ចិនអាចបញ្ជូនកម្លាំងទៅការពារ ទប់ស្កាត់បាតុកម្មនៅហុងកុង

ចែករំលែក៖

បើស្ថានភាពបាតុកម្មនៅកោះហុងកុង មិនមានសញ្ញាបញ្ចប់នោះ​រដ្ឋាភិបាលទីក្រុងប៉េកាំង អាចនឹងបញ្ជូនកម្លាំង ទាហាន ទៅជួយទប់ស្កាត់បំបែកហ្វូងបាតករ កំពុងតែ​រុញច្រានកោះហុងកុងធ្លាក់ចូលក្នុងវិបត្តិទ្រង់ទ្រាយធំ​ និងខាតបង់សេដ្ឋកិច្ចជាតិជាច្រើន​។

សារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩ បានផ្សាយថា ចិនបានត្រៀមរួចរានូវរថពាសដែក និងរថក្រោះជាច្រើនគ្រឿង កំពុងចល័តលើដងផ្លូវក្នុងទីក្រុងមួយមានព្រំប្រទលល់នៅមិនឆ្ងាយ ប៉ុន្មានឡើយពីទីក្រុងហុងកុង។

យោងតាមរូបភាពច្រើនសន្លឹកខាងលើរថពាសដែក និងរថក្រោះបានចល័តលើដងផ្លូវក្នុងទីក្រុង សិនជិន (Shenzhen) ដើម្បីធ្វើសមយុទ្ធមួយ ហើយការបញ្ចេញរូបភាពទាំងនេះទៀតសោត ធ្វើឡើងក្រោយរដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានក្រុមបាតុករថា ខ្លួនអាចនឹងធ្វើអន្តរាគមន៍ ដោះស្រាយវិបត្តិបច្ចុប្បន្ននៅក្នុងទីក្រុងហុងកុង។
គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង បានផ្ទុះឡើងអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ដោយកាលពីថ្ងៃចន្ទម្សិលមិញ បាតុកម្មនៅឯអាកាសយានដ្ឋានក្រុងហុងកុង ដែលមានបាតុករចូលរួមប្រមាណជាង ៥,០០០នាក់ បានបង្ខំឱ្យជើងហោះហើរទាំងអស់ត្រូវបានលុបចោល រីឯរដ្ឋាភិបាលចិនដីគោកបានចាត់ទុកបាតុកម្មដ៏ហិង្សាគឺជា «សកម្មភាពភេរវកម្ម»។
នៅពេលនេះដែរប៉ូលិសកោះហុងកុង បានចាត់វិធានការយ៉ាងតឹងតែង ចំពោះក្រុមបាតុករ នៅក្នុងតំបន់​ Causeway Bay ដោយចាប់ខ្លួនបាតុករចំនួន​១៥នាក់បន្ថែមទៀត ដែលលាក់ទុកអាវុធ ដោយខុសច្បាប់ ជាច្រើនប្រភេទ រួមមាន កាំភ្លើង​ឡាស៊ែរ កាំភ្លើងកៅស៊ូ និងអាវុធ​មួយចំនួនទៀត។
ស្នងការប៉ូលិសហុងកុង បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី​៩ ដល់ថ្ងៃទី​១២ ខែសីហា ប៉ូលិសបានចាប់ខ្លួនបាតុករជ្រុលនិយម សរុបដល់ទៅ​១៤៩នាក់ ដោយចោទប្រកាន់ពីបទល្មើសផ្សេងៗគ្នា​ ក្នុងនោះមាន វាយប្រហារ​ប៉ូលិស និង​រារាំងការអនុម័តច្បាប់របស់កម្លាំងសន្តិសុខ​។

មានប្រសាសន៍ នៅក្នុងសន្និសីទកាសែត​ ក្នុងទីក្រុងប៉េកាំង ​អ្នកនាំពាក្យការិយាល័យតំណាងរដ្ឋាភិបាលចិន ទៅទីក្រុងហុងកុង និងម៉ាកាវ​ បានថ្កោលទោសយ៉ាងខ្លាំងដល់ក្រុមបាតុកម្ម​ ដែលបានគប់គ្រាប់បែកផ្សែងទៅលើកម្លាំងសន្តិសុខ​។ សកម្មភាពទាំងនោះជាសញ្ញា នៃក្រុមភេរវករ ដែលកំពុងតែបំផ្លាញកោះហុងកុង​។

អស់រយៈពេលជាច្រើនខែកន្លងមក ការធ្វើបាតុកម្ម នៅហុងកុង មិនទាន់មានសញ្ញាបញ្ចប់នៅឡើយ ហើយក្រុមបាតុករនៅតែបន្ដទាមទារឲ្យមេដឹកនាំកោះហុងកុង ចាកចេញពីតំណែង។ ប៉ុន្តែកន្លងមកនេះ មេដឹកនាំកោះហុងកុង លោកស្រី Carrie Lam បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនថា លោកស្រីនឹងមិនចុះចេញពីតំណែងនោះឡើយ​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print