ខេត្តបាត់ដំបង ៖ សត្វដំរីព្រៃឈ្មោលមួយក្បាលដ៏ធំ ក្នុងចំណោមដំរីជាច្រើនក្បាលទៀយបានដើរឆ្លងពីទឹកដីថៃចូលតាមច្រកទ្វារតំបន់«៤០០» ក្នុងស្រុកសំឡូត ហើយបានកាច់បំបាក់បារ៉ាស់ប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ចរបស់ខាងភាគីកម្ពុជា បណ្ដាលឲ្យខូចខាតអស់គ្មានសល់ ធ្វើឲ្យអ្នកប្រចាំការនៅទីនោះរត់ផាស់ក្រញ៉ាំទាំងយប់ ។
ការអុកឡុករបស់ដំរីព្រៃមួយក្បាលនេះបានកើតឡើង នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃ ចន្ទ ៩កើត ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី៧ តុលា ឆ្នាំ២០១៩ ខណ:បារ៉ាស់ខាងភាគីថៃបានលើកផុត ដោយសារគេបានដឹង មុនពេលសត្វដំរីដ៏ធធំមានកម្ពស់ដល់ទៅជាង៧ម៉ែត្រដើរសំដៅមកស្រុកខ្មែរ ឯភាគីខ្មែរដែលបិទបារ៉ាស់ត្រូវដំរីមួយក្បាលនេះ យកប្រម៉ោយ ចាប់ដកនិងកាច់បំបាក់បារ៉ាស់គ្មានសល់ ។
ប្រភពពីមន្រីនគរបាលប្រចាំការនៅច្រកក ៤០០ បានឱ្យដឹងថា សត្វដំរីព្រៃមួយក្បាលនោះ បានដើរមកពីទឹកដីថៃ តាមដងផ្លូវនាពេលយប់ឡើង ឆ្ពោះមកកាន់ប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារតំបន់«៤០០»ដែលទំនងសត្វដំរីព្រៃឈ្មោលដ៏ ធំ១ក្បាលនោះចុះប្រេងផង ទើបបានមកអុកឡុកប៉ុស្តិ៍យាមបែបនេះ ។ក្នុងពេលនោះទាហានខាងភាគីថៃ បានលើកបារ៉ាស់ផុត ហើយនាំគ្នារត់ចេញពីក្នុងប៉ុស្ដិ៍យាម រីឯខាងភាគីកម្ពុជា ដែលមិនបានដឹងមុន ហើយមិនបានលើកបារ៉ាស់ ក៏ត្រូវសត្វដំរីនោះទាញកាច់បំបាក់ខូចខាតអស់ទាំងស្រុង ធ្វើឲ្យអ្នកប្រចាំការភ័យលស់ព្រលឹង ហើយបានត្រឹមថតរូបទុកមើល ប៉ុណ្ណោះ។
បើតាមប្រភពពីទាហានថៃវិញបានឲ្យដឹងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ មានសត្វដំរីព្រៃមួយហ្វូងបានបំភ្លេចបំផ្លាញផលដំណាំរបស់ពលរដ្ឋថៃអស់ជាច្រើន ហើយគេសង្ស័យថា សត្វដំរីឈ្មោលមួយក្បាលដែលចូលវាយប្រហារប៉ុស្តិ៍ត្រូតពិនិត្យច្រកទ្វារព្រំដែន៤០០នេះ គឺជាក្រុមហ្វូងដំរីនោះតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា ទាំងខាងភាគីថៃ ទាំងខាងភាគីកម្ពុជា ដែលដេកយាមប៉ុស្តិ៍ច្រកទ្វារ៤០០ ខាងលើនេះ បានរត់ព្រាតពេលដំរីចូលអុកឡុក ។ ប៉ុន្តែយ៉ាងណា សត្វដំរីចុះ ព្រេងមួយក្បាលនោះ មិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ គ្រាន់តែបានបំផ្លាញបារ៉ាស់កុងត្រូលប៉ុស្តិ៍ត្រូតពិនិត្យរបស់ភាគីកម្ពុជា ហើយក្រោយពីបង្កការអុកឡុក មួយប្រាវរួចសត្វដំរីនោះ ក៏វិលត្រឡប់ចូលទឹកដីថៃវិញទាំងកណ្ដាលយប់ចូលព្រៃបាត់ទៅ ទុកនៅការខូចខាតបារ៉ាស់ឲ្យភាគីកម្ពុជាជួលជុលឡើងវិញ ៕
ដោយ៖ ប្រាថ្នា