាជាបទចម្រៀងថ្មីមួយទៀតដែលលោករួមគ្នាជាមួយលោក សយ រតនា។ លោកបន្តថា ពិតជាប្លែកថ្មីសម្រាប់ទស្សនិកជន ហើយជាអ្វីដែលអ្នកគាំទ្រចង់បាន។ លោកថាក្រៅពីស្នាដៃថ្មីចុងក្រោយនេះ លោក រួមទាំង លោក សយ រតនា និងតារាចម្រៀងមួយចំនួនទៀតនឹងបញ្ចេញស្នាដៃថ្មីពីសេសគឺការចេញច្រៀងនៅក្រៅប្រទេសលើកដំបូងនៅប្រទេសអូស្ត្រាលីក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។ លោកថា ក្រោយច្រៀងនៅផលិតកម្មមរតកមេឌៀ និងបញ្ចេញបទច្រៀងថ្មីលោកក៏ទទួលបានឱកាសការងារថ្មីពិសេសការច្រៀងនៅតាមបណ្តាការប្រគំតន្ត្រីតូចធំមួយចំនួនផងដែរ។
លោករំពឹងថាស្នាដៃថ្មីនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ហើយរំពឹងដែរថាឱកាសការងារថ្មីៗជាច្រើននឹងបន្តកើនឡើងនៅចុងឆ្នាំ២០១៩នេះ៕
ដោយ វឌ្ឍនា