ខេត្តមណ្ឌលគិរី ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនខេត្តមណ្ឌលគិរី បានសម្រេចបញ្ជូនអតីតសង្ឃវ័យចំណាស់ម្នាក់ទៅសាលាដំបូងខេត្ត នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ ក្រោយពីឃាត់ខ្លួនអស់រយៈពេល២ថ្ងៃ ពាក់ព័ន្ធក្នុងករណីប្រទូស្តកេរ្តិ៍ខ្មាសលើកុមារីម្នាក់មានអាយុ១២ឆ្នាំ នៅក្នុងថ្ងៃបុណ្យភ្ជុំ៣យប់ជាប់ៗគ្នា។
មន្រ្តីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនខេត្តមណ្ឌលគិរី បានឲ្យដឹងថា អតីតសង្ឃវ័យចំណាស់លើខាងលើនេះ មានឈ្មោះ សេង អ៊ឹម អាយុ៧១ឆ្នាំ ទើបបួសបាន៣ឆ្នាំប៉ុណ្ណោះនៅវត្តគិរីបក្សណាថេរាម ស្ថិតក្នុងភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា។
បើតាមលោកស្រី ហួន គឹមហេង ស្នងការរងទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខាងលើនេះ ជាព្រះសង្ឃស្នាក់អាស្រ័យនៅវត្តគិរីបក្សណាថេរាម ស្ថិតក្នុងភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ។ ដោយត្រូវឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ក្រោយពីមានពាក្យបណ្តឹងពីគ្រួសារកុមារីរងគ្រោះ ។
លោកស្រីស្នងការរងបន្តថា ការចាប់ឃាត់ខ្លួនអតីតសង្ឃរូបនេះ ព្រោះតែនៅក្នុងអំឡុងថ្ងៃកាន់បិណ្ឌ គឺថ្ងៃទី២៦-២៧ និងទី២៨ ខែកញ្ញានោះ ជនសង្ស័យ (ពេលនៅជាសង្ឃ) បានឲ្យកុមារីរងគ្រោះ និងក្មេងៗបីទៅបួននាក់ផ្សេងទៀតដែលស្នាក់នៅក្នុងវត្ត ដែលពួកគេសុទ្ធជាក្មេងកំព្រាឪពុកម្តាយ ដោយឱ្យរើកន្លែងដេកពីសាលាឆាន់ ទៅដេកនៅសាឡុំវិញ ដោយថា នៅសាលាឆាន់មានមនុស្សម្នាច្រើនដ្បិតជារដូវបុណ្យទាន។ រយៈពេល៣យប់នេះ ខណៈដែលក្មេងៗកំពុងលង់លក់ក្នុងដំណេក អតីតសង្ឃខាងលើតែងបានលួចទៅធ្វើសកម្មភាពលូកស្ទាបលើរាងកាយក្មេងស្រី និងបានគំរាមមិនឲ្យនិយាយប្រាប់អ្នកណាម្នាក់ឡើយ ប៉ុន្តែតែនៅយប់ថ្ងៃដំបូងនេះ ជនសង្ស័យរូបនេះធ្វើសកម្មភាពរួមភេទមិនបានដល់ទីជម្រៅនោះទេ។
ប្រភពដដែលបន្តថាលុះ មកដល់យប់ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៩ ជនសង្ស័យបានប្រព្រឹត្តទង្វើពុំគាប្បីបែបនេះនេះម្តងទៀតទៅលើក្មេងស្រីរងគ្រោះ តែទំនងអាចមកពីគាត់មានវ័យចាស់ជរាពេក(ខ្សោយផ្លូវភេទ)ទើបមិនដំណើរការរួមរ័កបាន រួចក៏ចាកចេញពីកន្លែងកើតហេតុបាត់។ លុះនៅយប់ថ្ងៃទី២៨ ខែឆ្នាំដដែល ជនសង្ស័យរូបនេះបានចូលទៅកន្លែងដេករបស់ក្មេងស្រីរងគ្រោះដើម្បីសាកល្បងម្តងទៀត តែនៅតែបរាជ័យដូចកាលយប់មុនៗដដែល។
លោកស្រីបន្តទៀតថា រំលងបានប្រមាណ៣ថ្ងៃ បន្ទាប់ពីមានការប៉ុនប៉ងជាច្រើនលើកច្រើនសាមិនបានសម្រេច ជនសង្ស័យហាក់មានការមិនសប្បាយចិត្តក៏បានដេញក្មេងៗ រួមនឹងក្មេងស្រីរងគ្រោះចេញពីវត្តលែងឲ្យស្នាក់នៅតទៅទៀត។ ដូច្នេះដោយបានរួចផុតពីជនសង្ស័យ ក្មេងស្រីរងគ្រោះក៏ទម្លាយរឿងសង្ឃវ័យចំណាស់រំលោភបំពានរាងកាយរបស់នាង ប្រាប់ម្តាយមីងនៅឯភូមិបានដឹង ទើបបែកធ្លាយ ហើយ ភ្លាមៗនោះម្តាយមីងក្មេងស្រី ក៏បានប្តឹងទៅសមត្ថកិច្ច រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យយកមកផ្សឹកតែម្តង។ ដោយឡែកជនសង្ស័យបានឆ្លើយសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តទង្វើនេះមែន ម្លោះហើយទើបកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ សហការី