ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការវរសេនាតូចស៊ើបការណ៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ទោ បានថ្លែងថា ៖យោធភូមិភាគទី៥ នៅតែចាត់ទុកការហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ជាវិស័យអាទិភាពក្នុងការបង្កើនសមត្ថភាពដល់យោធិនដើម្បីធានាកិច្ចការពារប្រកបដោយប្រសិទ្ឋភាពនូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ នឹងសណ្ដាប់ធ្នាប់សាធារណ: ការពាររាជរដ្ឋាភិបាលស្របច្បាប់។
បច្ចុប្បន្ន ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ឋសាស្រ្តយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិតាមរយ:ការផ្តល់ចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ឱ្យដល់កងទ័ពជាពិសេសយោធិនវ័យក្មេងដែលជាអ្នកបន្តវេនជំនាន់ក្រោយ។
ក្នុងស្មារតីនេះការងារហ្វឹកហ្វឺនត្រូវបានចាត់ទុកជាការងារអាទិភាពចាំបាច់បំជុត ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកក្នុងយុទ្ឋសាស្រ្តការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ ។
សូមបញ្ជាក់ថារយៈពេលហ្វឹកហ្វឺនក្នុងវគ្គនេះមានរយៈពេល ៤៥ថ្ងៃ ពេលវេលាហ្វឹកហ្វឺនជាក់ស្ដែងមានរយពេល ៣០ថ្ងៃ ស្មើនឹង ២១០ម៉ោង ដែលមានសិក្ខាកាមចំនួន ៥០នាក់ លទ្ធផលទទួលបាន សិក្ខាកាម និទ្ទេសល្អចំនួន ២៥នាក់ ស្មើនឹង ៥០% សិក្ខាកាម និទ្ទេសល្អបង្គួរចំនួន ១៥នាក់ស្មើនឹង៣០% សិក្ខាកាមនិទ្ទេសមធ្យមចំនួន ១០ នាក់ ស្មើនឹង ២០% ។
ជាចុងបញ្ចប់នូវកម្មវិធីលោកឧត្តមសេនីយ៍ទោសេង ធារិន បានឧបត្ថម្ភទឹកប្រាក់ចំនួន ១លានរៀល ផងដែរ ៕
ដោយ៖ សហការី