ទីក្រុងប៉េកាំង៖ អាមេរិកត្រូវតែឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន

ចែករំលែក៖

អាមេរិកបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិន ម្តងជាពីរដង​ ធ្វើឲ្យស្ថានភាព កាន់តែតាន​តឹងខ្លាំងឡើង ។ ព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩។ រដ្ឋាភិបាល​ទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចោទប្រកាន់សហរដ្ឋ​អាមេរិកថា កំពុង​យក​សាំងជះលើភ្លើងនៅក្នុងវិបត្តិទីក្រុងហុងកុង បន្ទាប់ពីក្រុមមេដឹកនាំ​បាតុ​ករក្រុងហុងកុង បានអំពាវនាវដោយផ្ទាល់ឱ្យសមាជិកសភាអាមេរិក ដាក់​សម្ពាធបន្ថែមប្រឆាំងនឹងចិន ហើយសភាអាមេរិកក៏កំពុងរៀបចំតាមសំណើនោះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គែង ហ្ស័ង (Geng Shuang) ក៏បានស្នើផងដែរឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់ នូវការជ្រៀត​ជ្រែក​ចូលកិច្ចការផ្ទៃក្នុង និងការគាំទ្រដល់ក្រុមបាតុករហិង្សា ព្រមទាំងក្រុមទាមទារ​ផ្ដាច់ខ្លួន​នៅក្នុងទីក្រុងហុងកុង។ លោក Geng បានបន្ថែមយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក​ត្រូវតែ​បញ្ឈប់ជាបន្ទាន់សកម្មភាពនានា ដែលប្រៀបបានទៅនឹងការយកសាំងទៅជះលើភ្លើង និងបំផ្លាញដល់ភាពរុងរឿង ក៏ដូចជាស្ថេរភាពរបស់ទីក្រុងហុងកុង»។
គួរបញ្ជាក់ថា លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ដែលជាប្រធាន​សភាតំណាង​រាស្រ្តរបស់សហរដ្ឋអាមេរិក នាថ្ងៃពុធសប្តាហ៍នេះ បានធ្វើសន្និសីទសារព័ត៌មានមួយ ជា​មួយ​មេដឹកនាំចលនាបាតុកម្មទីក្រុងហុងកុង លោក ចូលហ័រ វ៉ុង (Joshua Wong) រួមទាំង​សកម្មជនហុងកុងមួយចំនួនទៀត ដើម្បីបង្ហាញការគាំទ្រដល់សេចក្តីព្រាងច្បាប់ ដែលសំ​ដៅលូកដៃចូលបញ្ហា នៅក្នុងទីក្រុងស្វយ័តពិសេសរបស់ចិនមួយនេះ។
ដោយឡែក គណៈកម្មាធិការពាក់ព័ន្ធនៃសភាអាមេរិក នឹងត្រូវធ្វើការបោះឆ្នោតនៅ​សប្តាហ៍​ក្រោយ​លើ សេចក្តីព្រាងច្បាប់នោះដែលមានគោលដៅ គាំទ្រដល់សិទ្ធិមនុស្ស​នៅហុងកុង ហើយចំណាត់ការដែល ស្ថិតក្រោមការពិចារណា រួមមានការវាយតម្លៃប្រចាំឆ្នាំ លើឋានៈពិ​សេស​របស់ទីក្រុងហុងកុងទាក់ទិន នឹងច្បាប់កាលពីឆ្នាំ១៩៩២ របស់អាមេរិក និងការដាក់​ទណ្ឌកម្មលើអ្នកដែលព្យាយាមរំលោភបំពាន សិទ្ធិមនុស្ស ឬក៏បំផ្លាញសិទ្ធិស្វ័យ​ភាពរបស់​ទីក្រុងនេះជាដើម។ យ៉ាងណាមិញមុនអាចចូលជាធរមាន បាន វាត្រូវឆ្លងកាត់ការ​អនុម័ត​ពី​សភាទាំងពីរជាន់ថ្នាក់របស់អាមេរិក ព្រមទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្ទាល់៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print