វិភាគព័ត៌មានអន្តរជាតិ៖ កូវីដ-១៩ ស្លាប់និងឆ្លងកើនឡើងខ្ពស់នៅអាមេរិក ទាំងពលរដ្ឋ និងទាហានបង្កក្តីបារម្ភយ៉ាងខ្លាំងបំផុត

ចែករំលែក៖

អាមេរិក៖ ចំនួនអ្នកស្លាប់និងឆ្លងដោយកូវីដ-១៩ នៅអាមេរិកកើនឡើងជាបន្តបន្ទាប់ ហើយអ្វីដែលបារម្ភបំផុតនោះគឺការឆ្លងរាលដាល នៃវីរុសដ៏កាចសហាវនេះដល់វិស័យយោធាអាមេរិក។ យោធាដើរតួនាទីយ៉ាងសំខាន់សម្រាប់មហាអំណាចទីមួយនៅលើពិភពលោក។

តាមតួលេខថ្មីបំផុតដែលបានប្រកាសនៅព្រឹកថ្ងៃ ទី២៤ ខែមីនា អាមេរិកមានអ្នកស្លាប់ដោយកូវីដ-១៩ កើនឡើងរហូតដល់ទៅ ១៣២នាក់ ក្នុងរយៈពេល ២៤ម៉ោង ធ្វើឲ្យចំនួនអ្នកស្លាប់សរុបនៅអាមេរិកកើនឡើងដល់ ៥៤៥នាក់ និងអ្នកឆ្លងកូវីដ-១៩សរុបមានដល់ទៅជាង ៤៤ពាន់នាក់ហើយ។
បើទោះបីមានការឆ្លងរាលដាល ច្រើន  ប៉ុន្តែរដ្ឋសភាអាមេរិក មិនទាន់អនុម័ត ច្បាប់ផ្តល់ជំនួយបន្ទាន់ ដែលបានស្នើឡើង ដោយ មេដឹកនាំសំឡេងភាគច្រើនក្នុងសភាលោក Mitch McConnell ។ ប្រសិនបើច្បាប់ជំនួយបន្ទាន់ត្រូវបានអនុម័តនោះ អាមេរិក នឹងបន្តចំណាយប្រាក់បន្ថែម ១ពាន់ពាន់លានដុល្លារ ជួយដល់សេដ្ឋកិច្ច ។
ក្នុងពេលការឆ្លងរាលដាល កូវីដ-១៩ កាន់តែកើនឡើងខ្ពស់ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ជនជាតិអាមរិកដើមកំណើតអាស៊ី ចាំបាច់ត្រូវតែទទួលបានការការពារជាពិសេស ក្រោយពេល មានការប្រកាន់ជាតិសាសន៍កើតឡើងនៅអាមេរិក ។ ពលរដ្ឋអាមេរិក មួយចំនួនបានចោទប្រកាន់ ពលរដ្ឋអាស៊ីជាអ្នកចម្លងកូវីដ-១៩។
លោកត្រាំបញ្ជាក់ថា«ចំណុចសំខាន់នោះគឺយើង អាចការពារបានសហគមន៍ជនជាតិអាមេរិកដើមកំណើតអាស៊ី ពួកគាត់គឺជាមនុស្សដ៏ល្អ ហើយការឆ្លងរាលដាលកូវីដ-១៩ មិនមែនជាកំហុសរបស់ពួកគាត់ឡើយ ។ ពួកគាត់បានរួមគ្នាដើម្បីកម្ចាត់វីរុសកូវីដ-១៩ យើងនឹងទទួលបានជ័យជំនៈ»។
ចំណែក កម្លាំងទាហានអាមេរិកវិញក៏មានករណីឆ្លងច្រើន ផងដែរ បង្កក្តីបារម្ភយ៉ាងខ្លាំង ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Mark Esper បានបញ្ជាក់ថា គិតដល់ថ្ងៃទី ២៤ខែមីនានេះ មានទាហានអាមេរិក ១៣៣នាក់ បានឆ្លងកូវីដ-១៩ ។ ជាមួយគ្នានេះ លោក Mark Esper បានបញ្ជាក់ថា លោកមិនទាន់បានធ្វើតេស្តនៅឡើយតែ ប៉ុន្តែលោកបានតាមដានសុខភាពជាប្រចាំ ។ លោក Mark Esperបានបញ្ជាក់ទៀតថា ការឆ្លងដល់ទាហានអាមេរិក ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ស្មារតីត្រៀមប្រយុទ្ធរបស់អាមេរិក ។
នៅពេលនេះដែរ រដ្ឋមន្ត្រីការពារជាតិ អាមេរិក  បានលើកឡើងថា  ក្រសួងការពារជាតិ នឹងសាងសង់មន្ទីពេទ្យបណ្តោះអាសន្ន នៅរដ្ឋញូវយ៉ក និង វ៉ាស៊ីនតោន នៅចុងសប្តាហ៍នេះ ដើម្បីព្យាបាលអ្នកឆ្លងកូវីដ-១៩ ខណៈមានអ្នកឆ្លងកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយគ្នានេះដែរ លោកនឹងជំរុញឲ្យត្រួតពិនិត្យ សុខាភិបាលដល់មន្ត្រី ក្នុងក្រសួងការពារជាតិ ទប់ស្កាត់ការឆ្លងរាលដាលដល់វិស័យការពារជាតិ ដែលដើរតួសំខាន់បំផុត របស់អាមេរិក ។
បច្ចុប្បន្នអាមេរិក មានករណីឆ្លងនិងស្លាប់កើនឡើងជាបន្តបន្ទាប់ ដោយមានអ្នកស្លាប់ រហូតដល់ ១៣២នាក់ ក្នុងមួយថ្ងៃ និងអ្នកឆ្លង ជិត ១ពាន់នាក់ ។ រដ្ឋាភិបាលអាមេរិក ចាត់វិធានការបន្ទាន់ទប់ស្កាត់ ចៀសវាងធ្លាក់ក្នុងស្ថានភាពដូច ប្រទេសអ៊ីតាលី ។

