សារព័ត៌មាន Sputnik នៅថ្ងៃទី១៨ខែតុលានេះបានផ្សាយថា រដ្ឋាភិបាលស៊ីរីបាន បដិសេធគំនិតចង់បង្កើតតំបន់ស្វយ័ត ឲ្យពួកឃើដក្នុងទឹកដីស៊ីរី និងចាត់ទុកបទឈប់បាញ់ជាភាពមិនច្បាស់លាស់។
ទីប្រឹក្សានយោបាយប្រធានាធិបតីស៊ីរី លោក បូថៃណា ហ្សាអាបាន (Bouthaina Shaaban) បានចាត់ទុកថា បទឈប់បាញ់រវាងតួកគី និងសហរដ្ឋអាមេរិកនៅតំបន់ភាគខាងជើងនៃប្រទេសស៊ីរីនៅតែមានភាពមិនច្បាស់លាស់ ហើយទីក្រុងដាម៉ាស់ ជំទាស់ជាដាច់ខាតនូវគំនិតចង់បង្កើតតំបន់ស្វយ័ត ឃើដឌីស្ថាន (Kurdistan)។ លោក Bouthaina Shaaban បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ អាល់ម៉ាយ៉ាឌីន (al-Mayadeen) ដូច្នេះថា «ទឹកដីស៊ីរីគា្មនកន្លែងទំនេរសម្រាប់តំបន់ស្វយ័ត Kurdistan… យើងក៏នឹងមិនជជែកពីរឿងនេះដែរ ពីព្រោះវាគ្មានហេតុផលណាមួយ ត្រូវអនុញ្ញាតឱ្យតំបន់ស្វយ័តបង្កើតឡើង នៅក្នុងប្រទេសស៊ីរីនោះទេ»។ លោក Shaaban បន្ថែមទៀតថា គំនិតចង់បង្កើតតំបន់សុវត្ថិភាពរបស់តួកគីនៅលើទឹកដីស៊ីរី គឺជារឿងមិនត្រឹមត្រូវ ដ្បិតអ្វីដែលទីក្រុងអង់ការ៉ាកំពុងធ្វើនោះ គឺការធ្វើអាណានិគមលើតំបន់មួយ។
គួរបញ្ជាក់ថា រដ្ឋាភិបាលតួកគីបានយល់ព្រមផ្អាកប្រតិបត្តិការយោធា វាយលុកចូលតំបន់ភាគខាងជើងប្រទេសស៊ីរីហើយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីទុកពេលឱ្យក្រុមសកម្មប្រយុទ្ធឃើដដកចេញពីតំបន់សុវត្ថិភាព មួយសម្រាប់ជនភៀសខ្លួនស៊ីរីនៅតាមព្រំដែនរវាងស៊ីរី និងតួកគី។
បទឈប់បាញ់ខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីជំនួបរវាងអនុប្រធានាធិបតីអាមេរិក លោក Mike Pence និងប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) នៅក្នុងទីក្រុងអង់ការ៉ា។ បទឈប់បាញ់នេះមានរយៈពេល ០៥ថ្ងៃ ហើយសហរដ្ឋអាមេរិកបានយល់ព្រមជួយសម្រួល ដល់ការដកកងកម្លាំងឃើដចេញពីតំបន់សុវត្ថិភាពរបស់តួកគី។
ប៉ុន្តែគេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើក្រុមសកម្មប្រយុទ្ធឃើដ YPG នឹងអនុវត្តតាមបទឈប់បាញ់នេះ ឬយ៉ាងណានោះទេ ខណៈទីក្រុងអង់ការ៉ា ក៏បានសង្កត់ធ្ងន់ដែរថាការផ្អាកនេះមិនមានន័យថា តួកគីបញ្ឈប់ប្រតិបត្តិការយោធារបស់នោះទេ ពោលគឺប្រតិបត្តិការយោធានឹងត្រូវបញ្ចប់ លុះត្រាតែឃើដដកចេញពីតំបន់សុវត្ថិភាពទាំងស្រុង។
