ប្រទេសចិន៖ យ៉ាងតិចមានក្រុមជំនាញវេជ្ជសាស្ត្រចិនចំនួន៥នាក់ បានចេញដំណើរទៅសង្គ្រោះអ៉ីតាលី ដែលកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារ COVID-19 ក្នុងនោះមានជំនាញខាងអុីតាលី ម្នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០។
មន្ត្រីក្នុងតំបន់បាននិយាយថា៖ ក្រុមជំនាញវេជ្ជសាស្ត្រចិនដែលមានសមាជិក ០៤នាក់ និងគ្រូបង្រៀនភាសាអ៉ីតាលីម្នាក់ទៀតសរុប ០៥នាក់ បានធ្វើដំណើរពីខេត្តស៊ីឈួន (Sichuan) ទៅកាន់ទីក្រុងសៀងហៃនៅថ្ងៃពុធនេះ ដើម្បីចាកចេញទៅកាន់ប្រទេសអ៉ីតាលី ដែលកំពុងរងគ្រោះខ្លាំងជាងគេបំផុតនាពេលបច្ចុប្បន្ន ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 ខណៈចំនួនមនុស្សឆ្លង និងស្លាប់នៅតែបន្តកើនឡើងយ៉ាងខ្លាំងបំផុតនៅអុឺរ៉ុប ត្រូវការជួយសង្គ្រោះជាបន្ទាន់ ទប់ស្កាត់ ប្រឆាំងមេរោគដៃសហាវនេះ។
ក្រុមកាកបាទក្រហមចិន បានចាត់ជំនាញទាំង ០៥នាក់ខាងលើនេះ គឺដើម្បីត្រៀមធ្វើដំណើរទៅប្រទេសអ៉ីតាលី។
ប្រធានមន្ទីរវេជ្ជសាស្ត្រផ្នែកសួត និងព្យាបាលបន្ទាន់ នៃមន្ទីរពេទ្យចិនភាគខាងលិច របស់សាកលវិទ្យាល័យស៊ីឈួន លោក លាង សុងអាន (Liang Zongan) បានអោយដឹងថា «នៅពេលដែលយើងទៅដល់ប្រទេសអ៉ីតាលី យើងនឹងចុះទៅពិនិត្យមើលអំពីស្ថានភាពជាក់ស្តែងនៅទីនោះ ហើយបន្ទាប់មកទើបចែករំលែកបទពិសោធន៍ ប្រយុទ្ធប្រឆាំងនឹងជំងឺ និងធ្វើកិច្ចសហការជាមួយក្រុមជំនាញវេជ្ជសាស្ត្រអ៉ីតាលី»។
ទោះបីចិនជាប្រទេសដែលបានទទួលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារតែវីរុសកូរ៉ូណាថ្មី ឬ COVID-19 ក្តី ប៉ុន្តែក៏ប្រទេសនេះក៏បានចាត់វិធានការក្តៅ និងសិក្សាបានបទពិសោធន៍ជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងជំងឺ ដែលជិតនឹងទទួលបានជោគជ័យទាំងស្រុង នាពេលឆាប់ៗខាងមុខនេះហើយ យ៉ាងយូរក្នុងអំឡុងខែមេសា។
សូមបញ្ជាក់ថា៖ ប្រទេសអ៉ីតាលីវិញបាន និងកំពុងក្លាយជាជនរងគ្រោះធ្ងន់បន្ទាប់ ខណៈមនុស្សឆ្លងសរុបមាន ១០,១៤៩ករណី ក្នុងនោះ ៦៣១នាក់ស្លាប់ ហើយអត្រាឆ្លង និងស្លាប់គឺខ្ពស់ជាងគេទាំងអស់។ ដោយឡែកប្រទេសចិន ការពារមានប្រសិទ្ធភាពខ្ពស់ ទោះជាជាង១០០ប្រទេសកំពុងឆ្លងរាលដាលក៏ដោយ៕
ដោយ៖ សហការី