ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Alexandre Huynh នាយកអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារជំនាញផ្នែកច្បាប់ដឹកនាំដោយលោកស្រី Teresa Amador ក្នុងគោលបំណងសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពនៃការធ្វើវិសោធនកម្មច្បាប់ស្តីពីជលផល។
ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះអង្គការ FAO ដែលបានផ្តល់ និងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសរដ្ឋបាលជលផល ដើម្បីរួមគ្នាអភិវឌ្ឍន៍អនុវិស័យនេះ ជាក់ស្តែងតបតាមការអញ្ជើញរបស់រដ្ឋបាលជលផល ក្រុមការងារជំនាញផ្នែកច្បាប់របស់អង្គការ FAO បានមកជួយរៀបចំ កែសម្រួល និងបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីជលផល ដែលច្បាប់នេះ ពិតជាមានសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើនដល់ការអភិវឌ្ឍ និងអភិរក្សអនុវិស័យនេះប្រកបដោយចីរភាព បរិយាប័ន្ន និងនិរន្តរភាព សមស្របតាមកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមនឹងនេះ ដើម្បីអភិវឌ្ឍន៍អនុវិស័យនេះឲ្យមានការរីកចម្រើនថែមទៀត លោករដ្ឋមន្ត្រីមានក្តីសង្ឃឹម និងជឿជាក់ថាអង្គការ FAO និងដៃគូដ៏ទៃទៀត នឹងអាចជួយពិនិត្យ លទ្ធភាពក្នុងការផ្ដល់ការគាំទ្រគម្រោងបន្ថែមលើការវាយតម្លៃជាទូទៅមួយ លើវិស័យកសិកម្ម និងវិស័យនានាដែលជាប់ពាក់ព័ន្ធនឹងការគាំទ្រលើវិស័យកសិកម្ម ដែលបានធ្វើឲ្យកំណើនក្នុងវិស័យនេះ ដែលកំពុងជួបមានបញ្ហាប្រឈប ដែលធ្វើមានកំណើនតិចទួច ក្នុងរយៈពេលនេះប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងការនាំចេញផលិតផលកសិកម្មផងដែរ។
បន្ទាប់ពីបានស្តាប់នូវប្រសាសន៍លើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីលោក Alexandre Huynh និងលោកស្រី Teresa Amador បានឯកភាពទាំងស្រុង និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាព ក៏ដូចជាសមិទ្ធផលនានាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបាននាពេលកន្លងមក។ ពាក់ព័ន្ធការធ្វើវិសោធនកម្មច្បាប់នេះលោកស្រីបានរាយការណ៍ជូនលោករដ្ឋមន្រ្តីជ្រាបថា ដោយមានកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធធ្វើឲ្យដំណើរការនៃការរៀបចំច្បាប់នេះប្រព្រឹត្តទៅបានយ៉ាងរលូន និងទទួលបានលទ្ធផលល្អប្រសើរ ហើយសង្ឃឹមថានឹងអាចបញ្ចប់នាបំណាច់ឆ្នាំ២០១៩ នេះ។ ដោយឡែកចំពោះការស្នើសុំការស្នើសុំគម្រោងធ្វើការវាយតម្លៃជាទូទៅមួយក្នុងវិស័យកសិកម្ម FAO ទទួលយកទៅពិនិត្យ និងពិភាក្សាជាមួយដៃគូដ៏ទៃទៀត ដើម្បីមានវិធានការ និងចូលរួមសហការ ។
លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គការ FAO ដែលតែងតែជួយឧបត្ថម្ភ គាំទ្រជំនួយបច្ចេកទេស លើការកសាងគោលនយោបាយ និងការអភិវឌ្ឍន៍វិស័យកសិកម្មកន្លងមក៕
ដោយ៖ ស រស្មី