ប្រទេសថៃ៖ ភ្លៀងធ្លាក់ខ្លាំងជាប់គ្នា ជាច្រើនថ្ងៃដោយសម្ពាធទាបសីតុណ្ហភាព បណ្តាលឲ្យខេត្តមួយចំនួននៅតំបន់ភាគខាងជើង ប្រទេសថៃ ត្រូវលិចលង់យ៉ាងខ្លាំង មិនធ្លាប់មានពីមុនមក។ ក្នុងចំណោមខេត្តដែល លិចលង់ខ្លាំងជាងគេនោះគឺខេត្ត Ubon Ratchathani ប្រឈមការលិចលង់យ៉ាងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល១៧ឆ្នាំកន្លងមក ។
តាមការលើកឡើងរបស់មន្ត្រីក្រសួងកសិកម្មរបស់ប្រទេសថៃ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ បញ្ហាទឹកជំនន់នៅ ភាគខាងជើងខេត្ត Ubon Ratchathani ដែលកម្រិតទឹកជំនន់នៅ ទីនោះ បានជន់ឡើងខ្ពស់ ជាងកម្រិតទឹកជំនន់កាលពីឆ្នាំ២០០២នោះទៅទៀត ។
លោកChalermchai Sri-on រដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសថៃបានបញ្ជាក់ថា ខេត្តអ៊ូប៊ុនរាជធានី បានជួបប្រទះនូវគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេល១៧ឆ្នាំចុងក្រោយនេះ ។ លោកបានបញ្ជាក់ថា ទឹកជំនន់បានហូរមកពីភាគខាងជើង និងភាគឦសាន ហូរឆ្លងកាត់ខេត្តអ៊ូប៊ុនរាជធានី ចូលទៅកាន់ទន្លេមេគង្គ ។
ជាមួយគ្នានេះដែរ ក្រុមមន្ត្រីធារាសាស្រ្ត របស់ប្រទេសថៃ បានអះអាងថា បច្ចុប្បន្នក្រុមរបស់ខ្លួន បានដំឡើងម៉ាស៊ីនបូមទឹកចំនួន១០០គ្រឿង រួចរាល់ហើយ ដើម្បីជួយពន្លឿនការបូមទឹកចេញពីខេត្តអ៊ូប៊ុនរាជធានី ចូលទៅកាន់ដងទន្លេមេគង្គ ផងដែរ។
មន្ត្រីថ្នាក់ស្រុកម្នាក់ បានអះអាងថា កម្រិតកម្ពស់ ទឹកទន្លេ កើនឡើង ដល់១០.៨៣ម៉ែត្រ កាលពីព្រឹក ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ គឺវាកើនកម្ពស់ ខ្លាំងជាងកាលពីឆ្នាំ២០០២ និងឆ្នាំ២០១១នោះទៀត ។ ឆ្នាំ២០០២ កម្ពស់ទឹកនៅដងទន្លេ មាន១០. ៧៧ម៉ែត្រ រីឯនៅក្នុងឆ្នាំ២០១១ ទឹកជំនន់នៅគ្រានោះមាន ចំនួន៩.៨១ម៉ែត្រប៉ុណ្ណោះ ។
មន្ត្រីក្រសួងកសិកម្មរបស់ប្រទេសថៃបានបន្តថា នៅពេលនេះ ក្រសួងបានណែនាំ ឲ្យកម្លាំង ប្រុងប្រៀប ដោះស្រាយ ជាមួយទឹកជំនន់ វាយប្រហារ នៅក្នុង ស្រុកចំនួន២៥ ធ្វើយ៉ាងណា អោយទឹកជំនន់ទាំងនោះ ហូរទៅកាន់ទន្លេមេគង្គឱ្យអស់នៅក្នុង ដំណាច់ខែកញ្ញានេះ ។
ព្រមពេលជាមួយគ្នានេះផងដែរ នាយកដ្ឋាន ឧតុនិយម របស់ថៃ បានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០១៩ថា ខ្យល់ព្យុះផ្សេងមួយទៀត អាចវាយប្រហារមកលើ ខេត្តអ៊ូប៊ុនរាជធានី ចន្លោះ ពីថ្ងៃទី១០ កញ្ញា ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ៕
ដោយ៖ មែវ សាធី