សារព័ត៌មាន Newsweek បានដកស្រង់ប្រភពព័ត៌មានពីយោធាដែលមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា កម្លាំងទាហានអាមេរិក បានត្រៀម គម្រោងសម្ងាត់ជាបន្ទាន់មួយ ប្រសិនបើកូវីដ-១៩ រាលដាលកាន់តែខ្លាំង ប៉ះពាល់ដល់ ការដឹកនាំប្រទេសជាតិ ហើយមន្ត្រីនៅតាមបណ្តា ទីក្រុង រដ្ឋ មិនអាចរក្សាសន្តិសុខសណ្តាប់ធ្នាប់បាននោះ ។ តាមសារព័ត៌មាន Newsweek នៅក្នុងស្ថានភាពអាក្រក់បំផុតនោះ កម្លាំងទាហានអាមេរិក នឹងដឹកនាំប្រទេសជាតិ ការពារសន្តិសុខ ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper  បានចេញបញ្ជារដល់ ទីបញ្ជាការ ប្រចាំនៅអាមេរិក ខាងជើង NORTHCOM ឲ្យត្រៀមកម្លាំងទាហាន ពាក់កណ្តាល ដើម្បីការពារអាមេរិក ។ ក្នុងចំណោមយុទ្ធសាស្ត្រ ៣ក្នុងចំណោម ៧ របស់អាមេរិក នោះ គឺជម្លៀសអ្នកនយោបាយ  មន្ត្រីជាន់ខ្ពស់ ពីទីក្រុងវ៉ាស៊ីនតោនទៅកាន់ ទីតាំងមានសុវត្ថិភាព ។ ក្នុងនោះប្រធានាធិបតី និងអនុប្រធានាធិបតី ព្រមទាំងគ្រួសារ ទទួលបានអាទិភាព ជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពមុនគេបង្អស់ ។
យុទ្ធសាស្ត្រទីពីរ គឺជម្លៀសមន្ត្រីក្រសួងការពារជាតិ  និងមន្ត្រីសន្តិសុខជាតិសំខាន់ៗ។ យុទ្ធសាស្ត្រទី ៣គឺជម្លៀសមន្ត្រី រដ្ឋសភា តុលាការកំពូល  និងបុគ្គលសំខាន់ៗ ដែលកំណត់ជោគវាសនារបស់អាមេរិក ។
តើមន្ត្រីទាំងនោះត្រូវជម្លៀសទៅកាន់ទីកន្លែងណា? តាមប្រភពព័ត៌មាន ទីតាំងដែលមានសុវត្ថិភាព  គឺជាកន្លែងសម្ងាត់ នៅ Maryland សម្រាប់ប្រមុខដឹកនាំអាមេរិក ។
នៅពេលដែលអាមេរិក ប្រកាសអាសន្ន កម្លាំងទាហាន អាមេរិក គឺជាអ្នកដឹកនាំប្រទេសជាតិ យោធាមានសិទ្ធិសម្រេច រាល់នាយោបាយ បន្ទាន់។ «កម្លាំងទទួលភារកិច្ចជាតិ» តាំងពីដើមមកមិនបានបង្ហាញជាសាធារណៈនោះឡើយ តែទទួលនៅភារកិច្ចជាពិសេស ដែលប្រធានាធិបតី និង រដ្ឋមន្ត្រីការពារជាតិ ប្រគល់ឲ្យមុនពេល ជម្លៀសចេញពីទីក្រុងវ៉ាស៊ីនតោន ។
«កម្លាំងទទួលភារកិច្ចជាតិ» គឺអាចដឹកនាំអាមេរិក ក្នុងពេលដែលអាមេរិក រងការវាយប្រហារដោយបរមាណូ ប្រទេសជាតិធ្លាក់ក្នុងគ្រោះអាសន្ន ដែលប្រធានាធិបតី រដ្ឋសភា ព្រឹទ្ធសភា មិនអាចដំណើរការបាន ។
ក្នុងពេលនេះដែរ ប្រសិនបើស្ថានភាព នៅអាមេរិក កាន់តែយ៉ាប់នោះ ប្រធានាធិបតី អនុប្រធានាធិបតី ឬមន្ត្រីជាន់ខ្ពស់ រងការវាយប្រហារដោយកូវីដ-១៩ នោះ មិនអាចដំណោះរការដឹកនាំអាមេរិកបាន «កម្លាំងទទួលភារកិច្ចជាតិ» នឹងត្រូវដំណើរការ ដឹកនាំអាមេរិក ជាបណ្តោះអាសន្ន ៕

...

ដោយ៖ ធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print