ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ត្រី មាស ប៊ុនធឿន នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ សហការចុះបង្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ដោយបំផ្លាញនូវឧបករណ៍ជាវត្ថុតាង ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ នៅលើផ្ទៃទឹកបឹងទន្លេសាប ចាប់ពីចំណុចភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រហូតដល់ព្រំប្រទល់ភូមិកំពង់ក្រចាប់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង ។
យោងតាមរបាយការណ៍កម្លាំងចុះប្រតិបត្តិការឃើញថា លទ្ធផល៖ បង្រ្កាបនូវឧបករណ៍ខុសច្បាប់ស្ដីពីជលផល(របាំងសាច់អ៊ួន)ចំនួន ៥ខ្សែ ស្មើនឹងប្រវែងចំនួន ២៨០០ម៉ែត្រ ក្បាលបរចំនួន ១០គ្រឿង របាំងស្បៃមុងចំនួន ២ខ្សែ ស្មើនឹងប្រវែងចំនួន ៣១០ម៉ែត្រ លូកងសាច់អ៊ួនចំនួន ៤គ្រឿង បង្គោលចម្រឹងចំនួន ៣១០០ដើម និងចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបវិញចំនួន ១២០គីឡូក្រាមផងដែរ ។
របាយការណ៍ដដែលបន្តទៀតថា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបករណ៍បទល្មើសនេសាទជាវត្ថុតាង ដែលកម្លាំងធ្វើការបង្រ្កាបបានបំផ្លាញចោលនៅកន្លែង ចំពោះជនប្រព្រិត្តរត់គេចខ្លួន កម្លាំងដដែលសន្យាបន្តសហការធ្វើការបង្រ្កាបទៀតឲ្យភ្លៀងរលឹម ៕
ដោយ៖ បុឹម ពិន