សម្ដេចក្រឡាហោម ស ខេង ប្រាប់អាជ្ញាធរ រាជធានី ឲ្យរួមគ្នាទប់ស្កាត់ ចលនាឧទ្ទាម និងសកម្មភាព បដិវត្តន៍ពណ៌ របស់ក្រុមប្រឆាំង

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ បានបញ្ជាឲ្យ ប្រធានគណៈ បញ្ជាការ ឯកភាព រដ្ឋបាលរាជធានី-ខេត្ត ត្រូវបង្កើនការគ្រប់គ្រង សភាពការណ៍ នៅតាមមូលដ្ឋាន និងដាក់ចេញវិធានការ នានា សំដៅទប់ស្កាត់រាល់សកម្មភាព ប៉ុន ប៉ងបង្កអសន្ដិសុខ និងភាពចលាចល វឹកវរដល់សង្គមតាមគ្រប់រូបភាព ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតនូវចលនា ឧទ្ទាម និងសកម្មភាពបដិវត្តន៍ពណ៌ របស់ក្រុមប្រឆាំង ។
ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេច ស ខេង បានថ្លែងថា៖ ទាក់ទងបដិវត្តន៍ពណ៌ បានឆ្លងកាត់រួចមកហើយ ក្រោយការបោះឆ្នោតឆ្នាំ២០១៣។ប៉ុន្ដែដោយសារភាពអត់ធ្មត់ ហើយឈរទៅលើការគោរពលទ្ធិប្រជាធិតេយ្យ សេរី ពហុបក្ស តាមរយៈការបោះឆ្នោត ដោយសន្ដិវិធី ហើយស្របតាមគោលការណ៍ លទ្ធិប្រជាធិតេយ្យ ដូច្នេះរាជរដ្ឋាភិបាល មានប្រៀបខាងផ្លូវច្បាប់ ក៏ដូចជានយោបាយ ទប់ស្កាត់បំផ្លាញចោល នូវចលនាបដិវត្តន៍ពណ៌ នៅពេលនោះទើបពួកគេមិនអាចផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតបាន ។
សម្ដេចក្រឡាហោមមានប្រសាសន៍ថា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី-ខេត្ត ត្រូវបង្កើនការគ្រប់គ្រង សភាពការណ៍នៅតាមមូលដ្ឋាន និងដាក់ចេញវិធានការនានា សំដៅទប់ស្កាត់រាលកម្មភាព ដែលប៉ុនប៉ងបង្កអសន្ដិសុខ ភាពចលាចលវឹកវរ ដល់សង្គមតាមគ្រប់រូបភាព និងត្រូវរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតនូវចលនាឧទ្ទាម និងសកម្មភាពបដិវត្តន៍ពណ៌» ។
សម្ដេចក្រឡាហោមបន្ដថា ៖ ដូច្នេះមកដល់ពេលនេះ អ្នកដែលមានបំណង ដើម្បីធ្វើសកម្មភាព បែបបដិវត្តន៍ពណ៌នេះ មិនទាន់បោះបង់ចោលនៅឡើយទេ។ហើយជាពិសេស តាមរយៈផែនការវិលត្រឡប់ ៩វិច្ឆិកា យើងបានដឹងទាំងអស់គ្នាហើយ។ប៉ុន្ដែទន្ទឹមនឹងនេះ យើងមិនត្រូវភ្លេចខ្លួន ពីព្រោះថា សកម្មភាពបដិវត្តន៍ពណ៌នេះ គឺគេតែងតែធ្វើអាជីវកម្ម លើចំណុចខ្សោយ របស់យើង» ។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា បើគេរកចំណុចខ្សោយយើងមិនឃើញ គេក៏គ្មានលេស គ្មានហេតុផល ដើម្បីនឹងចលនាគៀងគរប្រជាជន ឬកម្លាំងចូលរួមក្នុងការ បដិវត្តន៍ពណ៌នេះដែលក្នុងន័យនេះ ខ្ញុំស្នើថា រដ្ឋបាលគ្រប់ថ្នាក់របស់យើង យកចិត្តទុកដាក់ ដោះស្រាយនូវកង្វល់សំណើរ ក៏ដូចជាជម្លោះនានាដែលកើតមានឡើងតាំងពីតូច កុំឲ្យបញ្ហាវាកក កុំឲ្យក្លាយបញ្ហាទៅជាធំ ដែលគេយកធ្វើលេស ដើម្បីធ្វើចលនាប្រឆាំងរាជរដ្ឋាភិបាល នេះតាមបទពិសោធន៍ បណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជា ក្នុងសកលលោកនេះ ដែលឆ្លងកាត់បដិវត្តន៍ពណ៌ដែលបានប្រើប្រាស់ បញ្ហាទាំងនោះ ។
សម្ដេចក្រឡាហោមក៏បានផ្ដាំផ្ញើដល់មន្រ្តីថា ត្រូវដោះស្រាយភ្លាមៗនូវជម្លោះតូចតាច ប្រកបដោយយុត្តិធម៌ និងគ្មានការរើសអើង ទើបអាចមានប្រសិទ្ធិភាពខ្ពស់ ក្នុងទប់ស្កាត់នៅឧបាយកល នានា ដើម្បីឈានទៅផ្ដួររលំរាជរដ្ឋាភិបាលស្របច្បាប់។
ឆ្លៀតក្នុងឱកាសនោះដែរ រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ លើកឡើងថា ភាគីពាក់ព័ន្ធត្រូវបន្ដជំរុញបំផុសចលនាប្រជាជនចូលរួមក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឲ្យបានជាប់ជាប្រចាំនៅគ្រប់មូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន ដូចជា សកម្មភាព លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងជាដើម។
សម្ដេចក្រឡាហោមបន្ដថា ត្រូវខិតខំពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលនៅតាមមូលដ្ឋាន និងលើកកម្ពស់ការប្រាស្រ័យ ទាក់ទងរវាងអាជ្ញាធរ កម្លាំងនគរបាល និងកម្លាំងមានសមត្ថកិច្ចនានា ជាមួយប្រជា ពលរដ្ឋ តាមរយៈការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការផ្ដល់សេវាអត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងលិខិតស្នាមនានា ព្រមទាំងការចុះជួយដោះស្រាយការលំបាកនានា របស់ប្រជាពលរដ្ឋនៅពេលជួបគ្រោះធម្មជាតិ ឬគ្រោះថ្នាក់នានា និងនៅពេលប្រជាពលរដ្ឋ ជួបទុកលំបាកខ្វះខាត ក្នុងជីវភាព ពិសេសជនក្រីក្រ ជនងាយរងគ្រោះសំដៅជំរុញលើកទឹកចិត្តប្រជាពលរដ្ឋ ឲ្យចូលរួមចលនា គោល នយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ៕.

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print