ខេត្តកំពង់ឆ្នាំង៖ ក្រុមការងារនាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានដឹកនាំគ្រឿងចក្រចុះស្តារប្រឡាយមួយខ្សែប្រវែងជាង ៧.០០០ ម៉ែត្រ ដើម្បីនាំពីប្រឡាយអាងត្រាំក្របីទៅបញ្ចូលក្នុងអាងទឹកតាកុយ សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា កន្លងមក ទឹកក្នុងអាងតាកុយនេះ យើងបានប្រមូលពីប្រភពផ្សេងៗមកបំពេញម្តងរួចមកហើយ ប៉ុន្តែត្រូវបានប្រជាកសិករទាញយកមកប្រើប្រាស់ក្នុងការងារបង្កបង្កើនផលស្រូវដើមរដូវអស់ចំនួនធំ ។ លោកបន្តថា នៅពេលនេះ បរិមាណទឹកនៅសល់ក្នុងអាង មានកម្រិតតួចតួច មិនអាចបន្តផ្គត់ផ្គង់ឱ្យដំណាំស្រូវដែលប្រជាកសិករទើបនឹងដាំដុះប្រមាណ ៤៥០ ហិកតា បាននោះទេ ។
លោក ឈា ប៊ុនរិទ្ធ បានបន្តថា ពិនិត្យឃើញស្ថានភាពនេះ ក្រុមការងាររបស់យើងបានសម្រេចធ្វើការស្តារប្រឡាយមួយខ្សែប្រវែងជាង ៧.០០០ ម៉ែត្រ ដើម្បីនាំទឹកពីប្រឡាយអាងត្រាំក្របី ទៅបំពេញបន្ថែមក្នុងអាងទឹកតាកុយ ។ ការងារស្តារប្រឡាយមួយខ្សែនេះ យើងបានចាប់ដំណើរការកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៥ ហើយគ្រោងនឹងបញ្ចប់នៅរសៀលថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៥ នេះ។
លោកបន្តថា បន្ទាប់ពីស្តារប្រឡាយរួច ក្រុមការងាររបស់យើង នឹងរៀបចំដំឡើងម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) ចំនួន ០២ គ្រឿង សម្រាប់បូមទឹកពីប្រឡាយអាងត្រាំក្របី ទម្លាក់ចូលប្រឡាយដែលយើងបាន និងកំពុងស្តារនេះ ដើម្បីបញ្ជូនទឹកទៅបញ្ចូលក្នុងអាងតាកុយ តែម្តង ៕
ដោយ៖ សុខ ខេមរា