វិភាគព័ត៍មានអន្តរជាតិ៖ កុមារ​​នៅជុំវិញពិភពលោក ​៥០ភាគរយកំពុងប្រឈមនៅការគំរាមកំហែងគ្រប់បែបយ៉ាង

ចែករំលែក៖

អង្គការការពារសិទ្ធិកុមារ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ​ដោយសារតែកុមារ មានរហូតដល់ទៅ​៥០ភាគរយ នៅលើពិភបលោក ប្រឈមនឹងការគំរាមកំហែង ដោយសារសង្គ្រាម ​គ្រោះអត់ឃ្លាន និង ប្រកាន់ពូជសាសន៍។ ដូច្នេះ កុមារនៅលើពិភពលោក សរុបមានដល់ទៅ​១,២ពាន់លាននាក់ប្រឈមនៅបញ្ហាខាងលើ​។ ភាគច្រើនកុមារនៅក្នុងប្រទេស តំបន់អាហ្វ្រិកខាងលិច អាហ្វ្រិកកណ្តាល​ ជាដើម​។
តាមការលើកឡើងរបស់អង្គការ​ UNICEF ​ កត្តាអវិជ្ជមាន កើតឡើងចំពោះកុមារ មានដល់ទៅពាក់កណ្តាលនៅលើពិភពលោកដោយសារតែ សកម្មភាព លោភលន់របស់មនុស្សធំ ក្នុងនោះមានប្រមុខដឹកនាំបណ្តាប្រទេសជុំវិញពិភពលោក​។
នៅក្នុងលិខិតមួយផ្ញើទៅក្មេងៗនៅជុំវិញពិភពលោកក្នុងឱកាសនៃទិវាចុះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារលើកទី ៣០ តំណាងអង្គការ យូនីសេហ្វ (UNICEF)បាននិយាយថា កាលពី៤០ ឆ្នាំមុន នៅពេលមេដឹកនាំពិភពលោកបានប្តេជ្ញាចិត្តជាប្រវត្តិសាស្ត្រដើម្បីកុមារនៅលើពិភពលោកទទួលបានការពារ និងអនុវត្តសិទ្ធិកុមារ យើងមានក្តីសង្ឃឹមពិតប្រាកដសម្រាប់មនុស្សជំនាន់ក្រោយ។ ទោះជាយ៉ាងណាក៏ដោយរហូតមកដល់បច្ចុប្បន្ននៅតាមតំបន់ជាច្រើននៃពិភពលោក កុមារមិនត្រូវបានការពារនោះឡើយ។
នៅថ្ងៃទី ៧ ខែតុលា ​អង្គការការពារកុមារ Save the Children បាននិយាយថាកុមារជាង ២ លាននាក់នៅ អាហ្វ្រិក ខាងលិចនិងអាហ្វ្រិកកណ្តាល មិនអាចត្រឡប់ទៅសាលារៀនវិញបានទេនៅក្នុងឆ្នាំសិក្សា ២០១៩-២០២០ ដោយសារតែជម្លោះនិងអស្ថិរភាពក្នុងតំបន់។ ដែលបណ្តាលឱ្យសាលារៀនជាង ៩០០០កន្លែង ត្រូវបានបិទ ហើយគ្រូ ៤៤.០០០ នាក់មិនអាចចូលថ្នាក់រៀនបាន។គ្រាន់តែនៅក្នុងប្រទេស Burkina Faso ជម្លោះនិងអំពើហឹង្សា បានបង្ខំឱ្យសាលារៀនជាង ២០០០ ត្រូវបិទទ្វារ ច្រើនជាង ១.៣០០ សាលារៀនដែលបានបិទកាលពីដើមឆ្នាំនេះ។ នៅក្នុងប្រទេសជិតខាងដូចជា កាមេរូន(Cameroon) សាធារណរដ្ឋអាហ្វ្រិកកណ្តាល ឆាដ ម៉ាលី ណៃជឺ និងនីហ្សេរីយ៉ា មានស្ថានភាពគឺស្រដៀងគ្នា។
