ប្តីស្លាប់បាត់បង់ជីវិតប្រពន្ធរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូឌុបគ្នាជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកល្វាឯម

ចែករំលែក៖

កណ្តាលៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ រីឯស្ត្រីជាប្រពន្ធរងរបួសធ្ងន់សន្លប់បាត់បង់ស្មារតីជាច្រើនម៉ោងនៅកន្លែងកើតហេតុ បន្ទាប់ពីជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធជិះម៉ូតូឌុបគ្នាទៅទិញត្រីឆ្អើយកទៅលក់ហើយត្រូវបានម៉ូតូសណ្តោងរ៉ឺម៉កមិនស្គាល់អត្តសញ្ញាណបើកបុក ។
​ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩ និង៤០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចកន្លែងស្ងាត់មួយកន្លែង តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិភូមិកោះរះ ឃុំកោះរះ ស្រុកល្វាឯម ។

​មន្ត្រីន​គរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះជាប្តីឈ្មោះ ហ៊ីង ជា ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅម្តុំក្រោយផ្សាកាណាឌីយ៉ា រាជធានីភ្នំពេញ រងបួសបាក់ជើងខាងឆ្វេង និងដៃខាងឆ្វេង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។

​ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានឌុបស្ត្រីជាប្រពន្ធពីភ្នំពេញឆ្ពោះទៅទិញត្រីឆ្អើនៅក្នុងស្រុកល្វាឯម ។ បន្ទាប់ពីទិញត្រីឆ្អើបានហើយនោះ ជនរងគ្រោះបានបើកម៉ូតូឌុបស្ត្រីជាប្រពន្ធតាមបណ្តោយផ្លូវលំ ក្នុងគោលបំណងទៅដេកនៅផ្ទះម្ដាយក្មេកនៅឃុំព្រែកក្មេង ស្រុកល្វាឯម ។ លុះជិះដល់ចំណុចកើតហេតុក៍ស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉កមិនមានភ្លើងបំភ្លឺបើកច្រាស់ទិសគ្នាបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្តាលឲ្យម៉ូតូដួលបោកទៅលើផ្លូវធ្វើឲ្យជនរងគ្រោះជាប្តី និងស្ត្រីជាប្រពន្ធរងរបួសយ៉ាងធ្ងន់ធ្ងរដេកសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុអស់រយៈពេលប្រមាណជិត២ម៉ោង ទើបស្ត្រីជាប្រពន្ធដឹងខ្លួនតេទូរស័ព្ទប្រាប់ក្រុមគ្រួសារ ។

​ក្រោយមកក្រុមគ្រួសារជនរងគ្រោះ និងសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុជួយដឹកជនរងគ្រោះបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ តែជាអកុសល់ពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះជាប្តីបានស្លាប់បាត់បង់ជីវិត ខណៈដែលស្ត្រីជាប្រពន្ធរងរបួសធ្ងន់ ៕ស្អាងជ័យ 

    
  

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print