ស្វែងយលពីវិស្វករស្តីពីកម្មវិធីបរមាណូរបស់កូរ៉េខាងជើង

ចែករំលែក៖

មាន៣ក្រុមឯកទេសពីកម្មវិធីបរមាណូរបស់កូរ៉េខាងជើង​ក្នុងនោះមាន ក្រុមឯកទេសបរមាណូ ក្រុមយោធា​និង ក្រុមពិភាក្សាជាមួយប៉ាគីស្ថាន គឺជាក្រុមសំខាន់នៅក្នុងកម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាង។
តាមរបាយការណ៍របស់មជ្ឈមណ្ឌុលវិទ្យាសស្ត្រ និងបច្ចេកវិទ្យាកូរ៉េខាងត្បូងបានឲ្យដឹងថា មានមនុស្សប្រមាណ​៦ពាន់នាក់ពាក់ព័ន្ធនិងកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ហើយអ្នកទាំងនោះ​សុទ្ធតែមនុស្សឆ្នើម។ អ្នកខ្លះទទួលបានការផ្តល់ផ្ទះសម្រាប់រស់នៅក៏ដូចជាប្រាក់បៀវត្សន៍ខ្ពស់។ចំណែកអ្នកខ្លះទៀតទទួលបានមេដាយជាវីរៈបុរសរបស់ជាតិ។

លោក​Michael Dadden អ្នកឯកទេសស្តីពីទំនាក់ទំនងរបស់កូរ៉េខាងជើងបានឲ្យដឹងថា​«មិនខុសអ្វីពីគម្រោង Manhattan ដើម្បីផលិតគ្រាប់បែកបរមាណូ អ្នកចាំបាច់ត្រូវតែមានក្រុមអ្នកជំ​នាញមានសមត្ថភាពខ្ពស់ ដោយមានការគាំទ្រពីកម្លាំងយោធា»។ បុគ្គលដែលគេចាត់ទុកថាជា​គ្រឹះនៃកម្មវិធីបរមាណូរបស់កូរ៉េខាងជើង មាន​៣រូបក្នុងនោះមានលោក​ So sang Guk , Jon Pyong Ho និង O Kuk Ryol។

ក្រុមអ្នកឯកទេសបញ្ជក់ថា​ៈ ប្រធានកម្មវិធីបរមាណូរបស់កូរ៉េខាងជើងមានបណ្ឌិត So Sang Guk អ្នកវិទ្យាសាស្ត្រអាយុ​៧៧ឆ្នាំ។ លោកក៏ធ្លាប់ជាអ្នកបង្រៀនផ្នែករូបវិទ្យានៅសកលវិទ្យាល័យគីមអ៊ីលស៊ុង។ នៅឆ្នាំ​១៩៩៨ លោក​ So Sang Guk ធ្លាប់ទទួលបានមេដាយជា វីរៈបុរសកូរ៉េខាងជើង ពីមេដឹកនាំគីមជុងអ៊ីល ។

កម្មវិធីបរមាណូរបស់កូរ៉េខាងជើងផ្សារផ្ជាប់ជាមួយកម្លាំងយោធា​ទើបដំណើរការបានដោយជោគ​ជ័យ។ ស្ថានប័នសំខាន់បំផុតរបស់កូរ៉េខាងជើងគឺយោធា ដែលដើរតួនាទីសំខាន់នៅក្នុង​កម្មវិធីបរមាណូ។

ក្រោយពីនេះកូរ៉េខាងជើងក៏មានក្រុមអ្នកពិភាក្សាស្តីអំពីកម្មវីបរមាណូជាមួយប្រទេសមហាអំណាចបរមាណូដូចជាប៉ាគីស្ថាន ដើម្បីជួយឲ្យកូរ៉េខាងជើងចូលកាន់តែកៀកទៅនឹងបច្ចេកវិទ្យាបរមាណូ ជួយឲ្យកូរ៉េខាងជើងទទួលបានជោគជ័យក្នុងការផលិត។
តាមពិត​ទៅ​ប្រភព​នៃ​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ​របស់​កូរ៉េ​ខាងជើង ​ គឺ​ជា​ឆន្ទៈ​នយោបាយ​របស់​មេដឹកនាំ​ផ្តាច់ការ​កូរ៉េ ​តាំង​ពី​ជំនាន់​ឆ្នាំ ​៦០​ម្លេះ ​ពោល​គឺ​ សម័យ​សេនាប្រមុខ​គឹម អ៊ីលស៊ុង ​ជីតា​របស់​គីម ជុងអ៊ុន​នេះ​តែម្តង។ យើង​ត្រូវ​ដឹង​ថា ​កូរ៉េ​បែកចែក​ជា​ពីរ​ដល់​សព្វ​ថ្ងៃ ​គឺ​ជា​លទ្ធផល​នៃ​សង្រ្គាម​ត្រជាក់​ ដែល​ប្រឈមមុខ​គ្នា​រវាង​របប​សេរី ​ដឹកនាំ​ដោយ​អាមេរិក ​និង​របប​កុម្មុយនីស្ត​របស់​សហភាព​សូវៀត។

