ថ្មីៗនេះ មហាសន្និបាតសាមញ្ញរបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដែលបានបើកសម័យប្រជុំពេញអង្គលើកទី៣៩របស់ខ្លួនចំនួនពីរថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០១៦ ដើម្បីបូកសរុបការងារ និងសមិទ្ធផល ដែលរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជាសម្រេចបាន និងដាក់វិធានការសំរាប់ថ្ងៃអនាគត ដែលព្រឹត្ដិការណ៍នេះបានធ្វើឲ្យលោកប្រធាន កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិ នៅមិនសុខបក់មិនល្ហើយ បាននិយាយកម្លាស្មារតីខ្លួនឯង ក៏ដូចជាដើម្បីពង្រឹងស្មារតីគណៈដឹកនំា និងសកម្មជនរបស់ខ្លួនថា «អ្វីៗដែលគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល បាននិងកំពុងធ្វើក្នុងការដឹកនំាប្រទេស គឺសុទ្ធតែជាគម្រោងក្នុងគោលនយោបាយរបស់គណបក្សសង្រ្គោះជាតិទំាងអស់»…។ ចំពោះអ្នកដែលស្តាប់ឮ គេលាន់មាត់ថាគួរឲ្យអស់សំណើចពេកណាស់!
សំដីដែលលោកប្រធានគណបក្សសង្រ្គោះជាតិ បានលើកទ្បើងនេះ ធ្វើឲ្យមតិសាធារណៈនៅក្នុងប្រទេស រួមទំាងអ្នកវិភាគនយោបាយ គេនំាគ្នាសើច តែសើចមិនចេញ នូវសំដីគ្មានទឹកដម សោះកក្រោះ ដដែលៗនោះ គឺអាចប្រៀបប្រដូចទៅនឹងពាក្យចាស់ពោលថា «អ្នកធ្វើខំតែធ្វើ រីឯអ្នកមិនធ្វើខំតែព្រូស»។
ជាការពិតណាស់ អស់រយៈពេលប្រមាណ២ទសវត្សរ៍កន្លងមក អ្នកដឹកនំាបក្សប្រឆំាងមួយក្រុមនេះ បានលើកគម្រោងកម្មវិធីនយោបាយរបស់ខ្លួនជាហូរហែ ជាលាយលក្ខ័អក្សរ និងតាមរយៈវោហាសាស្រ្ដ ដែលពួកគេខិតខំពន្យល់សកម្មជន និងពួកអ្នកគំាទ្រឮសូរយ៉ាងស្រគៀរត្រចៀក។ ពួកសកម្មជនរបស់ក្រុមប្រឆំាង ពុំសូវមានពេលវេលារកស៊ី ចិញ្ជឹមគ្រួសារ ដោយសារពួកគេបានចំណាយពេលវេលាច្រើនពេក ដើរហោះហើរដូចរៃ ដោយក្ដីសង្ឃឹមថា នឹងបានទទួលផលប្រយោជន៍យ៉ាងគាប់ចិត្ដពីពួកមេដឹកនំារបស់ខ្លួន។ តែផ្ទុយទៅវិញ គឺពួកមេដឹកនំារបស់ខ្លួនទៅវិញទេ ដែលបានទទួលផលប្រយោជន៍យ៉ាងក្រាស់ក្រែល ក្នុងនោះគឺក្រៅពីទទួលជំនួយមកពីអ្នកគាំទ្រនៅបរទេស ម្នាក់ៗមានវិឡាធំស្កឹមស្កៃ ទ្បានទំនើបៗ ហោះហើរទៅបរទេសតាមចិត្ដ។ នេះហើយគេហៅថា «រស់នៅលើគំនរទុក្ខរបស់សមាជិកអ្នកគំាទ្រយ៉ាងងងើល»។
