ពេជ្រ សូលីកា បាក់ទឹកចិត្តខ្លាំងក្រោយផ្ទុះរឿងឃាតកម្ម

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងម្តាយបង្កើតតារាចម្រៀងពេជ្រ សូលីកា ធ្វើឃាតទៅលើស្ត្រីចងការប្រាក់បានធ្វើឲ្យផ្ទុះកក្រើកអស់មហាជននៅដើមឆ្នាំ ២០២០នេះ។ ស្របគ្នានឹងដំណឹងនេះតារាស្រីរូបនេះបានរំលេចសារឈឺចាប់ ប្រឈមនឹងបញ្ហាផ្លូវចិត្ត និងរឿងរ៉ាវជីវិតជាច្រើនដែលត្រូវប្រឈមទៅថ្ងៃមុខ។
​ស្របពេលដែលអ្នកគាំទ្រ និងសិល្បករមួយចំនួនបានបង្ហាញសារលើកទឹកចិត្តជាបន្តបន្ទាប់ចំពោះពេជ្រ សូលីកា ដែលកំពុងពរពោះកូនក្នុងផ្ទៃនោះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបានបញ្ចេញសារជាលើកដំបូងនៅថ្ងៃទី១៤ ខែមករានេះដែលបង្ហាញពីការបាក់ទឹកចិត្តខ្លាំងស្របពេលដែលរឿងដ៏ធំមិនធ្លាប់ជួបក្នុងជីវិតនេះ។ នាងថា”រឿងដែលបានកើតឡើងហើយវាក៏មិនអាចបកក្រោយបានដែរ នេះជាអ្វីដែលខ្ញុំកំពុងប្រាប់មកដល់ខ្លួនឯង ព្រោះថានៅពេលឥឡូវនេះខ្ញុំមានតួនាទីដែលត្រូវធ្វើច្រើនជាងមុនទៀត ។ ដើរតួជាឪពុកផង ដើរតួជាម្ដាយផង ដើរតួជាបងស្រីផង ហើយនៅមិនយូរទៀត ខ្ញុំក៏ត្រូវមានតួនាទីធ្វើជាម្ដាយរបស់គេមួយរូបទៀត”។សូលីកា បន្តថា ហើយព័ត៌មាន និងសង្គមមនុស្សដែលបានវាយប្រហារមកលើខ្ញុំ រូបថតខ្ញុំ ឈ្មោះរបស់ខ្ញុំ តើខ្ញុំប្រឈមមុខជាមួយកូនខ្ញុំទៅថ្ងៃអនាគតយ៉ាងម៉េច? បើខ្ញុំមិនមែនជាតារា ជាមនុស្សធម្មតា មិនមានអ្នកស្គាល់ខ្ញុំ តើបងៗសារព័ត៌មានអាចមកយករូបខ្ញុំ ប្រើឈ្មោះរបស់ខ្ញុំ មកដាក់ទន្ទឹមគ្នាជាមួយជនរងគ្រោះដែលមានគ្រប់ Page ព័ត៌មានទាំងអស់ បែបនេះដែរទេ?សូលីកា បន្តទៀតថា ខ្ញុំនិយាយតាមត្រង់ ខ្ញុំពិតជាបាក់ទឹកចិត្តខ្លាំងណាស់ក្នុងពេលឥឡូវនេះ ហើយខ្ញុំក៏ខ្លាចពាក្យថា ជីវិតសិល្បៈមួយនេះដែរ នេះមិនមែនជាការសម្ដែង តែវាជាអាម្មណ៍ពិតរបស់ខ្ញុំ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីអង្គុយហើយយំ លេបបាយមិនចូលរួចក៏សួរខ្លួនឯងថា ខ្ញុំនៅជាកូនដែលមិនទាន់ល្អគ្រប់គ្រាន់មែនទេ ហេតុអីទើបអ្នកមានគុណខ្ញុំមានបញ្ហានៅក្នុងចិត្តរឿងអ្វី បានជាខ្ញុំមិនដឹង ខ្ញុំស្ដាយក្រោយ បើខ្ញុំបានដឹងថា គាត់កំពុងជួបបញ្ហាអ្វី ខ្ញុំនឹងមិនបណ្ដោយអោយគាត់មកពិបាកបែបនេះទេ ក៏មិនបណ្ដោយឱ្យប្អូនស្រីរបស់ខ្ញុំឃើញនៅរូបភាពបែបដែរ ខ្ញុំអាណិតប្អូនខ្ញុំ ដឹងហើយ លឺហើយ តែខំទ្រាំមិនសួរ មិននិយាយ សុខចិត្តទៅលួចអង្គុយយំនឹកម៉ាក់… ។សូលីកា ថា «ម៉ាក់ហត់ខ្លាំងណាស់ហើយ ទើបម៉ាក់មិនឱ្យកូនដឹងបែបនេះ ម្ដាយខ្ញុំធ្វើខុស គាត់ក៏បានទទួលនូវកំហុស ចំណែកច្បាប់ក៏បានធ្វើការទៅតាមផ្លូវច្បាប់ តែហេតុអ្វីអ្នកដែលគ្មានមេត្តាខំប្រឹងមកកាត់ក្ដីជំនួសច្បាប់បន្ថែមទៀតបែបនេះ ម្នាក់ៗសុទ្ធតែមានម្ដាយ សុទ្ធតែខ្លាចជួបរឿងបែបនេះនៅលើគ្រួសារខ្លួន អ្នកក៏មើលមិនឃើញនៅស្អែក ខ្ញុំក៏មើលមិនឃើញនៅស្អែក ហេតុអីមកសប្បាយនៅលើគំនរទុក្ខរបស់ខ្ញុំ? អ្វីដែលខ្ញុំអាចធ្វើបានតែមួយគត់ គឺ រឹងមាំ រឹងមាំ ដើម្បីប្អូន ដើម្បីកូន នឹងអនាគតគ្រួសាររបស់ខ្ញុំ សុំទោសណា៎ម៉ាក់ »។
​ខណៈដែលតារាស្រីរូបនេះបញ្ចេញសាររៀបរាប់ពីវិបត្តិផ្លូវចិត្តនិងក្នុងក្រុមគ្រួសារភាគីសាច់ញាតិខាងជនរងគ្រោះ ក៏បានបង្ហាញសារឈឺចាប់ខ្លាំងចំពោះការបាត់បង់សាច់ញាតិ ដែលពួកគាត់ថាជាមនុស្សល្អ ស្លូតបូតនោះផងដែរ។
​គួរបញ្ជាក់ដែរថា ករណីឃាតកម្មលើស្ត្រីឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ មុខរបរចងការប្រាក់ និងលក់ការហ្វេនៅម្តុំផ្សារដេប៉ូបានផ្ទុះឡើងក្រោយពីស្ត្រីជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១២ខែមករានេះ ក្រោយសង្ស័យថា បានសម្លាប់ស្ត្រីវ័យ៥០ឆ្នាំម្នាក់ នៅខណ្ឌមានជ័យ កាលពីរាត្រីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ បណ្តាលយឲ្យស្លាប់បាត់បង់ជីវិតដែលករណីនេះស្ថិតនៅក្នុងបុរីមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ហេតុការណ៍នេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងកាលពីព្រឹកថ្ងៃទី១២ ខែមករានេះ។ ស្រ្តីរងគ្រោះមានឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ មុខរបរចងការប្រាក់ និងលក់ការហ្វេនៅម្តុំផ្សារដេប៉ូ ក្រោយពីធ្វើកោសល្យវិច័យរួចសពប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print