ភ្នំពេញ៖ ការបាត់ខ្លួនរបស់តារាចម្រៀង យុង ច័ន្ទសុធាវី នៅអាមេរិកនោះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលទាំងនៅក្នុងស្រុកនិងនៅសហរដ្ឋអាមេរិក។ ដំណឹងចុងក្រោយបានបញ្ជាក់ថាពេលនេះគេបានរកឃើញតារាចម្រៀងរូបនេះហើយបន្ទាប់ពីបាត់ខ្លួនអស់៦ថ្ងៃមក។
យុង ច័ន្ទសុធារីបានបាត់ខ្លួនពីផ្ទះអ្នករៀបចំកម្មវិធីនៅសហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃទី៤ខែមករាមកម្ល៉េះ។ ការបាត់ខ្លួននេះបានធ្វើឲ្យប៉ូលីសក្រុង San Diego បានស្នើឲ្យសាធារណជនជួយស្វែងរកតារាចម្រៀងពីកម្ពុជាវ័យ២៩ឆ្នាំរូបនេះ។ ទោះជាយ៉ាងណាកាលពីថ្ងៃទី១០មករាថ្ងៃនៅសហរដ្ឋអាមេរិកនោះគេបានរកឃើញតារាចម្រៀងរូបនេះវិញហើយ។
តារាចម្រៀង យុង ច័ន្ទកណ្ណិកាជា ជាប្អូនស្រីបង្កើតរបស់ យុង ច័ន្ទសុធាវីបានបញ្ជាក់ថា នាងនិងក្រុមគ្រួសារបានទទួលដំណឹងពីអ្នករៀបចំកម្មវិធីនៅអាមេរិកហើយថា បងស្រីនាងត្រូវបានគេរកឃើញហើយ។ ជុំវិញនឹងការបាត់ខ្លួននេះដែរ តារាចម្រៀងរូបនេះស្នើមិនបញ្ជាក់អំពីមូលហេតុនៅពីក្រោយការបាត់ខ្លួននេះគឺស្របតាមការសុំរបស់អ្នកផលិតកម្មវិធីនៅសហរដ្ឋអាមេរិកគឺត្រូវរងចាំការបញ្ជាក់ឲ្យច្បាស់អំពីមូលហេតុសិន។ នាងថា អ្នកផលិតកម្មវិធីនិងបងស្រីនឹងគ្រោងនឹងធ្វើវីដេអូខ្លីមួយបង្ហោះជាសាធារណៈដើម្បីបញ្ជាក់ជុំវិញការបាត់ខ្លួននេះ ដែលយ៉ាងយូនៅថ្ងៃទី១២មករានេះ។
បើយោងតាមប្រភពក្រៅផ្លូវការមួយបានទម្លាយថា ការចាកចេញពីផ្ទះរបស់ យុង ច័ន្ទសុធារីទំនងជាមានបុរសម្នាក់បានអន្ទងអូសទាញនាងឲ្យចាកចេញពីផ្ទះអ្នករៀបចំកម្មវិធីនិងសន្យាស្វែងរកសិទ្ធជ្រកកោនឲ្យនាងរស់នៅលើទឹកដីអាមេរិកដោយស្របច្បាប់។ ប៉ុន្តែក្រោយកើតមានការចលាចលក្នុងចង្កោមអ្នកសិល្បករខ្មែរនៅអាមេរិក និងកម្ពុជា និងដោយក្តីបារម្ភអំពីការប្រឈមនឹងផ្លូវច្បាប់នោះទើបតារាចម្រៀង រូបនេះស្ម័គ្រចិត្តវិលមកផ្ទះអ្នកផលិតកម្មវិធីដោយខ្លួនឯង។ ប្រភពបន្តថាយុង សុធារីអាចប្រឈមនឹងការបញ្ចប់ទិដ្ឋាការបន្តការស្នាក់នៅអាមេរិកឆាប់ៗនេះប្រសិនបើគេរកឃើញថា វាគឺជាចេតនាចាកចេញពីផ្ទះមែននោះហើយនាងអាចនឹងវិលមកកម្ពុជាវិញឆាប់ៗដែលយ៉ាងយូក្នុងអំឡុងដើមខែកុម្ភៈខាងមុខនេះ។
