ស្ថានភាពនៅតំបន់កាស្មៀរកាន់តែតានតឹង អង្គការសហប្រជាជាតិកោះប្រជុំជាបន្ទាន់

ចែករំលែក៖

ក្រោយពេលមានការប៉ះទង្គិចគ្នា ដោយអាវុធ រវាងឥណ្ឌា និងប៉ាគីស្ថាន នៅកាស្មៀរ ស្លាប់​១០នាក់ ធ្វើឲ្យអន្តរជាតិ​បារម្ភយ៉ាងខ្លាំងពី​សង្គ្រាមទ្រង់ទ្រាយធំ រវាង ប្រទេសបរមាណូទាំងពីរ នៅតំបន់អាស៊ី​។ ទាំងនោះហើយបានអង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយ នៅតំបន់កាស្មៀរ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​​ បានកោះប្រជុំជាបន្ទាន់នៅថ្ងៃទី​១៦ខែសីហា​ឆ្នាំ​២០១៩នេះ​​តាមសំណើ របស់ចិននិងប៉ាគីស្ថាន ​ស្តីពីការសម្រេចរបស់ឥណ្ឌា ដកសិទ្ធិគ្រប់គ្រងស្វ័យភាពនៅតំបន់កាស្មៀរ​។
តំបន់ កាស្មៀរដែលនៅតាមបណ្តោយភ្នំហែមព្វាន(Himalaya)​គឺជាចំណុចវិវាទរវាងឥណ្ឌា​និងប៉ាគីស្ថាន ដែលជាប្រទេសមានបរមាណូ ដូចគ្នា ។ ប៉ុន្តែ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពិបាក់ធ្វើសកម្មភាព ​ដោយ សមាជិក អចិន្ត្រៃចំនួន​៥ មាន​៤​ប្រទេសគាំទ្រដល់សកម្មភាពរបស់ឥណ្ឌា ទៅហើយនោះ មានតែចិនម្នាក់ឯងដែលគាំទ្រ​ប៉ាគីស្ថាន។
កាលពីថ្ងៃទី​៥ខែសីហា ឥណ្ឌា បានប្រកាស ដកហូតសិទ្ធគ្រប់គ្រងស្វ័យភាពនៅតំបន់កាស្មៀ ហើយដាក់តំបន់នេះក្នុងគ្រា អាសន្ន​​ ហើយរាល់ទំនាក់ទំនង​សេវាកម្មអ៊ីនធឺណែតនានាត្រូវកាត់ផ្តាច់​។នៅពេលនេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​ Antonio Guterres ​បានអំពាវនាវដល់ឥណ្ឌា និងប៉ាគីស្ថាន រក្សាការអត់ធ្មត់ បញ្ចៀស ការប៉ះទង្គិចគ្នាដោយអាវុធ​។
ភាពតានតឹងច្រើនទសវត្សរ៍មកហើយរវាងឥណ្ឌា និងប៉ាគីស្ថានជុំវិញអតីតរដ្ឋ ចាមមួ (Jammu) និងកាស្មៀរ បានកើនឡើងនៅនិទាឃរដូវនេះ បន្ទាប់ពីការវាយប្រហារភេរវកម្មបានសម្លាប់យោធាឥណ្ឌា រាប់សិបនាក់ ហើយស្ថានការណ៍បានឈានដល់ចំណុចកំពូលកាលពីសប្តាហ៍មុន បន្ទាប់ពីទីក្រុងញូវដេលី ប្រកាសផ្អាកដកហូតសិទ្ធិស្វ័យភាពពិសេសពីក្នុងតំបន់ ។
យោធាប៉ាគីស្ថាន និងមន្រ្តីក្នុងមូលដ្ឋានបានរាយការណ៍ថា យោធាឥណ្ឌា និងប៉ាគីស្ថាន ៨ នាក់បានស្លាប់ ក្នុងពេលមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅតាមបណ្តោយព្រំដែន រវាងឥណ្ឌា និងប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ (១៥ សីហា)​។​

ការស្លាប់នេះ បណ្តាលមកពីឧប្បត្តិហេតុពីរផ្សេងគ្នាដោយយោធាប៉ាគីស្ថាននិយាយថា អ្នកស្លាប់ និងរបួស រួមមានទាហានប៉ាគីស្ថាន ៣ នាក់។ យោធាប៉ាគីស្ថានបានអះអាងថា ទាហានឥណ្ឌា ៥ នាក់ក៏ត្រូវបានសម្លាប់ផងដែរ ដោយមាន “មនុស្សជាច្រើនបានរងរបួស” និង “លានដ្ឋានរបស់ពួកគេបានរងការខូចខាត” ។ឥណ្ឌាមិនទាន់ធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះនៅឡើយទេ ។

មន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់ AFP ថា នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយ ជនស៊ីវិលពីរនាក់ក៏ត្រូវបានគេរាយការណ៍ថា ស្លាប់ និងម្នាក់ទៀតរងរបួសនៅក្នុងការ បាញ់ប្រហារ​គ្នានៅក្នុងស្រុក Rawalakot ។