ប្រតិបត្តិការសន្តិភាពនិទាឃរដូវរបស់ប្រទេសតួកគីនៅភាគខាងជើងទឹកដីស៊ីរី ប្រឆាំងទៅលើកម្លាំងជនជាតិឃឺដនោះ មកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ត្រូវបានអាមេរិកអះអាងថា បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ខណៈដែលមន្ត្រីជាន់ខ្ពស់អាមេរិកបានទៅចរចាដោយផ្ទាល់នៅប្រទេសតួកគី ។ ប៉ុន្តែយ៉ាងណាក៏ដោយ ការប្រកាសនេះរបស់អាមេរិកមិនបានប៉ុន្មានផង ភាគីតួកគីអះអាងថា មិនមែនជាបទឈប់បាញ់នោះទេ វាជាការផ្អាកប្រយុទ្ធបណ្តោះអាសន្នប៉ុណ្ណោះ ។
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ម៉ាយ ប៉ែន (Mike Pence) ព្រមទាំងលោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ម៉ាយ ប៉ុមផេវ (Mike Pompeo)បានទៅដល់ប្រទេសតួកគីជួបពិភាក្សាចរចាគ្នាជាមួយប្រធានាធិបតីតួកគី រីសីប តៃជីប អ៊ីដូហ្គាន (Recep Tayyip Erdoğan) កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ស្តីអំពីបញ្ហាលុកលុយប្រឆាំងក្រុមជនជាតិឃឺដនៅភាគខាងជើងទឹកដីស៊ីរី ។
ក្រុមកម្លាំងជនជាតិឃឺដក្នុងទឹកដីស៊ីរី អតីតជាសម្ពន្ធមិត្តរបស់អាមេរិកប្រយុទ្ធប្រឆាំងជាមួយក្រុមភេរវកម្ម IS ។ ប៉ុន្តែថ្មីៗនេះ លោកដូណាល់ ត្រាំ បានបញ្ជាឲ្យដកកម្លាំងទាហានអាមេរិកចេញពីទឹកដីស៊ីរី ធ្វើឲ្យតួកគីបានឱកាសល្អប្រកាសលុកលុយទឹកដីស៊ីរី កម្ចាត់ក្រុមឃើដក្រោមលេស «ប្រតិបត្តិការសន្តិភាពនិទាឃរដូវ»។
រដ្ឋាភិបាលតួកគីនិងកងកម្លាំងជនជាតិឃឺដ ប្រៀបដូចទឹក ហើយនឹងប្រេង មិនអាចបញ្ចូលគ្នាបានឡើយ ។ បើមានមួយ ដាច់ខាតត្រូវតែអត់មួយ ។ តួកគីចាត់ទុកក្រុមឃឺដនៅស៊ីរីថា មានទំនាក់ទំនងជិតស្និទ្ធជាមួយគណបក្សពលករជនជាតិឃឺដ ជាគណបក្សដែលតួកគីចាត់ទុកថាក្រុមបញ្ជីខ្មៅ ហើយនឹងត្រូវបោសសម្អាត ។
នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ តួកគីប្រកាសឈ្លានពាននៅភាគខាងជើងទឹកដីស៊ីរី ដើម្បីប្រឆាំងទៅលើកងកម្លាំងជនជាតិឃឺដ ។ សហគមន៍អន្តរជាតិបានថ្កោលទោសបេសកកម្មរបស់តួកគីនេះយ៉ាងខ្លាំង ក្នុងនោះមានការគំរាមកំហែងដាក់ទណ្ឌកម្មផងដែរពីសំណាក់មហាអំណាច ។
បន្ទាប់ពីជំនួបចរចារវាងមន្ត្រីជាន់ខ្ពស់អាមេរិក ម៉ៃ ប៉ែន ជាមួយលោក អ៊ីដូហ្គាន នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា លោក ម៉ៃ ប៉ែន បានបញ្ជាក់ថា នៅពេលនេះ សហរដ្ឋអាមេរិក និងតួកគីបានព្រមព្រៀងឈប់បាញ់មួយនៅក្នុងទឹកដីស៊ីរី ។ កិច្ចព្រមព្រៀងឈប់បាញ់នោះ មានរយៈពេល១២០ម៉ោង ដើម្បីអនុញ្ញាតឲ្យកងកម្លាំង អង្គភាពការពារប្រជាជន (YPG) ទៅកាន់តំបន់មានសុវត្ថិភាព ។
លោក Mevlut Cavusoglu រដ្ឋមន្ត្រីក្រសួងការបរទេសតួកគីបានថ្លែងថា មិនមែនជាបទឈប់បាញ់ទេ ប៉ុន្តែជាការផ្អាកនៅក្នុងប្រតិបត្តិការសន្តិភាពនិទាឃរដូវប៉ុណ្ណោះ៕
ដោយ៖ មែវ សាធី