ខេត្តបន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យបានបង្ហាញរបាយការណ៍ឱ្យដឹងថា៖ ក្នុងអំឡុងទឹកជំនន់នៅខេត្តបន្ទាយមានជ័យកើតឡើងរយៈពេល៩ថ្ងៃក្នុងរដូវបុណ្យភ្ជុំបិណ្ឌកាលពីកន្លងទៅថ្មីៗនេះ គ្រោះទឹកជំនន់នោះបណ្តាលអោយមនុស្ស៦នាក់ស្លាប់ដោយលង់ទឹក ប៉ះពាល់ប្រជាពលរដ្ឋ ២,០១៩គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋ២៣២គ្រួសារត្រូវបានជម្លៀសទៅរស់នៅលើទីទួលសុវត្ថិភាព ។ទឹកជំនន់ក៏បានប៉ះពាល់ដំណាំស្រូវ២៤,៤៦៤ហិកតា ដាច់ផ្លូវ១៥៣កន្លែង ស្មើនិងប្រវែង៥៦,២១៩ម៉ែត្រ លិចសាលារៀន១០កន្លែង និងលិចផលដំណាំផ្សេងៗជាង៤ពាន់ហិកតាផងដែរ។របាយការណ៍បង្ហាញឱ្យដឹងទៀតថា ទឹកជំនន់បង្កដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកហូរធ្លាក់មកពីប្រទេសថៃ ដែលមានស្រុកក្រុងចំនួន៧ នៃខេត្តបន្ទាយមានជ័យបានរងការលិចលង់ ចាប់តាំងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
ស្រុកក្រុងទាំង៧ដែលលិចលង់រួមមានៈ១,ក្រុងប៉ោយប៉ែត ប៉ះពាល់លើ៣សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋ៦៣៩គ្រួសារ លិចស្រូវ១,១៧២ហិកតា, លិចដំឡូងមី១០១ហិកតា និងទឹកហូរកាត់ផ្តាច់ផ្លូវ៣០០ម៉ែត្រ២,ក្រុងសិរីសោភ័ណ បានប៉ះពាល់៦សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋ៤៩៤គ្រួសារ,ស្លាប់១នាក់ ,លិចស្រូវ៤,០០១ហិកតា,ដំឡូងមី១៦ហិកតា ដំណាំរួមផ្សំ៥ហិកតា និងដាច់ផ្លូវ៩,៦៧៥ម៉ែត្រ ៣,ស្រុកអូរជ្រៅ ប៉ះពាល់៦ឃុំ ប្រជាពលរដ្ឋ២៣៧គ្រួសារ, ស្លាប់១នាក់ លិចស្រូវ៣,៣៦១ហិកតា,ដំឡូងមី៤៨២ហិកតា,ដំណាំរួមផ្សំ៦.៥ហិកតា និងទឹកហូរកាត់ផ្តាច់ផ្លូវ៦,៣៧៥ម៉ែត្រ ៤,ស្រុកស្វាយចេក បានប៉ះពាល់៤ឃុំ ប៉ះពាល់ប្រជាពលរដ្ឋ៤៦៩គ្រួសារ, លិចស្រូវ១,១១៩គ្រួសារ, ដំឡូងមី២,៩៧០ហិកតា,ដំណាំរួមផ្សំ៦.៥ហិកតា, ទឹកហូរដាច់ផ្លូវ៩,៦៧៥ម៉ែត្រ ៥,ស្រុកព្រះនេត្រព្រះ ប៉ះពាល់២ឃុំ ប្រជាពលរដ្ឋ១៨១គ្រួសារ,ស្លាប់១នាក់,លិចស្រូវ៣,២៤០ហិកតា,ដំឡូងមី៤១ហិកតា,ដំណាំរួមផ្សំ៣ហិកតា,និងទឹកហូរផ្តាច់ផ្លូវ៧,២០០ម៉ែត្រ ៦,ស្រុកថ្មពួក ប៉ះពាល់៦ឃុំ ប្រជាពលរដ្ឋ១២៦គ្រួសារ,ស្លាប់៣នាក់ក្នុងនោះមានកុមារ២នាក់,លិចស្រូវ២៦៨ហិកតា,ដំឡូងមី៦១៤ហិកតា,ទឹកហូរកាត់ផ្លូវ៧,២០០ម៉ែត្រ និង៧,ស្រុកភ្នំស្រុក ប៉ះពាល់៥ឃុំ លិចស្រូវ១១,៣៨៨ហិកតា,ដំឡូងមី៣០៥ហិកតា,និងទឹកហូរកាត់ផ្លូវ១១,២៣៩ម៉ែត្រ។
សូមបញ្ជាក់ថា ក្នុងអំឡុងទឹកជំនន់នៅខេត្តបន្ទាយមានជ័យនោះផងដែរ អាជ្ញាធរខេត្តបន្ទាយមានជ័យ សមត្ថកិច្ចទាំង៣ប្រភេទ អ្នកតំណាងរាស្រ្ត កាកបាទក្រហមកម្ពុជា និងសប្បុរសជនមួយចំនួនទៀត បានចេញជួយអន្តរាគមន៍និងផ្តល់ជូនអំណោយសង្រ្គោះបន្ទាន់ជាបន្តបន្ទាប់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់និងគ្រួសាររងគ្រោះបាត់បង់ជីវិតដោយលង់ទឹកស្លាប់។ស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យមកដល់បច្ចុប្បន្ននេះបានធូស្បើយទៅវិញនោះហើយ៕
ដោយ៖ សំ វិច្ឆិកា