 ពួក​សូវៀត​បាន​បំពាក់​បំប៉ន​ កូរ៉េ​ខាង​ជើង​ច្រើន​ណាស់ ​ក្នុង​វិស័យ​នុយក្លេអ៊ែរ​ គ្រាន់តែ​ថា​កាល​ពី​ជំនាន់​មុន​ សូវៀត ​ទាមទារ​ឲ្យ​របប​ព្យុងយ៉ាង ​សន្យាថា​យក​វា​ទៅ​ប្រើប្រាស់ ​ដើម្បី​ផលិត​ថាមពល​ក្នុង​វិស័យ​ស៊ីវីល​តែប៉ុណ្ណោះ។ ប៉ុន្តែ​មហិច្ឆិតា ​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ បាន​រីក​ធំ​បន្តិច​ម្តងៗ ​បន្ទាប់​ពី​សហភាព​សូវៀត​រលំ។ កូរ៉េ​ខាង​ជើង​លែង​មាន​មេ​កើយ​ទៀត​ហើយ ​ ដូច្នេះ​ត្រូវ​រក​វិធី​ការពារ​ខ្លួន​ ទប់ទល់​ជាមួយ​អាមេរិក​ ដែល​បាន​ដាក់​ពង្រាយ​កម្លាំង ​និង​អាវុធ​នៅ​កូរ៉េ​ខាងត្បូង។ តាំងពី​នោះ​មក​ហើយ ​ ទើប​កូរ៉េ​ខាងជើង​ ចាប់ផ្តើម​ធ្វើការ​ចម្រាញ់​ធាតុ​អ៊ុយរ៉ានីញ៉ូម ​ព្រោះថា​រ៉ែ​អ៊ុយរ៉ានីញូម​នេះ ​ មាន​នៅ​កូរ៉េ​ខាងជើង។

ចំណេះ​ដឹង​ និង​បទ​ពិសោធន៍​ផ្នែក​នុយក្លេអ៊ែរ​ ដែល​សល់​ពី​ជំនាន់​សូវៀត ​មិន​គ្រប់គ្រាន់​ទេ ​ ទាល់តែ​នៅ​ដើម​ទសវត្ស​ឆ្នាំ​២០០០​ មាន​អ្នក​វិទ្យាសាស្ត្រ​ប៉ាគីស្ថាន​ដ៏​ល្បី​ម្នាក់​ ឈ្មោះ ​អាប់ឌុល កាឌែរ ខាន់ ​បាន​លក់​ចំណេះ ​ហើយ​ព្រម​សហការ​ជា​មួយ​កូរ៉េ​ខាងជើង។ អ្នក​វិទ្យាសាស្ត្រ​នេះ ​ បាន​លួច​បន្លំ​នាំចូល​សម្ភារៈ​សំខាន់ៗ​ ដើម្បី​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ ហើយ​ថែម​ទាំង​បាន​សារភាព​ទៀត​កាល​ពី​ឆ្នាំ​២០០៤។

 ប៉ុន្តែ​យ៉ាង​ណាក៏ដោយ ​យើង​មិន​អាច​សន្និដ្ឋាន​ថា​ វិស័យ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ មាន​ការ​រីក​ចម្រើន​ដល់​កម្រិត​ណា​នោះ​ទេ ​ ព្រោះ​មិន​ដែល​មាន​ការ​ត្រួត​ពិនិត្យ​ ពី​ភ្នាក់ងារ​អន្តរជាតិ ​ ឲ្យ​បាន​ត្រឹមត្រូវ​ទេ។ កូរ៉េ​ខាងជើង ​បាន​បដិសេធ​មិន​ឲ្យ​ភ្នាក់ងារ​ AIEA ​ចូល​ទៅ​ពិនិត្យ​ទេ ​ហើយ​បាន​ដកខ្លួន​ចេញ​ពី​សន្ធិសញ្ញា​មិន​រីក​សាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​ ទៀត។ ការ​បាញ់​សាក​គ្រាប់​នុយក្លេអ៊ែរ​កាលពី​ថ្ងៃ​៦ ​មករា ​យើង​ដឹង​ថា​បាន​ជោគជ័យ ​តែ​យើង​មិន​ច្បាស់​ថា​ជា​គ្រាប់​ប្រភេទ​អ៊ីដ្រូហ្សែន ​ដូច​ដែល​កូរ៉េ​ខាង​ជើង​ ប្រកាស​មែន​រឺ​ក៏​អត់ទេ។ ហើយ​បច្ចេកវិទ្យា​បាញ់​គ្រាប់​មីស៊ីល ​ចេញ​ពី​នាវា​មុជទឹក​បាត​សមុទ្រ ​យើង​ដឹង​ថា​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​ទៅ ​ព្យុងយ៉ាង​បាន​បាញ់​សាក ​តែ​មិន​បាន​ជោគជ័យ​ទេ ​ព្រោះគេ​ឃើញ​បំណែក​គ្រាប់​អណ្តែត​ក្នុង​សមុទ្រ។

គោលដៅរបស់កូរ៉េខាងជើងក្នុងការផលិតបរមាណូគឺដើម្បីការពារជាតិ ហើយនៅពេលដែលបច្ចេកវិទ្យាលបរ​មាណូរបស់កូរ៉េខាងឈានដល់គម្រិតកំពូលក្លាយទៅជា មហាអំណាចបរមាណូនោះ ទើប​មេដឹកនាំកូរ៉េខាងជើងផ្អាក​ ដើម្បីអភិវឌ្ឃន៍សេដ្ឋកិច្ចវិញម្តង។

តាមការត្រួតពិនិត្យនៅពេលនេះកម្មវិធីបរមាណូរបស់កូរ៉េខាងជើងបានឈានដល់គម្រិតកំពូលទៅហើយ ដោយកូរ៉េខាងជើងខិតខំពង្រួញតូចដើម្បីបំពាក់លើក្បាលគ្រាប់កាំជ្រួចមីស៊ីល។ ចំណែកមីស៊ីល​វិញ កូរ៉េខាងជើងបានសម្រេចគោលដៅដោយពេលនេះមីស៊ីលបានបាញ់ចេញពីនាវាមុជទឹកដោយជោគ​ជ័យ។ អ្វីពិសេសនោះគឺមីស៊ីលនោះផលិតឡើងសម្រាប់បំពាក់ក្បាលគ្រាប់បរមាណូ៕ 

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print