ដោយរឿងទំាងនេះគួរឲ្យខ្មាស់អៀនពេក យើងសូមមិនធ្វើអធិប្បាយវែងតទៅទៀតទេ យើងសូមឆ្លៀតឱកាសនេះ លើកបង្ហាញពីការសន្សារបស់ សម្តេច ហ៊ុន សែន ពីកម្មវិធីដឹកនំាប្រទេស ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកំពស់ជីវភាព សុខមាលភាពរបស់ប្រជាជន សេដ្ឋកិច្ច និងសន្ដិសុខ របស់ប្រទេសជាតិ វិញ។
គោលនយោបាយខ្លីៗមួយចំនួន ដែលយើងបានលើកខាងលើ គឺបានរំលេចចេញនូវកម្មវិធីជាក់ស្ដែង ដែលបានអនុវត្ដបែបជំហានគីង្គក់ ក្នុងខណៈដែលប្រទេសកម្ពុជាទើបតែនឹងចេញរួចផុតពីរបបប្រល័យពូជសាសន៍ គឺពីបាតដៃទទេ រស់នៅតែលតោលលើពិភពលោក ឆ្លងកាត់ការតស៊ូ រហូតដល់មានការចរចា ដើម្បីបញ្ចប់សង្រ្គាមផ្ទៃក្នុងប្រទេសទំាងស្រុង នាឆ្នាំ១៩៩៨ គឺពិតជាស្ថិតនៅក្នុងស្ថានភាព ដៃម្ខាងទប់ទល់នឹងសភាពការណ៍នយោបាយពីខាងក្រៅ និងសង្រ្គាមជាបន្ដបន្ទាប់ជាមួយខ្មែរក្រហមក្រៅច្បាប់ រីឯដៃម្ខាងទៀតខិតខំកសាងប្រទេសជាតិ ។
ជាលទ្ធផលជាក់ស្ដែង នរណាក៏ឃើញយ៉ាងប្រត្យក្សដែរថាប្រទេសកម្ពុជាបច្ចុប្បន្ន មានផ្លូវថ្នល់ខ្វាត់ខ្វែងធំតូច ពីទីក្រុងដល់ជនបទ មានភ្លើងអគ្គិសនីទូទំាងប្រទេស មានស្ពានធំតូចឆ្លងកាត់ស្ទឹង បឹងបួរ និងទន្លេ គ្រប់ច្រកល្ហក ដែលឆ្លុះបញ្ចំាងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ ដែលជាដើមចម «កាតាលីស» ដោយពុំអាចប្រកែកបាន ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាកត្ដាញ៉ាំងដល់ការរីកចម្រើន ដល់ការលើកកំពស់ជីវភាពរបស់ប្រជាជនទូទាំងប្រទេស និងកម្ពុជាមានសន្តិភាព និងសុវត្តិភាព។
សមិទ្ធផលមួយទៀត នៃការសន្សារបស់សម្តេច ហ៊ុន សែន គឺការតម្លើងប្រាក់បៀវត្សលោកគ្រូ អ្នកគ្រូ មន្រ្ដីរាជការ កងកម្លំាងប្រដាប់អាវុធ នគរបាល យោធា កម្មករ ក៏ឃើញថា បានសម្រេចជាបណ្ដើរៗ ថ្វីត្បិតតែពុំបានពេញចិត្ដទៅតាមការទាមទារក៏ដោយ។ ទន្ទឹមនឹងនេះ គេបានឃើញដំណោះស្រាយជួយសម្រួលដល់ជីវភាពកម្មករដែលរស់នៅទីក្រុងភ្នំពេញរាប់សែននាក់ ដោយអង្គភាពអគ្គិសនីកម្ពុជា បានភ្ជាប់នូវបណ្ដាញខ្វាត់ខ្វែង តខ្សែអគ្គិសនីបានរាប់ម៉ឺនបន្ទប់ និងយកតម្លៃអគ្គិសនីយ៉ាងថោកបំផុត។