បើយោងទៅតាមអង្គការសង្រ្គោះកុមារស្ថាប័នអប់រំបានក្លាយជាគោលដៅរបស់ក្រុមឧទ្ទាម។ សាលារៀនត្រូវបានដុតបំផ្លាញឬប្រែក្លាយទៅជាយោធភូមិ ដើម្បីបន្តវាយប្រហារគោលដៅក្បែរនោះ។ លើសពីនេះទៅទៀតខ្មាន់កាំភ្លើងក៏បានវាយប្រហារសិស្សនិងគ្រូនៅតាមផ្លូវទៅសាលារៀនសូម្បីតែនៅក្នុងថ្នាក់រៀនក៏ដោយ។ ការចាកចេញពីសាលារៀន ធ្វើឱ្យកុមារប្រឈមនឹងហានិភ័យនៃការបង្ខំឱ្យបម្រើក្នុងជួរយោធាក្លាយជាគោលដៅនៃអំពើហិង្សាការបង្ខំឱ្យធ្វើពលកម្មឬការរំលោភបំពានផ្លូវភេទ ជាពិសេសក្មេងស្រី។
នាយកអង្គការ Save the Children លោក​ hilippe Adapoe ប្រចាំនៅអាហ្វ្រិកខាងលិចនិងអាហ្វ្រិកកណ្តាល បាននិយាយថា ជម្លោះ និងអំពើហឹង្សាកើតចេញពីមនុស្សធំ តែកុមារគឺជាជនរងគ្រោះផ្ទាល់និងខ្លាំងជាងគេបំផុត។
មុននេះនៅឆ្នាំ ២០១៨ អង្គការនេះក៏បានចេញផ្សាយរបាយការណ៍មួយដែលនិយាយថាកុមារជាង ៥០% នៅលើពិភពលោកកំពុងប្រឈមនឹងការគំរាមកំហែងពីជម្លោះ ភាពក្រីក្រ ឬការរើសអើងភេទ។ យ៉ាងហោចណាស់មានកុមារចំនួន ៣៥៧ លាននាក់ឬ១/៦ នៃកុមារនៅលើពិភពលោកកំពុងរស់នៅក្នុងតំបន់ជម្លោះ។
ទោះជាយ៉ាងនេះក្តី ភាពក្រីក្រ វិសមភាព ការរើសអើង និងបញ្ហាចម្ងាយឆ្ងាយ នៅតែធ្វើឱ្យកុមាររាប់លាននាក់ ពុំបានទទួលសិទ្ធិរបស់ពួកគេជារៀងរាល់ឆ្នាំ ពោលគឺមានកុមារក្រោមអាយុ៥ឆ្នាំ ១៥.០០០នាក់​នៅបន្តបាត់បង់ជីវិតជារៀងរាល់ថ្ងៃ ភាគច្រើនដោយសារជំងឺដែលគេអាចព្យាបាលបាន និងដោយសារមូលហេតុដែលអាចបង្ការជាមុនបានផ្សេងទៀត។ យើងកំពុងប្រឈមនឹងការកើនឡើងគួរឱ្យព្រួយបារម្ភនូវករណីកុមារលើសទម្ងន់ និងករណីកុមារីមានបញ្ហាស្លេកស្លាំង។ បញ្ហាប្រឈមដែលពិបាកដោះស្រាយផ្សេងទៀតមានដូចជា ការបន្ទោរបង់ពាសវាលពាសកាល និងការរៀបអាពាហ៍ពិពាហ៍កុមារ បន្តបង្កការគំរាមកំហែងដល់សុខភាព និងអនាគតរបស់កុមារ។ ខណៈពេលដែលចំនួនកុមារកំពុងរៀនសូត្រតាមសាលារៀន មានការកើនឡើងច្រើនជាងពេលណាៗទាំងអស់ បច្ចុប្បន្ននេះបញ្ហាប្រឈមមួយទៀត