ប្រទេសឥណ្ឌា និងប៉ាគីស្ថានបានធ្វើសង្គ្រាមចំនួនពីរលើកនៅតំបន់កាស្មៀរ ដែលត្រូវបែងចែករវាង​គ្នា​នៅពេលពួកគេ​បានប្រកាសឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៤៧ ។ ភាគីនីមួយៗអះអាងអធិបតេយ្យភាពលើតំបន់ទាំងមូល​។ ភាពតានតឹងនៅកាស្មៀរ បានកើនឡើងនៅក្នុងខែកុម្ភៈ បន្ទាប់ពីការវាយប្រហារភេរវកម្មបានសម្លាប់យោធាឥណ្ឌាចំនួន ៤០ នាក់នៅក្នុងតំបន់។ ក្រុងញូវដែលីបានចោទប្រកាន់ប្រទេសប៉ាគីស្ថានថា បានផ្តល់ទីជំរកដល់ក្រុមសម្ព័ន្ធអាល់កៃដា ដែលបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារយោធាឥណ្ឌាខាងលើ ហើយ​ឥណ្ឌា​បានបើកការវាយប្រហារតាមអាកាសឆ្លងកាត់នៅជំរុំព្រំដែនរបស់ខ្លួន។ ការវាយ​ប្រហារ​តាម​អាកាស​ទាំងនោះបានរាលដាលដល់ការប្រយុទ្ធគ្នានៅតាមព្រំដែន រួមទាំងការប្រយុទ្ធតាមអាកាស ដែលក្នុងនោះ យ៉ាងហោចណាស់ក៏មានយន្តហោះឥណ្ឌា និងយន្តហោះប៉ាគីស្ថាន ម្នាក់​មួយ​គ្រឿង​ត្រូវបានបាញ់ទម្លាក់ផងដែរ។

កាលពីសប្តាហ៍មុនសភាឥណ្ឌាបានបោះឆ្នោតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឥណ្ឌា ដោយបញ្ចប់ជាផ្លូវការនូវស្ថានភាពស្វ័យភាពរបស់រដ្ឋក្នុងតំបន់ តាមមាត្រា ៣៧០ ហើយបម្លែងរដ្ឋនេះ ទៅជាទឹកដីសហភាពពីរដាច់ដោយឡែកពីគ្នាគឺ Jammu និង Kashmir និង Ladakh ។

វិធានការនេះត្រូវបានឆ្លើយតបដោយអរិភាពយ៉ាងខ្លាំងពីប៉ាគីស្ថាន ហើយមានមន្ត្រីជាន់ខ្ពស់ បានអំពាវនាវឱ្យទីក្រុងអ៊ីស្លាម៉ាបាដ ផ្តាច់ទំនាក់ទំនងការទូតជាមួយឥណ្ឌា បណ្តេញ​ប្រេសិតរបស់ឥណ្ឌាកាត់ផ្តាច់ផ្នែកខ្លះ​ការដឹកជញ្ជូនតាមរថភ្លើងនិង បិទ ដែនអាកាសជើងហោះហើរឥណ្ឌា។

នាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រា ម៉ូឌីបាន បង្ហាញអំពីការលុបបំបាត់មាត្រា ៣៧០ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយចោទប្រកាន់ថា​ សិទិ្ធ​ស្វ័យ​ភាពនេះមិនបានផ្តល់ផលប្រយោជន៍ដល់ប្រជាជននៅរដ្ឋនោះទេ ប៉ុន្តែបានត្រឹមតែជម្រុញ“ ការបំបែកខ្លួន អំពើពុករលួយ អំពើភេរវកម្ម និងការគ្រប់គ្រងដោយគ្រួសារ” ។

នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan បានប្រដូចសកម្មភាពរបស់ទីក្រុង New Delhi ទៅនឹងសកម្មភាពរបស់ណាស៊ីអាល្លឺម៉ង់ និងបានចោទប្រកាន់ សម្ព័ន្ធមិត្តដែលកំពុងកាន់អំណាចរបស់ឥណ្ឌាថា បានផ្លាស់ប្តូរប្រជាសាស្ត្ររបស់ Khasmir “ តាមរយៈការបោសសំអាតជនជាតិភាគតិច” ។ កាលពីថ្ងៃពុធ លោក Khan បានព្រមាន ថា យោធានិងប្រជាជនប៉ាគីស្ថានបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធ “ ការពារខ្លួន និងអធិបតេយ្យរបស់យើង” ចំពេលមានភាពតានតឹងហើយបាននិយាយថា សហគមន៍អន្តរជាតិនឹងទទួលខុសត្រូវ ប្រសិនបើមានសង្គ្រាមកើតឡើងរវាងមហាអំណាចនុយក្លេអ៊ែរនេះ ។

ប្រទេសប៉ាគីស្ថាន និងឥណ្ឌា បានរ​បង្កើនវត្តមានយោធារៀងខ្លួននៅក្នុងតំបន់ ដោយសារបញ្ហាតានតឹងនេះ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print