ថ្មីៗនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានចរចាគ្នាយ៉ាងហ្មត់ចត់ ជាមួយសមភាគីថៃ ដើម្បីធានារាប់រងដល់ពលករខ្មែរ ប្រមាណ១លាននាក់ ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ ដែលរកប្រាក់ចំណូលបានរាប់រយលានដុល្លារ ផ្ញើមកក្រុមគ្រួសាររបស់ពួកគេ ដែលនេះគឺបានញំាងដល់ការបង្កើនជីវភាពក្នុងគ្រួសារ ភូមិស្ថាន និងសហគមន៍របស់ពួកគេ។ល។
ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានលើកកំពស់នយោបាយ រក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោកគឺដើមចមនៃការគ្រោះថ្នាក់ ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ ក្នុងមួយឆ្នាំៗ របួសធ្ងន់ស្រាលរាប់ម៉ឺននាក់ គឺជាវិធានការឈានដល់ប្រសិទ្ធភាពខ្ពស់ តាមរយៈការដាក់ចេញនូវច្បាប់ថ្មីៗពាក់ព័ន្ធទៅនឹងការបើកបរយានយន្ដគ្រប់ប្រភេទ។ ចំណាត់ការរនេះ បានធ្វើឲ្យប្រជាពលរដ្ឋទូទំាងប្រទេស មានសេចក្តីសង្ឃឹមថា ប្រសិនបើគេទាំងអស់គ្នាអនុវត្ដច្បាប់បានភ្ជាប់ខ្ជួននោះ គឺនឹងអាចកាត់បន្ថយគ្រោះថ្នាក់បានជាអតិប្បរមា ពុំខាន។
មានការប្ដេជ្ញាចិត្ដផ្សេងៗទៀតច្រើនណាស់ ដែលលេចចេញជាផ្លៃផ្កា តែយើងពុំអាចរៀបរាប់ឲ្យបានហូរហែ។ ប៉ុន្ដែអ្វីដែលយើងចង់បង្ហាញនោះ គឺថា មានតែគណបក្សសង្រ្គោះជាតិប៉ុណ្ណោះ ដែលជាគណបក្ស «ប្រឆំាងបញ្ច្រាស់ខ្យល់» ទៅនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលថា «សន្សាគឺធ្វើ»។ រីឯការសន្សាតាមរលកធាតុអាកាស មានការដាក់ចេញនូវកម្មវិធីនយាបាយ តាមរយ:វោហាសាស្រ្ដ របស់បក្សប្រឆំាង គឺជាកម្មវិធីនយាបាយខ្យល់។
ជាសរុបទន្ទឹមនឹងសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាល តាមរយៈការសន្សា តាមរយៈការលើកជាគោលនយោបាយជាក់ស្ដែង ដោយមានយុទ្ធសាស្រ្ដដឹកនំាប្រទេសចេញជាផ្លៃផ្កាជាក់ស្ដែង។ ផ្ទុយទៅវិញ បក្សប្រឆំាងគ្មានអ្វីសំអាង ពួកនេះខិតខំណាស់ យករឿងនេះបន្ដិច រឿងនោះបន្ដិច មកកកូរកកាយយ៉ាងវក់វី ប្រឆំាងនឹងសកម្មភាពរបស់រដ្ឋាភិបាលយ៉ាងងងើល ដោយមិនចេះអៀនខ្មាស់។
ក្នុងន័យនេះ យើងសូមសួរលោកប្រធាន កឹម សុខា មេបក្សប្រឆំាង និងបក្ខពួករបស់ខ្លួនថា តើពួកខ្លួនកំពុងដើរតត្រុត់ៗ ពីក្រោយយុទ្ធសាស្រ្តនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឬមួយក៏គណបក្សប្រជាជនកម្ពុជា ដើរតាមក្រោយកម្មវិធីនយោបាយរបស់គណបក្សប្រឆាំង? សូមពិចារណាដោយខ្លួនឯងចុះ!