គឺការពុំបានជួយឱ្យពួកគេទទួលបានការអប់រំប្រកបដោយគុណភាព។ ការមានវត្តមាននៅក្នុងសាលារៀន មិនដូចគ្នានឹងការរៀនសូត្រនោះឡើយ។ សិស្សបឋមសិក្សាជាង ៦០ ភាគរយនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ នៅពុំទាន់បានទទួលចំណេះដឹងក្នុងកម្រិតអប្បបរមានៅឡើយ ហើយក្មេងជំទង់ពាក់កណ្ដាលនៅក្នុងពិភពលោក នៅកំពុងជួបប្រទះនឹងអំពើហិង្សា ទាំងក្នុង ទាំងនៅជុំវិញសាលារៀន ដូច្នេះសាលារៀនហាក់បីដូចជាមិនមែនកន្លែងផ្ដល់សុវត្ថិភាពដល់ពួកគេនោះទេ។ បញ្ហាជម្លោះនៅបន្តធ្វើឱ្យកុមារពុំបានទទួលការការពារ សេវាសុខភាព និងអនាគតដែលពួកគេសមនឹងទទួលបាន។ បញ្ជីរាយឈ្មោះបញ្ហាប្រឈមពាក់ព័ន្ធនឹងសិទ្ធិកុមារដែលកំពុងបន្តកើតឡើង គឺជាបញ្ជីមួយដ៏វែងអន្លាយ។
ហើយមនុស្សជំនាន់របស់អ្នក ពោលគឺកុមារនាពេលបច្ចុប្បន្ននេះ កំពុងជួបប្រទះនឹងបញ្ហាប្រឈមថ្មីៗផ្សេងទៀត ព្រមទាំងការផ្លាស់ប្តូរនៅក្នុងសកលលោកដែលឪពុកម្ដាយរបស់អ្នកមិនដែលគិតដល់ក្នុងជំនាន់ពួកគេ។ អាកាសធាតុរបស់យើងកំពុងប្រែប្រួល ហួសពីអ្វីដែលយើងអាចដឹងបាន។ បញ្ហាវិសមភាពកាន់តែមានកម្រិតធ្ងន់ធ្ងរ។ បច្ចេកវិទ្យាកំពុងផ្លាស់ប្តូរការយល់ឃើញរបស់យើងពីពិភពលោក។ រួមទាំងមានប្រជាពលរដ្ឋកាន់តែច្រើនគ្រួសារកំពុងធ្វើចំណាកស្រុកជាងពេលណាៗទាំងអស់។ វ័យកុមារភាពក៏មានការប្រែប្រួលផងដែរ ហើយយើងចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរវិធីសាស្រ្តនៃការរស់នៅរបស់យើង ដើម្បី​សម្របខ្លួនទៅនឹងបញ្ហាទាំងនេះ។
ដូច្នេះ ខណៈពេលយើងធ្វើការឆ្លុះបញ្ចាំងរយៈពេល ៣០ឆ្នាំនៃការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារ យើងក៏គួរសម្លឹងទៅមុខផងដែរ ពោលគឺសម្លឹងទៅរយៈពេល ៣០ឆ្នាំបន្ទាប់។ យើងត្រូវស្ដាប់អ្នក ដែលជាកុមារ និងមនុស្សវ័យក្មេងនាពេលបច្ចុប្បន្ននេះ អំពីបញ្ហាគួរព្រួយបារម្ភធំជាងគេសម្រាប់អ្នក ហើយចាប់ផ្ដើមធ្វើការជាមួយអ្នក ដើម្បីស្វែងរកដំណោះស្រាយសតវត្សរ៍ទី២១ ចំពោះបញ្ហាដែល​កើតឡើងនៅក្នុងសតវត្សរ៍ទី២១៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print