លួចដុតព្រៃ បណ្តាលឱ្យឆេះរាល ធ្វើអោយប្រជាពលដ្ឋមានផ្ទះនៅក្បែរកាស៊ីណូ ភ្ញាក់ផ្អើល ភ័យលោះព្រលឹង

ចែករំលែក៖

ខេត្តប៉ៃលិន៖ ភ្លើងឆេះព្រៃ នៅចំថ្ងៃពលរដ្ឋចូលឆ្នាំចិនថ្ងៃទូ១ ហើយអ្នកខ្លះដើរលេងកំសាន្តសប្បាយ ស្រាប់តែមានការភ្ញាក់ផ្អើលមួយកើតឡើងដោយសារភ្លើងឆាបឆេះគុម្ពោតព្រៃភ្នំនៅក្បែរព្រំដែនកម្ពុជា-ថៃ បណ្តាលឱ្យឆេះរាលឆ្លងប៊ិះចូលដល់ផ្ទះប្រជាពលរដ្ឋ ។ សំណាងល្អ បានរថយន្តពន្លត់អគ្គីភ័យ ស្នងការនគរបាលខេត្តប៉ៃលិនជួយអន្តរាគមន៍ពន្លត់ទាន់ពេលវេលា ។

ហេតុការណ៍ភ្លើងឆេះគុម្ពោតព្រៃនេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ស្ថិតនៅខាងក្រោយកាស៊ីណូម្កុដពេជ្រដែលទើបនឹងសាងសង់ថ្មី ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានបានឱ្យដឹងថា៖ នៅថ្ងៃកើតហេតុ ខណៈប្រជាពលរដ្ឋមួយចំនួនកំពុងតែនាំគ្នាដើរលេងសប្បាយនៅតាមរមណីយដ្ឋាននានា ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះនៅក្នុងគុម្ពោតព្រៃយ៉ាងសន្ធោសន្ធៅ ផ្អើលដល់សមត្ថកិច្ចខាងគ្រប់គ្រងរថយន្តពន្លត់អគ្គីភ័យស្នងការនគរបាលខេត្តចំនួន៣គ្រឿងចេញអន្តរាគមន៍ ។

ប្រភពបន្តទៀតថា៖ ពេលនោះកម្លាំងពន្លត់អគ្គីភ័យបានប្រើប្រាស់ទឹកអស់ចំនួន២រថយន្តដើម្បីបាញ់ពន្លត់ដោយបានគ្រប់គ្រងស្ថានការណ៍ភ្លើងឆេះព្រៃនេះទទួលជោគជ័យទាំងស្រុង ហើយក៏មានជញ្ជាំងរបងផ្ទះប្រជាពលរដ្ឋមួយចំនួន ត្រូវបានភ្លើងរាលឆេះរោលខ្មៅតែត្រូវបានពន្លត់ទាន់ពេលវេលា ផងដែរ ។

ចំណែកសមត្ថកិច្ចនគរបាលស្នងការខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការឆេះគុម្ពោតព្រៃនៅព្រំដែនកម្ពុជា-ថៃ នេះបណ្តាលមកពីប្រជាពលរដ្ឋមួយចំនួនដុតសម្រាមក្បែរនោះហើយក៏ទុកចោលអត់ពន្លត់បណ្តាលឱ្យឆាបឆេះរាលដាលរហូតដល់លើភ្នំនិងឆេះឆ្លងទៅដល់ក្បែរផ្ទះប្រជាពលរដ្ឋមួយចំនួនថែមទាំងឆេះក្រោយកាស៊ីណូផងដែរ ។ ទោះបីជាយ៉ាងណា កម្លាំងនគរបាល បានខិតខំស្ទុះស្ទារយករថយន្តពន្លត់អគ្គីភ័យ ជួយពន្លត់ទាន់ពេល ។

សមត្តកិច្ចនគរបាលជំនាញនៃស្នងការខេត្តប៉ៃលិន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្រុងប៉ៃលិន ក៏ដូចនៅស្រុកសាលាក្រៅត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាភ្លើងធូប ទៀនដែលខ្លួនដុតសែនព្រេនរួចត្រូវតែពន្លត់ឱ្យអស់រួចរាល់សិនមុននឹងដើរចេញពីផ្ទះដើម្បីជៀសវាងករណីអគ្គភ័យឆាបឆេះផ្ទះ បណ្តាលឱ្យខូចបង់ទ្រព្យសម្បត្តិ ។ បើសិនជាមានការឆេះផ្ទះណាមួយកើតឡើង ត្រូវឱ្យប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ដើម្បីងាយស្រួលត្រៀមរថយន្តពន្លត់អគ្គីភ័យជួយទាន់ពេលបើទោះបីជាស្ថិតនៅកន្លែងណាក៏ដោយ ៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print