តារាចម្រៀង ម៉ៅ ហាជី និងបាន មុនីល័ក្ខ បានតំណែងតួឯកក្នុងរឿង “ព្រហ្មលិខិតដុះស្លាប”

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងលេចមុខច្រៀងក្នុងផលិតកម្មថោនមិនបានមួយឆ្នាំផង តារាចម្រៀង បាន មុនីល័ក្ខ និងលោក ម៉ៅ ហាជី ទទួលបានតំណែងជាតួឯកក្នុងភាពយន្តភាគលើកដំបូងក្នុងអាជីបសិល្បៈ គឺរឿង” ព្រហ្មលិខិតដុះស្លាប”។ តំណែងតួឯកនេះក៏ក្រោយពេលដែលអ្នកនិពន្ធនិងដឹកនាំផលិតភាពយន្តនេះប្រាប់ថាជាភាពយន្តភាគមួយដែលប្លែកទាំងសាច់រឿង និងការតុបតែងខ្លួន ។
​ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែ មករានេះក្នុងកម្មវិធីក្រុងពាលីប្រកាសចេញថតភាពយន្តនេះក្រោមវត្តមានផលិតករ សិល្បករជាច្រើនរូបចូលរួម។ ក្រៅពីតារាចម្រៀងម៉ៅ ហាជី និងបានមុនីល័ក្ខភាពយន្តនេះក៏នឹងចូលរួមសម្តែងដោយតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនក្នុងផលិតកម្មនេះ មានដូចជា អ្នកនាង ចេន សាយចៃ អ្នកនាង កាតុ លោក រ៉ូលីន លោក សៅ ឧត្តម អ្នកនាង ឆៃ លីដាឡែន លោក សាវិនហ្វីលីប កញ្ញា ញឹម ចាន់ថន និងសិល្បករជាច្រើនរូបទៀត។
​អ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្ម ថោន លោក សោម ដូរ៉េ បានបញ្ជាក់ថា ភាពយន្តនេះត្រូវបានសម្រិតសម្រាំងនិពន្ធជាយូ មកហើយមុនពេលចាប់ផ្តើមផលិតនៅពេលនេះ។ លោកបញ្ជាក់ថា ប្រមូលផ្តុំដោយសិល្បករប្រុសស្រីល្បីឈ្មោះ អមដោយសាច់រឿងប្លែកលាយឡំកំប្លែង និងការតុបតែងខ្លួនបែបប្លែក អមដោយបច្ចេកទេសផលិតថ្មី គឺជាក្តីរំពឹងថានឹងទទួលបានការពេញចិត្តច្រើនពីទស្សិកជន។
​ថ្លែងស្រដៀងគ្នានេះដែរ អ្នកដឹកនាំសម្តែង លោក លី ម៉េង បានបញ្ជាក់ថាជាភាពយន្តមានគោលដៅបង្កើតភាពយន្តដែលមានរសជាតិថ្មីប្លែកនេះនឹងប្រមូលដោយតារាសម្តែងតារាចម្រៀងល្បីឈ្មោះ។ លោកថាភាពយន្តនេះនឹងត្រូវចំណាយការផលិតប្រមាណ២ខែ ហើយក៏នឹងចាប់ផ្តើមចាក់បញ្ចាំងជាបណ្តើរៗក្នុងពេលដ៏ខ្លីខាងមុខដែលលោករំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។
​អមដោយអារម្មណ៍រំភើប និងពេញចិត្តដំណែងថ្មីទើបទទួលបាន លោក ម៉ៅ ហាជី និងកញ្ញា បាន មុនីល័ក្ខ បានលើកឡើងដូចគ្នាថា ពួកគេសប្បាយចិត្តហើយពិតជាភ្ញាក់ផ្អើលក្រោយបានអានសាច់រឿង។ អ្វីដែលសំខាន់គឺអ្នកទាំងពីកំពុងខិតខំប្រឹងប្រែងសម្តែងឲ្យបានល្អដើម្បីជាកាដូជូនដល់អ្នកគាំទ្រ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print