ទាក់ទិននឹងបញ្ហានេះ តារាចម្រៀង យុង ច័ន្ទកណ្ណិកាបញ្ជាក់ថា ការចាកចេញមកមុនបពេលកំណត់នេះគឺអ្នកផលិតកម្មវិធីនៅសហរដ្ឋអាមេរិក ឲ្យសិទ្ធិដល់គ្រួសារនាងជាអ្នកកំណត់ថា នឹងឲ្យបងស្រីនាងបន្តច្រៀងរាំលើទឹកដីសហរដ្ឋអាមេរិកឬឲ្យមកវិញមុនកាលកំណត់ព្រោះទិដ្ឋាការរបស់បងស្រីនាងមានរយៈពេល៨ខែខណៈដែលការសម្តែងទើបនឹងបានជិត៤ខែប៉ុណ្ណោះ។ ទោះជាយ៉ាងណាការកំណត់ឲ្យបងស្រីនាងត្រឡប់មកវិញមុនកាលកំណត់គឺក្រុមគ្រួសារកំពុងពិភាក្សាគ្នា ហើប្រសិនជាអាចនឹងចង់ឲ្យបងស្រីនាងបញ្ជាក់អំពីការបាត់ខ្លួននេះគ្រាដែលនាងមកដល់កម្ពុជាជាមួយបណ្តាញសារព័ត៌មានក្នុងស្រុកផងដែរ។ តារាចម្រៀងរូបនេះលើកឡើងដែរថា នាងនៅតែមានគម្រោងចេញទៅច្រៀងរាំនៅលើទឹកដីអាមេរិកដដែល ប៉ុន្តែសម្រាប់លទ្ធផលនៃការសម្ភាសន៍ស្ថានទូតយ៉ាងណាគឺនាងនឹងទទួលយកបានទាំងអស់។
គួរបញ្ជាក់ដែរថា ស្របពេលនឹងការបាត់ខ្លួនរបស់យុង ច័ន្ទ សុធារីនៅសហរដ្ឋអាមេរិកនេះដែរ ស្ថានទូតសហរដ្ឋអាមេរិកបានធ្វើការទម្លាក់ការសម្ភាសន៍របស់សិល្បករកម្ពុជាប្រមាណ៦រូបផ្សេងទៀតដែលមានគម្រោងចេញទៅសម្តែងនៅលើទឹកដីអាមេរិកនាងអំឡុងខែមិនា និងមេសាខាងមុខនេះ។ សិល្បករដែលគេដឹងថា មិនទទួលបានការអនុញ្ញាតពីស្ថានទូសហរដ្ឋអាមេរិកត្រូវបានគេដឹងថា មានលោក ទិត្យ វិច្ឆិកា និងលោកជុំលីណូជាដើម។ តារាចម្រៀងបាត់មុខមួយខ្សល់ធំ លោក ទិត្យ វិច្ឆិកា បានទម្លាក់ការធ្លាក់សម្ភាសន៍ចេញទៅច្រៀងនៅសហរដ្ឋអាមេរិកនេះថាដោយសារសិល្បករមួយចំនួនដែលចេញទៅសម្តែងកន្លងទៅមួយចំនួនបានព្យាយាមរត់គេចស្វែងរកសិទ្ធជ្រកកោននៅទីនេះដែលជាហេតុធ្វើឲ្យមន្ត្រីសហរដ្ឋអាមេរិកខ្លាចរអារនឹងការផ្តល់ឱកាសដល់សិល្បករចេញទៅច្រៀងរាំនៅទីនោះ។ ទោះជាយ៉ាងណាយុង ច័ន្ទកណ្ណិកាលើកឡើងថាការធ្លាប់របស់សិល្បករទាំងនេះគឺជាដោយសារពួកគេខ្វះឯកសារពាក់ព័ន្ធនានាប៉ុណ្ណោះមិនមែនកើតឡើងដោយសារករណីបងស្រីនាងនោះទេ ហើយពួកគេទាំងនេះក៏ធ្លាប់បានសម្ភាសន៍ធ្លាក់ម្តងរួចមកហើយដែរ។ ជាមួយគ្នានេះដែរថ្មីៗនេះតារាចម្រៀងយេរៗឆៃ លីដាឡែនក៏ទទួលបានទិដ្ឋាការចេញទៅច្រៀងរាំជាថ្មីលើទឹកដីសហរដ្ឋអាមេរិកផងដែរ៕ វឌ្ឍនា