ពិភពលោក៖ ជំងឺផ្លូវដង្ហើមថ្មី បង្កឡើងដោយវីរុសកូវីដ-១៩ បានឆ្លងរាលដាលដល់ ៩៥ប្រទេសជុំវិញពិភពលោក និងមនុស្សជា១សែននាក់បានឆ្លងជំងឺនេះ ។ ដោយឡែកចំនួនអ្នកឆ្លងនៅក្នុងប្រទេសចិនថយចុះយ៉ាងខ្លាំង តែនៅក្រៅប្រទេសចិន បានកើនឡើងខ្ពស់គួឲ្យបារម្ភ ដោយមានប្រទេសចំនួន ៩៥ ហើយបានឆ្លងវីរុស COVID-19។
តាមតួលេខដែលបានប្រកាសនៅថ្ងៃទី ៧ ខែមីនា ចំនួនអ្នកឆ្លង COVID-19 មានជាង ១សែននាក់ហើយ ។ ចំណែកអ្នកស្លាប់ក៏បានកើនឡើង ៣៤០០នាក់ផងដែរ ។ ប៉ុន្តែក៏មានអ្នកឆ្លងព្យាបាលជាសះស្បើយ ដល់ទៅ ៥៥០០០នាក់ ដែលជាតួលេខល្អបំផុត។
ក្នុងចំណោមអ្នកឆ្លងជាង ១សែននាក់ មាន៨០ភាគរយស្ថិតនៅ ក្នុងប្រទេសចិន ។ តាមតួលេខថ្មី ចិនមានអ្នកឆ្លង ៨០៧០០ នាក់ ក្នុងនោះ មាន ៥៣៨០០ បានព្យាបាលជាសះស្បើយ និងមានអ្នកស្លាប់ប្រមាណ ៣ពាន់នាក់ ។
ប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ ក្រៅពីប្រទេសចិនមាន កូរ៉េខាងត្បូង មានអ្នកឆ្លង ៦៥៩៣នាក់ ស្លាប់ ៤២នាក់ និងជាង ១០០បានព្យាបាលជាសះស្បើយ ។
បន្ទាបពីកូរ៉េខាងត្បូង គឺប្រទេសអ៊ីរ៉ង់ មានអ្នកឆ្លង ៤៧៤៧ ក្នុងនោះមាន អ្នកឆ្លង ៥០០នាក់ព្យាបាលជាសះស្បើយ ប៉ុន្តែក៏មានអ្នកស្លាប់ដល់ទៅ ១២៤នាក់ ។
ចំណែកអ៊ីតាលី វិញ ក៏មានអ្នកឆ្លង ៣៨៥៨នាក់ ក្នុងនោះ មានអ្នកជាសះស្បើយ ៤១៤ និងស្លាប់ ១៤៨នាក់ ។ ដោយឡែកប្រទេសជប៉ុន មានអ្នកឆ្លង ១០៧៤នាក់ ក្នុងនោះមាន ២៤៨នាក់ជាសះស្បើយ និងស្លាប់ ១២នាក់ ។
ជាមួយគ្នានេះអង្គការសុខភាពពិភពលោក ក៏បានអំពាវនាវដល់ បណ្តាប្រទេសទាំងអស់ត្រូវមានវិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាល យ៉ាងមានប្រសិទ្ធភាពបំផុត ៕
ដោយ៖ មែវ សាធី