កូរ៉េខាងជើង៖ កាលពីថ្ងៃទី៩ ខែកញ្ញារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានអំពាវនាវដល់កូរ៉េខាងជើង ចាប់ផ្តើមដំណើរការពិភាក្សាស្តីពីកម្មវិធីរំសាយបរមាណូឡើងវិញ ដោយស្នើដល់កូរ៉េខាងជើង ឈប់រាល់សកម្មភាពធ្វើឲ្យតានតឹង ក្នុងនោះមានសាកល្បងមីស៊ីលជាដើម។
ក្រោយការអំពាវនាវនោះបានមួយថ្ងៃ នៅព្រឹកថ្ងៃទី១០ខែកញ្ញាកូរ៉េខាងជើង បានសាកល្បងមីស៊ីល ពីរគ្រាប់ទៀត បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ កូរ៉េខាងជើងបានបាញ់មីស៊ីលមិនស្គាល់ភិនភាគចំនួន២គ្រាប់បន្ថែមទៀតពីតំបន់ភាគខាងលិចទៅកាន់សមុទ្រភាគខាងកើតកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីប្រទេសនេះបានប្រកាសមួយថ្ងៃថា នឹងបន្តពិភាក្សាជាមួយសហរដ្ឋអាមេរិកនៅពាក់កណ្តាល ឬនៅជិតចុងខែកញ្ញា ឆ្នាំ២០១៩នេះ ។
មិនមានព័ត៌មានលម្អិតអំពីមីស៊ីល និងរយៈចម្ងាយរបស់វានោះឡើយ ។ តែសេចក្តីថ្លែងការណ៍មួយបាននិយាយថា មីស៊ីលមិនស្គាល់ភិនភាគ ពិតជាបានបាញ់២លើកប្រាកដមែនទិសដៅទៅភាគខាងកើត ពីដែនកោះមួយ ក្នុងខេត្ត South Pyongan កូរ៉េខាងជើង ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ។
សារព័ត៌មាន យ៉នហាប់ ដកស្រង់ប្រភពពីអគ្គនាយសេនាធិការធិការចម្រុះកូរ៉េខាងត្បូងបញ្ជាក់ថា យោធាកូរ៉េខាងត្បូងបាននិងកំពុងពិនិត្យតាមដានសភាពការនេះដោយប្រុងប្រយ័ត្ន ក្រែងមានករណីបាញ់បន្ថែមទៀត ហើយនិងត្រៀមទប់ទល់ជាស្រេចចំពោះឥរិយាបថនេះ ។
ដោយឡែកមន្ត្រីក្រសួងការបរទេសជប៉ុនបានថ្លែងប្រភពរ៉យទ័រថា មិនមានមីស៊ីលបាល្លិស្ទិកអ្វីឡើយបានធ្លាក់មកក្នុងទឹកដីជប៉ុន ឬតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ)របស់ជប៉ុន ។ គ្មានការគំរាមកំហែងភ្លាមៗនេះឡើយដល់សន្តិសុខជាតិរបស់ជប៉ុន ។
សូមបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងជាញឹកញាប់នេះ កើតឡើងមួយថ្ងៃប៉ុណ្ណោះ ដែលប្រទេសនេះបានប្រកាសថា នឹងបន្តពិភាក្សាជាមួយសហរដ្ឋអាម៉េរិកនៅពាក់កណ្តាលខែ ឬដំណាច់ខែកញ្ញា ឆ្នាំ២០១៩ ៕
ដោយ៖ មែវ សាធី