វិវាទនៅតំបន់សមុទ្រចិនខាងត្បូងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងចិននិងហ្វីលីពីន ។ ប៉ុន្តែពលរដ្ឋចិននៅតែទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពិនជាច្រើន នៅក្នុងឆ្នាំនេះ។តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ហ្វីលីពីន បានបញ្ជាក់ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ថា ភ្ញៀវទេសចរចិន ជាង១លាននាក់ បានទៅកាន់ប្រទេសហ្វីលីពីន ចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០១៩នេះ ផងដែរ។
ប្រភពពព័ត៌មាន បញ្ជាក់ថា ភ្ញៀវទេសចរបរទេស បានធ្វើដំណើរទៅកម្សាន្ត នៅក្នុងប្រទេសហ្វីលីពីន មានការកើនឡើង១២.៤ភាគរយ ប្រៀបធៀបនឹងអំឡុងពេល៧ខែដូចគ្នា កាលពីឆ្នាំកន្លងទៅ គឺមានសរុបប្រហែល៤.៨៥លាននាក់ ។
ភ្ញៀវទេសចរ មកពីកូរ៉េខាងត្បូង នៅតែឈរលំដាប់កំពូលគេ ក្នុងទីផ្សារទេសចរណ៍បរទេសរបស់ហ្វីលីពីន។ ភ្ញៀវមកពីកូរ៉េខាងត្បូង មានរហូតដល់ ១ ១១៣ ២៧៤ នាក់ ។ បន្ទាប់មក គឺភ្ញៀវទេសចរចិន មានចំនួន ១ ០៣៨ ៤០៩ នាក់។ ភ្ញៀវទេសចរអាមេរិក ឈរលំដាប់ទី៣ មានចំនួន៦៦៣ ១១៦នាក់ បន្ទាប់មក គឺភ្ញៀវទេសចរជប៉ុន ឈរលំដាប់ទី៤ ដែលមានចំនួន ៣៨២ ៦៣៤នាក់ ។
ហ្វីលីពីនបានដាក់ផែនការសម្រេចឲ្យបានភ្ញៀវទេសចរកើនឡើងដល់ ៨.២លាននាក់ ក្នុងឆ្នាំ២០១៩នេះ ច្រើនជាងមួយលាននាក់ គោលដៅ កាលពីឆ្នាំ២០១៨ ។ វិស័យទេសចរណ៍ ត្រូវរដ្ឋាភិបាលហ្វីលីពីនចាត់ទុកថា ជាវិស័យដ៏មានសារសំខាន់ ក្នុងការជួយជ្រោងសេដ្ឋកិច្ចរបស់ជាតិ ឲ្យកាន់តែរីកចម្រើនជឿនលឿន ។
រដ្ឋាភិបាលហ្វីលីពីន បានអះអាងថា ក្រសួងទេសចរណ៍ហ្វីលីពីន បានទទួលខុសត្រូវ ក្នុងកិច្ចការងាររបស់ពលរដ្ឋប្រហែល ៥.៤ លាននាក់ តាមរយៈវិស័យទេសចរណ៍ ក្នុងឆ្នាំ២០១៨ ហើយបានចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិប្រហែល ៤១.៩៦ លានដុល្លារ សម្រាប់ផលិតផល ក្នុងស្រុក (GDP) ៕
ដោយ៖ មែវ សាធី