ខេត្តកណ្តាល ៖ អំពើហិង្សាមួយបានកើតឡើងបង្កដោយបងថ្លៃផឹកស្រាមករករឿងប្អូនស្រីបង្កើត ហើយវាយប្អូនថ្លៃបន្ថែមទៀត តែសកម្មភាពនេះត្រូវបាននគរបាលចាប់វាយខ្នោះនាំខ្លួនយកទៅអនុវត្តតាមច្បាប់ នៅវេលាម៉ោង៦ល្ងាចថ្ងៃ ពុធ ៣រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹង ថ្ងៃទី១៦ ខែតុលានេះ នៅចំណុចផ្ទះជនរង ភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្រ្តីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង សុខ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរជាងថតរូប ។ រីឯជនសង្ស័យឈ្មោះ ស៊ន ថន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល (ត្រូវជាបងថ្លៃជនរងគ្រោះ) ។
សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា នៅវេលាម៉ោង១រសៀលថ្ងៃទី១៦ ខែតុលា ជនរងគ្រោះពេលត្រឡប់ពីដើរថតរូបគេវិញមកដល់បានឃើញឈ្មោះ ស៊ន ថន (ត្រូវជាបងថ្លៃ ) បានផឹកស៊ីមិនដឹងជា ស្រវឹងស្រាមកពីកន្លែងណាទេ បានមកបង្ករឿងជាមួយប្រពន្ធរបស់ខ្លួន ហើយថែមទាំងបានវាយចាប់បោចសក់ប្រពន្ធជនរងគ្រោះ (ឈ្មោះ ស៊ន នា) ថែមទៀត។ ពេល ឃើញដូចនេះជនរងគ្រោះ និងបងប្អូនជួយឃាត់ ចាប់ទាញចេញតែមិនព្រមស្តាប់ និងមិនព្រមបញ្ឈប់សកម្មភាពទេ ក៏បានទាញដំបងឫស្សីមកវាយជនរងគ្រោះ២-៣ដំបងធ្វើឲ្យជនរងគ្រោះរបួសនិងភ័យក៏រត់គេចចេញ ហើយមកប្ដឹងនគរបាលប៉ុស្ដិ៍សំពៅពូនឲ្យជួយទៅធ្វើអន្តរាគមន៍។ ក្រោយមកកម្លាំងនគរបាលប៉ុស្ដិ៍បានចុះទៅដល់កន្លែងកើតហេតុបានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងដំបងឫស្សីមួយដើមបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធីតែម្តង៕
ដោយ៖ សហការី